ជាតិ
សេដ្ឋកិច្ច
ក្រសួង​ពន្យល់​ពី​«​តម្លៃ​ប្រេង​នៅតាម​បណ្ដា​ខេត្ត ថោក​ជាង​នៅ​ភ្នំពេញ​»
14, May 2018 , 2:22 pm        
រូបភាព
បុរសម្នាក់ចាក់សាំងម៉ូតូនៅស្ថានីយ៍មួយ។ រូបថត AFP
បុរសម្នាក់ចាក់សាំងម៉ូតូនៅស្ថានីយ៍មួយ។ រូបថត AFP
ដោយ:
​ភ្នំពេញ​៖ ជាការ​កត់សម្គាល់​ជារួម តម្លៃ​ប្រេងឥន្ធនៈ​ដាក់លក់​នៅតាម​បណ្ដា​ខេត្ត គឺ​ថោក​ជាង​ប្រេង​នៅតាម​ស្ថានីយ​ក្នុង​រាជធានី​ភ្នំពេញ​។ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម នៅក្នុង​សន្និសីទ​ស្ដីពី​យន្ត​ការកំណត់ថ្លៃ​ប្រេង​នៅ​កម្ពុជា នៅ​ថ្ងៃទី​១១​ខែឧសភា បាន​ពន្យល់​ភាពខុសគ្នា​នេះ​។



​ស្ថានីយប្រេងឥន្ធនៈ​នៅ​ភ្នំពេញ ត្រូវ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ ច្រើនជាង​ស្ថានីយ​នៅតាម​បណ្ដា​ខេត្ត​។ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា ស្ថានីយ​នៅ​ភ្នំពេញ ត្រូវ​ចំណាយ​ថ្លៃឈ្នួល​ដី កម្រៃ​បុគ្គលិក​ជាដើម ខណៈ​ស្ថានីយ​លក់​ប្រេង ឬ​ដេប៉ូ​មួយចំនួនធំ​នៅតាម​ខេត្ត ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ នៅលើ​ទីតាំង​ដីធ្លី​របស់ខ្លួន និង​មាន​សមាជិកគ្រួសារ​ធ្វើជា​បុគ្គលិក​ស្រាប់​។​

​ប្រសាសន៍ លោក ស៊ា​ង ថៃ ៖




​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ដែលជា​វាគ្មិន​មួយរូប​ទៀត​ក្នុង​សន្និសីទ​ខាងលើនេះ ក៏​យល់​ដូច​ការបកស្រាយ​របស់​លោក ស៊ា​ង ថៃ ផងដែរ​។ លោក​មានប្រសាសន៍ថា ក្រៅពី​ចំណាយ​លើ​ថ្លៃឈ្នួល​ដី និង​បុគ្គលិក ក្រុមហ៊ុន​ធំៗ​ភាគច្រើន​នៅ​ភ្នំពេញ​ត្រូវ​ចំណាយ​លើ​ការគោរព​ស្ដង់ដារ​ផ្សេងៗ ដូច​ជាការ​ស្តុក​ទុក​ប្រេង និង​ការបង្ការ​អគ្គិភ័យ​ជាដើម ។​

​តែ​ទោះជា​ប្រេងឥន្ធនៈ​នៅ​ខេត្ត លក់​ក្នុងតម្លៃ​ទាប​ជាង​នៅ​ភ្នំពេញ​ក្ដី ក៏​ករណី​លួច​បន្លំ​បរិមាណ និង​គុណភាព​ប្រេង ត្រូវបាន​មន្ត្រី​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល ត្រួតពិនិត្យ​រកឃើញ​ជារឿយៗ​។ ចំណុច​នេះ ក៏​អាចជា​កត្តា​មួយ​ផ្ដល់​លទ្ធភាព ឲ្យ​ម្ចាស់​ដេប៉ូ​លក់​ប្រេង ដែល​កេង​បន្លំ​មួយចំនួន អាច​លក់​ប្រេង​ក្នុងតម្លៃ​ទាប ដើម្បី​ប្រកួតប្រជែង ក្នុង​ទីតាំង​តំបន់​របស់ខ្លួន​ផងដែរ​៕


Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com