បើទោះបីជានិយមន័យនៃពាក្យទំនួលខុសសង្គមរបស់ក្រុមហ៊ុន ឬ (CSR) មិនទាន់ត្រូវបានយល់ដឹងទូលំទូលាយក៏ដោយ ក៏ប៉ុន្តែពាក្យ CSR នេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។ យ៉ាងណាមិញ អត្ថប្រយោជន៍របស់ CSR មិនសូវឃើញមានផ្សព្វផ្សាយជាសាធារណៈនោះទេ។ តើ CSR ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ហើយនរណាខ្លះ បានអាស្រ័យផលពីCSRនេះ?
សូមទស្សនាបទយកការណ៍ដូចតទៅ៖
តាមពិតទៅ CSR មិនមែនបង្កើតមក ដើម្បីតែផ្តល់ផលប្រយោជន៍ដល់តែម្ចាស់ភាគហ៊ុនប៉ុណ្ណោះទេ។ ការយកចិត្តទុកដាក់ពីការរៀបចំគម្រោងគោលនយោបាយ និងកម្មវិធីCSR អាចជួយក្រុមហ៊ុនបង្កើតប្រភពធនធាន និងប្រាក់ចំណេញ។ អត្ថប្រយោជន៍ដែលបានផលមកពីយុទ្ធសាស្ត្រCSR រួមមាន៖ ការសន្សំសំចៃដោយផ្ទាល់ និងប្រយោល ពង្រឹងចំណងទាក់ទង បង្កើត និងបង្កើនធនធានមនុស្ស ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនផងដែរ។ នេះបើយោងតាមឯកសារ ស្តីពីទំនួលខុសត្រូវសង្គមនៅកម្ពុជា ដែលបោះពុម្ពក្នុងឆ្នាំ២០១៦ ដោយអង្គការDPA។
ក្រុមហ៊ុនគំរូមួយក្នុងចំណោម ក្រុមហ៊ុនជាង១០ នៅក្នុងឯកសារស្រាវជ្រាវដដែលនោះ គឺក្រុមហ៊ុននាំចេញស្រូវអង្ករអេមរុរ៉ាយស៍ បានបង្ហាញពីសមិទ្ធផលវិជ្ជមានរបស់ខ្លួន ក្រោយការអនុវត្តCSR។
អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោក សុង សារ៉ន បញ្ជាក់ថា ទាំងគុណភាព និងបរិមាណផលិតផលស្រូវមានភាពល្អប្រសើរ ហើយពិសេសជាងនេះទៀត គឺក្រុមហ៊ុនលោក ទទួលបានការសាទរពីសំណាក់អតិថិជន ដៃគូសហការ ទាំងរដ្ឋាភិបាល និងសង្គមស៊ីវិល។
លោក សារ៉ន អះអាងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនរបស់យើង ទទួលបាននូវការគាំទ្រច្រើនពីទីផ្សារអន្តរជាតិ ។ យើងទទួលបានការវិនិយោគច្រើនពីក្រុមហ៊ុន ដែលមានគំនិតប្រហាក់ប្រហែលយើង។ ហើយយើងមានការគាំទ្រថវិកា ទាំងបច្ចេកទេស ពីស្ថាប័នដៃគូអភិវឌ្ឍ ដែលគាត់ចង់បង្កើតការងារឱ្យសហគមន៍ ដែលគាត់ចង់ឱ្យសហគមន៍មានចីរភាព»។
ក្រៅពីកិត្យានុភាពល្អ និងវឌ្ឍនភាពយូរអង្វែងរបស់ក្រុមហ៊ុន ការអនុវត្តCSR ដ៏ពិតប្រាកដបានផ្តល់ការងារសមរម្យ បង្កើនចំណូលដល់កម្មករនិយោជិក បង្កើនចំណេះដឹង តាមការផ្តល់ឱកាសបណ្តុះ បណ្តាល បូករួមទាំងការគាំពាសុខភាព និងសុវត្ថិភាព អំឡុងពេលប្រតិបត្តិការងារផងដែរ។ នេះបើតាមការរៀបរាប់ ពីអគ្គនាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ លោកស្រី កែវ មុំ។
