តើ​CSR ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​?​​​​​​​

អត្ថបទពាណិជ្ជកម្ម
តើ​CSR ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​?​​​​​​​
14, May 2018 , 8:47 am         4995
រូបភាព
​បើទោះបីជា​និយមន័យ​នៃ​ពាក្យ​ទំនួល​ខុស​សង្គម​របស់​ក្រុមហ៊ុន ឬ (CSR) មិនទាន់​ត្រូវបាន​យល់ដឹង​ទូលំទូលាយ​ក៏ដោយ ក៏ប៉ុន្តែ​ពាក្យ CSR នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ យ៉ាងណាមិញ អត្ថប្រយោជន៍​របស់ CSR មិនសូវ​ឃើញ​មាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះទេ​។ តើ CSR ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ ហើយ​នរណា​ខ្លះ បាន​អាស្រ័យ​ផល​ពី​CSR​នេះ​? 

​សូម​ទស្សនា​បទ​យកការណ៍​ដូចតទៅ​៖
 
​តាមពិតទៅ CSR មិនមែន​បង្កើត​មក ដើម្បី​តែ​ផ្តល់​ផលប្រយោជន៍​ដល់​តែ​ម្ចាស់​ភាគហ៊ុន​ប៉ុណ្ណោះ​ទេ​។ ការយកចិត្តទុកដាក់​ពី​ការរៀបចំ​គម្រោង​គោលនយោបាយ និង​កម្មវិធី​CSR អាចជួយ​ក្រុមហ៊ុន​បង្កើត​ប្រភពធនធាន និង​ប្រាក់ចំណេញ​។ អត្ថប្រយោជន៍​ដែល​បាន​ផល​មកពី​យុទ្ធសាស្ត្រ​CSR រួមមាន​៖ ការ​សន្សំសំចៃ​ដោយផ្ទាល់ និង​ប្រយោល ពង្រឹង​ចំណងទាក់ទង បង្កើត និង​បង្កើន​ធនធានមនុស្ស ក៏ដូចជា​កសាង​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ផងដែរ​។ នេះ​បើ​យោងតាម​ឯកសារ ស្តីពី​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា ដែល​បោះពុម្ព​ក្នុង​ឆ្នាំ​២០១៦ ដោយ​អង្គការ​DPA​។​
 
​ក្រុមហ៊ុន​គំរូ​មួយ​ក្នុងចំណោម ក្រុមហ៊ុន​ជាង​១០ នៅក្នុង​ឯកសារ​ស្រាវជ្រាវ​ដដែល​នោះ គឺ​ក្រុមហ៊ុននាំចេញ​ស្រូវ​អង្ករ​អេ​ម​រុ​រ៉ា​យស៍ បានបង្ហាញ​ពី​សមិទ្ធផល​វិជ្ជមាន​របស់ខ្លួន ក្រោយ​ការអនុវត្ត​CSR​។ 
 
​អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ លោក សុង សារ៉ន បញ្ជាក់ថា ទាំង​គុណភាព និង​បរិមាណ​ផលិតផល​ស្រូវ​មាន​ភាពល្អប្រសើរ ហើយ​ពិសេស​ជាងនេះទៀត គឺ​ក្រុមហ៊ុន​លោក ទទួល​បានការ​សាទរ​ពី​សំណាក់​អតិថិជន ដៃគូ​សហការ ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​។ 
 
​លោក សារ៉ន អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រុមហ៊ុន​របស់​យើង ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​ទីផ្សារ​អន្តរជាតិ ។ យើង​ទទួលបាន​ការវិនិយោគ​ច្រើន​ពី​ក្រុមហ៊ុន ដែលមាន​គំនិត​ប្រហាក់ប្រហែល​យើង​។ ហើយ​យើង​មានការ​គាំទ្រ​ថវិកា ទាំង​បច្ចេកទេស ពី​ស្ថាប័ន​ដៃគូ​អភិវឌ្ឍ ដែល​គាត់​ចង់​បង្កើត​ការងារ​ឱ្យ​សហគមន៍ ដែល​គាត់​ចង់ឱ្យ​សហគមន៍​មាន​ចីរភាព​»​។​
 
​ក្រៅពី​កិត្យានុភាព​ល្អ និង​វឌ្ឍនភាព​យូរអង្វែង​របស់​ក្រុមហ៊ុន ការអនុវត្ត​CSR ដ៏​ពិតប្រាកដ​បានផ្តល់​ការងារ​សមរម្យ បង្កើន​ចំណូល​ដល់ក​ម្មករ​និ​យោ​ជិ​ក បង្កើន​ចំណេះដឹង តាម​ការផ្តល់​ឱកាស​ប​ណ្តុះ បណ្តាល បូករួម​ទាំង​ការ​គាំពា​សុខភាព និង​សុវត្ថិភាព អំឡុងពេល​ប្រតិបត្តិ​ការងារ​ផងដែរ​។ នេះ​បើតាម​ការរៀបរាប់ ពី​អគ្គនាយិកា​ក្រុមហ៊ុន​លី​លី ផលិត​នំ​ស្រួយ លោកស្រី កែវ មុំ​។​
 
