ជាតិ
សម្ដេច​ហ៊ុន សែន ឲ្យ​នគរបាល ត្រៀម​ទប់ស្កាត់​ក្រុម​ឧទ្ទាម ដែលចង់បំផ្លាញដំណើរការ​បោះឆ្នោត​
14, May 2018 , 1:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​នគរបាល​គ្រប់លំដាប់​ថ្នាក់ ធ្វើយ៉ាងណា​រក្សា​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ប្រព្រឹត្តិ​ទៅដោយ​សន្តិសុខ និង​សុវត្ថិភាព​។ សម្ដេច​បាន​បញ្ជាក់ថា «​ចលនា​ឧទ្ទាម​របស់​ពួកក្បត់​ជាតិ នៅតែ​មិន​បោះបង់​ម​ហិ​ច្ឆ​តា​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ ជាពិសេស​ប៉ុនប៉ង​បំផ្លាញ​នូវ​កិច្ចដំណើរការ និង​លទ្ធផល​បោះឆ្នោត​សកល​នាពេលខាងមុខ​»​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​នៅក្នុង​សារ​ជូនពរ ខួប​ទី​៧៣ នៃ​ការកកើត​នៃ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​។​



​នៅក្នុង​ឱកាស​ខួប​ទី​៧៣ នៃ​ការកកើត​កងកម្លាំង​នគរបាលជាតិ​កម្ពុជា សម្ដេច​ហ៊ុន សែន បាន​ផ្ញើ​សារ​ជូនពរ​ទៅ​កងកម្លាំង​នគរបាល​ទាំងអស់ ដោយ​ភ្ជាប់​ជាមួយ​ការអំពាវនាវ ឲ្យ​មាន​ការរក្សាសន្តិសុខ​ខ្ពស់​ក្នុងការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នាពេលខាងមុខ​។ សម្ដេច​មើលឃើញថា «​ចលនា​ឧទ្ទាម​របស់​ពួកក្បត់​ជាតិ នៅតែ​មិន​បោះបង់​ម​ហិ​ច្ឆ​តា​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ ជាពិសេស​ប៉ុនប៉ង​បំផ្លាញ​នូវ​កិច្ចដំណើរការ និង​លទ្ធផល​បោះឆ្នោត​សកល​នាពេលខាងមុខ​។ ទាំងអស់នេះ​គឺជា​វិញ្ញាសារ​មួយ​នៅក្នុង​ចំណោម​វិញ្ញាសារ​ជាច្រើន​ទៀត​ដែល​កងកម្លាំង​នគរបាលជាតិ​ត្រូវ​ដោះស្រាយ​»​។​

​ទន្ទឹមនឹង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​រក្សា​សន្តិសុខ ស​វត្ថិ​ភាព កម្រិត​ខ្ពស់ ក្នុងការ​បោះឆ្នោត​ខាងមុខ​ក្ដី តែ​តាមរយៈ​សា​ជូនពរ សម្ដេច​ក៏​មិន​ភ្លេច​ជំរុញ​ឲ្យថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​បាន​គ្រប់ៗ​គ្នា​ឡើយ​។​

​ក្រៅពី​អំពាវនាវ​ឲ្យ​រក្សា​សន្តិសុខ​លើ​ការបោះឆ្នោត​ខាងមុខ សម្ដេចនាយក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​នគរបាល​ទាំងអស់ មានការ​ប្រុងប្រយ័ត្ននឹង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ការជួយ​ដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ការជួញដូរ​គ្រឿងញៀន ប្រើប្រាស់​គ្រឿងញៀន ជា​រឿង​គ្រោះថ្នាក់ ដែល​ទាមទារ​ឲ្យ​កងកម្លាំង​នគរបាល មានការ​ប្រុងប្រយ័ត្ន និងត្រូវ​ដោះស្រាយ​៕


Tag:
 បោះឆ្នោត​
 ​ក្បត់ជាតិ​
 ​នគរបាល​
 ​ហ៊ុនសែន
© រក្សាសិទ្ធិដោយ thmeythmey.com