ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP ចូលរួម​បោះឆ្នោត ដោយ​គ្មាន​លោក ខឹម វាសនា
14, May 2018 , 11:49 am        
រូបភាព
លោក ខឹម វាសនា និងអ្នកគាំទ្រ ជួបគ្នានៅមុខអង្គវត្ត ដើម្បីចូលរួមឃោសនា កាលពីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក។ រូបពីទំព័រហ្វេសបុក LDP Photo
លោក ខឹម វាសនា និងអ្នកគាំទ្រ ជួបគ្នានៅមុខអង្គវត្ត ដើម្បីចូលរួមឃោសនា កាលពីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក។ រូបពីទំព័រហ្វេសបុក LDP Photo
ដោយ: ថ្មីៗ
​ដូច​សម្តី​ដែល​បានប្រកាស​កន្លងមក លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ពិតជា​សម្រេចចិត្ត​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មែន សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​។ ប៉ុន្តែ​គណបក្ស​របស់លោក ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់ បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាធម្មតា​។



​លោក ខឹម វាសនា លើកឡើង​កន្លងមក​ថា ការដកខ្លួន​ពី​ការបោះឆ្នោត គឺ​ដើម្បី​ឲ្យ​លោក មានឱកាស​ចេញទៅ​ផ្សព្វផ្សាយ​ទស្សនៈ​នៅក្រៅ​ប្រទេស​។ លោក ចិន ថុ​ន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រាប់ថា លោក មិនដឹង​មូលហេតុ​ផ្សេង​នោះទេ ចំពោះ​កា​រស​ម្រេ​ចិត្ត​របស់លោក ខឹម វាសនា​។ ប៉ុន្តែ​លោក យល់ថា លោក ខឹម វាសនា ប្រហែលជា​ត្រូវធ្វើ​កិច្ច​ការដែល​សំខាន់​ជាង​ការ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​។

អត្ថបទទាក់ទង


​អគ្គលេខាធិការ​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​គាត់ ដូចជា​មិន​បង្ហាញ​មូលហេតុ​ជាក់លាក់​ទេ​។ គ្រាន់តែ​ថា គាត់​ចង់​ធ្វើការ​ងារ​ណា​មាន​ប្រយោជន៍​ធំ​តទៅទៀត គឺ​ការងារ​ពង្រីក​គំនិត​នៅក្រៅ​ប្រទេស​។ គោលការណ៍​របស់គាត់ គឺថា​ឲ្យ​តែ​គាត់​មិន​ធ្វើ​អ្វីមួយ គាត់​មាន​អី្វ​ធំ​ដែល​ត្រូវធ្វើ​ហើយ​។ ហ្នឹង​ជា​ទម្លាប់​របស់គាត់​»​។

​ចំពោះ​បេក្ខជន​ក្នុង​ជួរ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ត្រូវ​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក លោក ខឹម វាសនា មិនទាន់​ត្រូវបាន​ជ្រើសរើស​នៅឡើយ​ទេ​។ បើតាម​លោក ចិន ថុ​ន លុះត្រាតែ​គណៈកម្មាធិការ​កណ្តាល ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រជុំ​ជាមុនសិន ទើប​អាច​សម្រេចបាន​ថា អ្នកណា នឹងត្រូវ​ជ្រើសរើស​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។

​លោក ចិន ថុ​ន បន្តថា សម្រាប់​នីតិកាល​នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​បេក្ខជន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ នៅ​គ្រប់​២៥​រាជធានី​-​ខេត្ត ដោយមាន​យុវជន​អាយុ​ក្រោម​៣៥​ឆ្នាំ ដល់​ទៅ​ជាង​៧០​ភាគរយឯណោះ​។​

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ រួមទាំង​គណបក្ស​ជាង​១០​ទៀត បានដាក់​ពាក្យ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ប​.​ជ​.) រួចហើយ ដើម្បី​ចូលរួម​ប្រកួត​យក​អាសនៈ​រដ្ឋសភា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ការចុះឈ្មោះ​គណបក្ស​នៅ​គ​.​ជ​.​ប​. នឹងត្រូវ​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះហើយ​៕ 



Tag:
 ជិន ថុ​ន​
  LDP
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com