«​ចំណេះ​» និង​«​តម្រិះ​» ចង់​បញ្ជាក់​ន័យ​ខុសគ្នា​ដូចម្តេច​?

ពីនេះ ពីនោះ / មិនយល់...!
«​ចំណេះ​» និង​«​តម្រិះ​» ចង់​បញ្ជាក់​ន័យ​ខុសគ្នា​ដូចម្តេច​?
15, May 2018 , 7:39 am         1896
រូបភាព
ដោយ: ថ្មីៗ
​វិជ្ជា ឬ​ជំនាញ​ដែល​ទទួល​បានមកពី​រៀន គឺ​គេ​ហៅថា «​ចំណេះ​»​។ ចំណែក «​តម្រិះ​» ចង់​បញ្ជាក់ថា ជាការ​ត្រិះ​, សេចក្តី​រិះគិត​។ នេះ​បើ​យោងតាម​ថេរ​ដីកា​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់ សូម​ស្តាប់​ការបកស្រាយ​របស់​សម្តេច​ព្រះ សង្ឃ រាជ ជួន ណាត នៅ​ខាងក្រោម​នេះ​ដូចតទៅ​៖




​នៅក្នុង​ន័យ «​ចំណេះ​» កើតមាន​ដោយ​ការរៀនសូត្រ រៀន​វិជ្ជា​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​ចេះ ។ តាម​ថេរ​ដីកា​របស់​ព្រះ​សម្តេច​សង្ឃរាជ ជួន ណាត​៖«​ចំណេះ​កើតចេញ​ដោយ​អង្គ​ទាំង​បួន គឺ សុ ចិ បុ លិ មានន័យថា ស្តាប់ គិត សួរ កត់​។ សម្រាប់​អ្នក​ដែល​អនុវត្តន៍​នៃ​អង្គ​ទាំង​បួន​នេះ បញ្ជាក់ថា​អ្នកនោះ​ជា​បណ្ឌិត និង​អ្នកចេះ​»​។

​តាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ភាគច្រើន​ពលរដ្ឋ​ខ្មែរ តែង​និយាយថា កូន​ត្រូវ​រៀន​តម្រិះវិជ្ជា​ឲ្យ​បាន​ជ្រៅជ្រះ​ទើប​កូន​មាន​អនាគត​ល្អ​។ ក្នុងការ​ប្រើពាក្យ តម្រិះ ជាមួយ​ល្បះ​នេះ ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​។ ព្រោះ «​តម្រិះ​»​មានន័យថា ការគិត​, ការ​ត្រិះរិះ​, ការ​ជញ្ជឹងគិត​, ពិចារណា​, សម្រឹង​ទ្រឹង​គិត សម្រាប់​ពាក្យ​ទាំងអស់នេះ ប្រសិន​ប្រើ​ក្នុង​ល្បះ​ខាងលើ គឺ​ត្រូវ​ប្រើ​ជា​ល្បះ​ថា កូន​ត្រូវ​គិត​អ្វីមួយ​ឲ្យ​បាន​ហ្មត់ចត់​ទៅវិញ ទើប​ត្រឹមត្រូវ​ជាង​។

​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​បន្ថែមថា​៖«​តម្រិះ មិនចាំបាច់​រៀន​ក៏បាន ហើយ​អ្នកណា​ក៏មាន​តម្រិះ​ដែរ គ្រាន់តែ​មានតម្រិះ​ត្រូវ និង​ខុស​តែប៉ុណ្ណោះ​»​។ ជាមួយគ្នា​ដែរ «​តម្រិះ​» កើតចេញពី​ការប្រើ​វិចារណញ្ញាណ សតិ និង​សម្បជញ្ញៈ ដើម្បី​ពិចារណា​រកហេតុ​ផល​បែបណា​មួយ​។ តាម​ការបកស្រាយ​រប​ស់​ព្រះអង្គ​ដដែល គេ​បែងចែក  តម្រិះ​ទៅតាម​មនុស្ស គិត​ល្អ និង​គិត​អាក្រក់​។ ពាក្យ​«​សម្មាសង្កប្ប សង្កប្បគោចរ​» ជា​សេចក្តី​ត្រិះរិះ​ត្រូវ​។ ដោយឡែក «​មិច្ឆា​សង្កប្ប​» សំដៅ​ដោយ​ការ​ត្រិះរិះ​ខុស​។

​សម្តេចព្រះសង្ឃរាជ ជួន ណាត គូសបញ្ជាក់​ផង​ថា តម្រិះ​ជា​ពាក្យ​ខ្មែរ ដែល​សៀម​យកទៅ​ប្រើ​ជា ដាំ​រិ ដែល​បំ​លែង​ចេញពី ត្រិ ធ្វើជា​ភាសា​របស់ខ្លួន​។ ហើយ​ពាក្យ​នេះ​ផងដែរ គេ​យកទៅ​ប្រើ​ជា រាជសព្ទ សម្រាប់​ប្រើ​ក្នុង​អំណាច​ជា​សេ្ត​ច ទ្រង់មាន​ព្រះតម្រិះ គឺ​ទ្រង់មាន​ព្រះ​យោបល់​ត្រិះរិះ​, រិះរេ ហ្នឹងឯង​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com