​លោកស្រី កែវ មុំ​ពន្យល់​ពីបទ​ពិសោធន៍​ការអនុវត្ត​CSR នៅក្នុង​ស្ថាប័ន​លោកស្រី​យ៉ាង​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន​ក្រុមហ៊ុន​លី​លី គឺ​យើង​តែងតែ​គិត​ច្រើន​ទៅលើ​រឿង​CSR​ហ្នឹង ទាំង​ថវិកា ដូច​ថា​យើង​មាន​ចូលរួម​ចំណាយ​ថវិកា​ចូលរួម​អនុវត្ត​គម្រោង​ផ្សេងៗ ឬក៏​យើង​ជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​កម្មករ​។ យើង​ចែករំលែក​នូវ​បទពិសោធន៍​របស់​យើង ទៅដល់​ឧស្សាហករ​ផ្សេងទៀត​។ ហើយ​ហ្នឹង​គឺថា​យើង (​ផ្តល់​ការ​សម្រាកសម្រាល​មាតុភាព​ដល់​) បុគ្គលិក​ស្ត្រី ដែលមាន​ផ្ទៃពោះ​សម្រាលកូន​អ៊ីចឹង ទុកឱ្យ​គាត់​៣​ខែ​សម្រាប់​សម្រាក​។ អ៊ីចឹង​ហើយ​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន ដែល​យើង​ផ្តល់ឱ្យ​បុគ្គលិក​កម្មករ​របស់​យើង ។ ចា៎​! ម្យ៉ាងទៀត ក៏​យើង​ឱកាស​ឱ្យ​សិស្ស​ដែល​បញ្ចប់​ការសិក្សា គាត់​មក​យក​ចំណេះដឹង រៀន ដែលថា​ធ្វើ​កម្មសិក្សា ដើម្បី​យក​បទពិសោធន៍​ពី​ក្រុមហ៊ុន ក៏​យើង​អនុញ្ញាតឱ្យ​ជាច្រើន​រយ​នាក់​ហើយ​»​។​
 
​ស្ថាបនិក​នៃ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ (KOC) លោក អៀង សុធា​រ៉ា ចែករំលែក​បទពិសោធ​ន៍​ថា ស្ថាប័ន​លោក​ដែល​អាច​និយាយថា​បានគិត​អំពី​ពាក្យ​CSR នោះ​គឺ​ថ្នាក់ដឹកនាំ​ស្ថាប័ន​បាន​គិតពី​៣​ចំណុច​ធំៗ ក្នុងនោះ​រួម​កត្តា​មនុស្ស ភពផែនដី ឬ​បរិស្ថាន និង​កត្តា​និរន្តរភាព​របស់​អាជីវក​ម្ម​។ អ្នកជំនួញ​ចាស់វស្សា​រូបនេះ​បញ្ជាក់ថា ការគោរព​តាម​គោលការណ៍​CSR​នេះ គឺ​មិនមែនជា​រឿង​អ្វីដែល​ថ្មី​នោះទេ ដោយ​អ្វី​ដែលមាន​ក្នុង​ទ្រឹស្តី​CSR គឺ​លោក​ធ្លាប់​ឃើញមានចែង​នៅក្នុង​ព្រះពុទ្ធសាសនា ដែល​លោក​បាន​រៀន​កន្លងមកហើយ​។ 
 
​លោក​បន្តថា ការប្រតិបត្តិ​តាម​ពុទ្ធឱវាទ​ដែលមាន​ដូចនឹង​ទ្រឹស្តី​CSR នេះ​បានផ្តល់​ការរីកចម្រើន​ដល់​ស្ថាប័ន​នៅក្នុង​រយៈពេល​យូរ​។ 
 
​លោក សុធា​រ៉ា​អះអាង​៖ «​ក្រុមហ៊ុន​មាន​លក្ខណៈ​CSR ឬ​ការរកស៊ី​តាមបែប​ព្រះពុទ្ធសាសនា​សម្រាប់​រយៈពេល​ខ្លី គឺ​យើង​មើល​អត់​ឃើញ​ទេ​។ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង យើង​នឹង​ឃើញថា ក្រុមហ៊ុន​ដែល​អនុវត្ត​តាមបែប​ព្រះពុទ្ធសាសនា ឬក៏​CSR​នេះ​នឹងមាន​អនាគត​រុងរឿង​ជាង​ក្រុមហ៊ុន​មិន​អនុវត្តតាម​ព្រះពុទ្ធសាសនា ឬ​CSR​ហ្នឹង​»​។​
 
​នៅក្នុង​របាយការណ៍​ឯកសារ​ស្តីពី​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា ដែល​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ បានឱ្យដឹងថា​ក្រុមហ៊ុន​គំរូ​ជាង​១០ ដែល​បាន​ចងក្រង​ក្នុងការ​អនុវត្ត​CSR ពិតជា​ទទួល​បានការ​រីកចម្រើន​យ៉ាងខ្លាំង​។ សមិទ្ធផល​ទាំងនោះ​រួមមាន​ការបង្កើត​ផលិតផល​ថ្មី ភាព​រីកចម្រើន​លើ​មុខ​ជំនួញ ពង្រីក​ទីផ្សារ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ កសាង​សក្ដានុពល​ធនធានមនុស្ស និង​ការទទួលស្គាល់​ពី​អន្តរជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com