ជាតិ
សម្ដេច ហ៊ុន សែន​៖ និស្សិត​ពេទ្យ​បញ្ចប់​ការសិក្សា​នៅ​វៀតណាម ត្រូវ​ទទួលស្គាល់​ជា​វេជ្ជបណ្ឌិត​
14, May 2018 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពីធីសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ ដែលត្រូវបានកែលម្អថ្មី នៅមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២0១៨។ រូបពីហ្វេសបុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ថ្លែងក្នុងពីធីសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ ដែលត្រូវបានកែលម្អថ្មី នៅមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២0១៨។ រូបពីហ្វេសបុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា និស្សិត​ពេទ្យ​ដែល​បញ្ចប់​ការសិក្សា នៅ​ប្រទេស​វៀតណាម ត្រូវបាន​ទទួលស្គាល់​ជា​វេជ្ជបណ្ឌិត ទោះបីជា​ការសិក្សា​នៅ​ទីនោះ​មាន​រយៈពេល​តិចជាង​នៅ​កម្ពុជា​ក្ដី​។ សម្ដេចថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ «​អគារ​មិត្តភាព​កម្ពុជា-កូរ៉េ​» កែលំអ​ថ្មី​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។​



​សម្ដេច ហ៊ុន សែន បានប្រកាស​ជា​ផ្លូវការ​ថា ក្រសួងសុខាភិបាល បាន​ព្រម​ទទួលស្គាល់​សញ្ញាបត្រ​និស្សិត​ពេទ្យ បញ្ចប់​ការសិក្សា​នៅ​ប្រទេស​វៀតណាម​។ ដូច្នេះ​ក្រោយ​បញ្ចប់​ការសិក្សា​ផ្នែក​វេជ្ជបណ្ឌិត និស្សិត​ទាំងនោះ​ នឹងក្លាយជា​វេជ្ជបណ្ឌិត​ពេញលេញ​។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយពី​មានការ​តវ៉ា និង​ការអំពាវនាវ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ជួយ​​អន្តរាគមន៍​លើ​ករណី​ក្រសួងសុខាភិបាល មិន​ទទួលស្គាល់​សញ្ញាបត្រ​វេជ្ជបណ្ឌិត ដែល​បញ្ចប់​ការសិក្សា​ពី​ប្រទេស​វៀតណាម ដោយសារតែ​រយៈពេល​នៃ​ការសិក្សា ​ខ្លី​ជាង​នៅ​ប្រទេស​កម្ពុជា​។​

​ការធ្វើអន្តរាគមន៍​ឲ្យ​មានការ​ទទួលស្គាល់​នេះ ត្រូវបាន​សម្ដេច អះអាងថា វិស័យ​សុខាភិបាល​នៅ​វៀតណាម ដើរ​លឿន​ជាង​នៅ​កម្ពុជា ហើយ​សាស្ត្រាចារ្យ​ដែល​បង្រៀន​វេជ្ជបណ្ឌិត​នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើន​ក៏បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​វៀតណាម​ដូចគ្នា​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា៖«​ការមិនទទួលស្គាល់​ស​ញ្ញា​បត្រ​វេជ្ជបណ្ឌិត​ពី​ប្រទេស​វៀតណាម ហាក់ដូចជា​មើលងាយ​ទៅកាន់​ប្រទេស​របស់គេ​»​។​

​ទន្ទឹមនឹង​កា​ធ្វើ​អន្តរ​គម​ន៍​ឲ្យ​មានការ​ទទួលស្គាល់​ឡើងវិញ​ ​សញ្ញាបត្រ​វេជ្ជបណ្ឌិត​ពី​ប្រទេស​វៀតណាម សម្ដេចនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រាប់​ឲ្យ​និស្សិត​ទាំងអស់ ខិតខំ​សិក្សា​រៀនសូត្រ នូវ​ចំណេះ​ជំនាញ​ឲ្យ​បានច្បាស់លាស់ ដើម្បី​មក​អភិ​វ​ឌ្ឃ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។

​ជាការ​កត់សម្គាល់ នៅក្នុង​លិខិត​របស់​ក្រសួង​សុខ​ភិ​បាល ផ្ញើ​ជូនទៅ​ក្រសួង​អប់រំ អំពី​ការមិនទទួលស្គាល់​សញ្ញា​បត្រ​វេជ្ជបណ្ឌិត​ ពី​សាកលវិទ្យាល័យ​ប្រទេស​វៀតណាម គឺ​ដោយសារតែ​ការសិក្សា​នៅ​ទីនោះ​ មាន​រយៈពេល​តែ​០៦​ឆ្នាំ​ប៉ុណ្ណោះ ខណៈដែល​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​កម្ពុជា​ តម្រូវ​ឲ្យ​សិក្សា​រយៈពេល​៨​ឆ្នាំ​៕




Tag:
 សង្គម​
 ​សុខាភិបាល​
 ​វៀតណាម​
 ​អប់រំ​
 ​និស្សិត​ពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com