កីឡាជាតិ
ជាតិ
តេ​ក្វាន់​ដូ ITF ឈ្នះ​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨ ពី​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​
14, May 2018 , 4:55 pm        
រូបភាព
ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិកថតរួមគ្នាជាមួយមេដាយ និងពាន ដែលដណ្តើមបានពីជើងឯកអាស៊ីនៅម៉ុងហ្គោលី
ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិកថតរួមគ្នាជាមួយមេដាយ និងពាន ដែលដណ្តើមបានពីជើងឯកអាស៊ីនៅម៉ុងហ្គោលី
ដោយ:
​កីឡា​តេ​ក្វាន់​ដូ ITF បាន​សាង​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​សម្រាប់​កម្ពុជា ក្រោយ​អត្ត​ព​លិ​ក​បានឈ្នះ​មេដាយ​២១​គ្រឿង ពី​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី​។ ប្រតិភូ​កីឡា​កម្ពុជា​នឹង​នាំយក​មេដាយ និង​ពាន​មកដល់​មាតុប្រទេស នៅ​ថ្ងៃទី​១៥ ឧសភា​។



​ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បានបញ្ចប់​បេសកកម្ម​ក្នុងការ​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី កាលពី​ថ្ងៃទី​១៣ ឧសភា​។ កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​២១​គ្រឿង រួមមាន​មាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨​។ សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​២៤​រូប​(​ស្រី​២)​ចូលរួម​។   

​តាមរយៈ​ជ័យជម្នះ​ដ៏​ធំធេង​នេះ កម្ពុជា​ទទួលបាន​ពានមាស​ចំនួន​ពីរ​ផងដែរ​។ ចំណែក​កីឡាករ​យុវជន សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម ទទួលបាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត បន្ទាប់ពី​រូបគេ​ម្នាក់ឯង​ដណ្តើមបាន​មេដាយមាស​២ និង​ប្រាក់​១ ។ ប្រតិភូ​អត្ត​ព​លិ​ក​កម្ពុជា​នឹង​នាំ​មេដាយ និង​ពាន​ទាំងនេះ​មកដល់​មាតុភូមិ នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​។  



«​ក្រុម ITF កម្ពុជា មិន​ត្រឹមតែ​នាំ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ជើងពាន​២ សម្រាប់​ប្រទេស​ថែម​ទៀតផង​។ ចំណែក​កូនតូច​របស់​ខ្ញុំ (​សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម​) វិញ គាត់​ទទួលបាន​ពាន​ជើងឯក​វ័យក្មេង ក្រៅពី​មេដាយមាស​របស់គាត់ (​បើ​បាល់ទាត់​វិញ​គឺ​ស្បែកជើង​មាស​) » ។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។​

​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍​រូបនេះ​បានចាត់ទុក​ជ័យជម្នះ​នេះ​ថា វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​កម្ពុ​ជាមាន​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​នោះទេ ថែមទាំង​ជួយ​បំបែក​កំណត់ត្រា​សម្រាប់​តេ​ក្វាន់​ដូ ITF នាពេល​កន្លង​មកទៀត​ផង​។  លោក​បន្ថែមថា​៖«​ជ័យជម្នះ​នេះ ស​បញ្ចាក់​ឲ្យ​ឃើញថា កីឡា​តេ​ក្វាន់​ដូ ITF កម្ពុ​ជាមាន​សមត្ថភាព​ពិតប្រាកដ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣»៕


Tag:
 តេ​ក្វាន់​ដូ ITF
  ម៉ុង​ហ្គោ​លី​
  កែវ រ៉េមី​
© រក្សាសិទ្ធិដោយ thmeythmey.com