ពីនេះ ពីនោះ
«ចំណេះ» និង«តម្រិះ» ចង់បញ្ជាក់ន័យខុសគ្នាដូចម្តេច?
× វិជ្ជា ឬជំនាញដែលទទួលបានមកពីរៀន គឺគេហៅថា «ចំណេះ»។ ចំណែក «តម្រិះ» ចង់បញ្ជាក់ថា ជាការត្រិះ, សេចក្តីរិះគិត។ នេះបើយោងតាមថេរដីការបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមស្តាប់ការបកស្រាយរបស់សម្តេចព្រះ សង្ឃ រាជ ជួន ណាត នៅខាងក្រោមនេះដូចតទៅ៖
នៅក្នុងន័យ «ចំណេះ» កើតមានដោយការរៀនសូត្រ រៀនវិជ្ជាអ្វីមួយដែលធ្វើឲ្យចេះ ។ តាមថេរដីការបស់ព្រះសម្តេចសង្ឃរាជ ជួន ណាត៖«ចំណេះកើតចេញដោយអង្គទាំងបួន គឺ សុ ចិ បុ លិ មានន័យថា ស្តាប់ គិត សួរ កត់។ សម្រាប់អ្នកដែលអនុវត្តន៍នៃអង្គទាំងបួននេះ បញ្ជាក់ថាអ្នកនោះជាបណ្ឌិត និងអ្នកចេះ»។
តាមសម្តេចព្រះសង្ឃរាជ ជួន ណាត ភាគច្រើនពលរដ្ឋខ្មែរ តែងនិយាយថា កូនត្រូវរៀនតម្រិះវិជ្ជាឲ្យបានជ្រៅជ្រះទើបកូនមានអនាគតល្អ។ ក្នុងការប្រើពាក្យ តម្រិះ ជាមួយល្បះនេះ ពិតជាមិនត្រឹមត្រូវឡើយ។ ព្រោះ «តម្រិះ»មានន័យថា ការគិត, ការត្រិះរិះ, ការជញ្ជឹងគិត, ពិចារណា, សម្រឹងទ្រឹងគិត សម្រាប់ពាក្យទាំងអស់នេះ ប្រសិនប្រើក្នុងល្បះខាងលើ គឺត្រូវប្រើជាល្បះថា កូនត្រូវគិតអ្វីមួយឲ្យបានហ្មត់ចត់ទៅវិញ ទើបត្រឹមត្រូវជាង។
សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់បន្ថែមថា៖«តម្រិះ មិនចាំបាច់រៀនក៏បាន ហើយអ្នកណាក៏មានតម្រិះដែរ គ្រាន់តែមានតម្រិះត្រូវ និងខុសតែប៉ុណ្ណោះ»។ ជាមួយគ្នាដែរ «តម្រិះ» កើតចេញពីការប្រើវិចារណញ្ញាណ សតិ និងសម្បជញ្ញៈ ដើម្បីពិចារណារកហេតុផលបែបណាមួយ។ តាមការបកស្រាយរបស់ព្រះអង្គដដែល គេបែងចែក តម្រិះទៅតាមមនុស្ស គិតល្អ និងគិតអាក្រក់។ ពាក្យ«សម្មាសង្កប្ប សង្កប្បគោចរ» ជាសេចក្តីត្រិះរិះត្រូវ។ ដោយឡែក «មិច្ឆាសង្កប្ប» សំដៅដោយការត្រិះរិះខុស។
សម្តេចព្រះសង្ឃរាជ ជួន ណាត គូសបញ្ជាក់ផងថា តម្រិះជាពាក្យខ្មែរ ដែលសៀមយកទៅប្រើជា ដាំរិ ដែលបំលែងចេញពី ត្រិ ធ្វើជាភាសារបស់ខ្លួន។ ហើយពាក្យនេះផងដែរ គេយកទៅប្រើជា រាជសព្ទ សម្រាប់ប្រើក្នុងអំណាចជាសេ្តច ទ្រង់មានព្រះតម្រិះ គឺទ្រង់មានព្រះយោបល់ត្រិះរិះ, រិះរេ ហ្នឹងឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com