លោកស្រី កែវ មុំពន្យល់ពីបទពិសោធន៍ការអនុវត្តCSR នៅក្នុងស្ថាប័នលោកស្រីយ៉ាងដូច្នេះថា៖ «បច្ចុប្បន្នក្រុមហ៊ុនលីលី គឺយើងតែងតែគិតច្រើនទៅលើរឿងCSRហ្នឹង ទាំងថវិកា ដូចថាយើងមានចូលរួមចំណាយថវិកាចូលរួមអនុវត្តគម្រោងផ្សេងៗ ឬក៏យើងជួយបណ្តុះបណ្តាលដល់បុគ្គលិកកម្មករ។ យើងចែករំលែកនូវបទពិសោធន៍របស់យើង ទៅដល់ឧស្សាហករផ្សេងទៀត។ ហើយហ្នឹងគឺថាយើង (ផ្តល់ការសម្រាកសម្រាលមាតុភាពដល់) បុគ្គលិកស្ត្រី ដែលមានផ្ទៃពោះសម្រាលកូនអ៊ីចឹង ទុកឱ្យគាត់៣ខែសម្រាប់សម្រាក។ អ៊ីចឹងហើយមានអត្ថប្រយោជន៍យ៉ាងច្រើន ដែលយើងផ្តល់ឱ្យបុគ្គលិកកម្មកររបស់យើង ។ ចា៎! ម្យ៉ាងទៀត ក៏យើងឱកាសឱ្យសិស្សដែលបញ្ចប់ការសិក្សា គាត់មកយកចំណេះដឹង រៀន ដែលថាធ្វើកម្មសិក្សា ដើម្បីយកបទពិសោធន៍ពីក្រុមហ៊ុន ក៏យើងអនុញ្ញាតឱ្យជាច្រើនរយនាក់ហើយ»។
ស្ថាបនិកនៃក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ (KOC) លោក អៀង សុធារ៉ា ចែករំលែកបទពិសោធន៍ថា ស្ថាប័នលោកដែលអាចនិយាយថាបានគិតអំពីពាក្យCSR នោះគឺថ្នាក់ដឹកនាំស្ថាប័នបានគិតពី៣ចំណុចធំៗ ក្នុងនោះរួមកត្តាមនុស្ស ភពផែនដី ឬបរិស្ថាន និងកត្តានិរន្តរភាពរបស់អាជីវកម្ម។ អ្នកជំនួញចាស់វស្សារូបនេះបញ្ជាក់ថា ការគោរពតាមគោលការណ៍CSRនេះ គឺមិនមែនជារឿងអ្វីដែលថ្មីនោះទេ ដោយអ្វីដែលមានក្នុងទ្រឹស្តីCSR គឺលោកធ្លាប់ឃើញមានចែងនៅក្នុងព្រះពុទ្ធសាសនា ដែលលោកបានរៀនកន្លងមកហើយ។
លោកបន្តថា ការប្រតិបត្តិតាមពុទ្ធឱវាទដែលមានដូចនឹងទ្រឹស្តីCSR នេះបានផ្តល់ការរីកចម្រើនដល់ស្ថាប័ននៅក្នុងរយៈពេលយូរ។
លោក សុធារ៉ាអះអាង៖ «ក្រុមហ៊ុនមានលក្ខណៈCSR ឬការរកស៊ីតាមបែបព្រះពុទ្ធសាសនាសម្រាប់រយៈពេលខ្លី គឺយើងមើលអត់ឃើញទេ។ ប៉ុន្តែសម្រាប់រយៈពេលវែង យើងនឹងឃើញថា ក្រុមហ៊ុនដែលអនុវត្តតាមបែបព្រះពុទ្ធសាសនា ឬក៏CSRនេះនឹងមានអនាគតរុងរឿងជាងក្រុមហ៊ុនមិនអនុវត្តតាមព្រះពុទ្ធសាសនា ឬCSRហ្នឹង»។
នៅក្នុងរបាយការណ៍ឯកសារស្តីពីទំនួលខុសត្រូវសង្គមនៅកម្ពុជា ដែលបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៦កន្លងទៅ បានឱ្យដឹងថាក្រុមហ៊ុនគំរូជាង១០ ដែលបានចងក្រងក្នុងការអនុវត្តCSR ពិតជាទទួលបានការរីកចម្រើនយ៉ាងខ្លាំង។ សមិទ្ធផលទាំងនោះរួមមានការបង្កើតផលិតផលថ្មី ភាពរីកចម្រើនលើមុខជំនួញ ពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ កសាងសក្ដានុពលធនធានមនុស្ស និងការទទួលស្គាល់ពីអន្តរជាតិ៕