ជាតិ
គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនលោក គង់ គាំ ដាក់ពាក្យ​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ទៅ គ​.​ជ​.​ប​
14, May 2018 , 4:32 pm        
រូបភាព
លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ។ រូបពីគណនេយ្យហ្វេសបុករបស់លោក គង់ មុនីកា
លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ ប្រកាសបង្កើតគណបក្សឆន្ទៈខ្មែរ។ រូបពីគណនេយ្យហ្វេសបុករបស់លោក គង់ មុនីកា
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក គង់ មុនី​កា កូនប្រុស​របស់លោក គង់ គាំ នោះបាន​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១៤ ឧសភា​នេះ​។​



​គិត​មក​ត្រឹម​ម៉ោង​នេះ គណបក្សនយោបាយ ដែល​បាន​យកពាក្យ​មក​ដា​ក់នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ចំនួន​៩​បក្ស​ហើយ ដោយ​ក្នុងនោះ​មាន​គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក គង់ មុនី​កា ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​បាន​បន្ថែមថា គ​.​ជ​.​ប នឹង​ពិនិត្យ​លើ​ពាក្យ​របស់​គណបក្ស​ដែល​ដាក់​មក​ទាំងនេះ​។​

​លោក ហង្ស ពុទ្ធា បានបញ្ជាក់​ទៀតថា គណបក្សនយោបាយ ដែល​គ​.​ជ​.​ប បានទទួល​ស្គាល់​ជា​ផ្លូវការ មាន​ចំនួន​៤​ហើយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ 

​តាមរយៈ​លោក គង់ គាំ ដែលជា​មនុស្ស​ជិតស្និទ្ធ​បំផុត​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ឪពុក​របស់លោក គង់ មុនី​កា បាន​និយាយថា មូលហេតុ ដែល​ជំរុញ​ឲ្យ​លោក គង់ មុនី​កា សម្រេចចិត្ត​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន ក្រោយពី​មិនមាន​សង្ឃឹមថា​គណបក្ស​សង្គ្រោះ​ជាតិ អាច​រស់​ឡើងវិញ​៕


Tag:
 ហង្ស ពុទ្ធា​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com