រថយន្ត
អន្តរជាតិ
Aurus Senat រថយន្តរដ្ឋសម្រាប់លោកពូទីន «Made in Russia»
× Aurus Senat ជារថយន្តរដ្ឋសម្រាប់លោកប្រធានាធិបតីរុស្ស៊ី ដែលបានបង្ហាញវត្តមានលើកដំបូងនាពិធីឡើងកាន់តំណែងសារជាថ្មីរបស់លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) កាលពីថ្ងៃទី៧ ខែឧសភា កន្លងមក។ រថយន្តនេះ ត្រូវបានចាត់ទុកជារថយន្តផ្លូវរដ្ឋសម្រាប់ប្រធានាធិបតីដែលផលិតដោយរុស្ស៊ីផ្ទាល់ បើគិតចាប់តាំងពីឆ្នាំ១៩៩៥មក។
ក្រោមគម្រោង Cortege រថយន្តដ៏ទំនើប Aurus Senat ត្រូវបានផលិតដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រយានយន្តរុស្ស៊ី (NAMI) ដោយមានការរួមចំណែកពីក្រុមហ៊ុន Porshe លើការដំឡើងម៉ាស៊ីនកម្លាំង V12 ។ ទោះបីជារថយន្តរដ្ឋសម្រាប់ប្រធានាធិបតីនេះ មានរូបរាងដូចជា Rolls-Royce ក៏ដោយ ប៉ុន្តែវាជាផលិតផល «Made in Russia»។
Aurus Senat ដែលបានបង្ហាញខ្លួនលើកដំបូងនាពិធីឡើងកាន់តំណែងប្រធានាធិបតីសារជាថ្មីរបស់លោក ពូទីន កាលពីខែឧសភា កន្លងមកនោះ មានពណ៌ខ្មៅ និងមានប្រវែង៦ម៉ែត្រ។ សម្រាប់ការផលិតរថយន្តដ៏ពិសេសនេះ គម្រោង Cortege ទទួលបានថវិកាប្រមាណ ១២.៤ពាន់លានរូប្ល (ជាង១៩៨លានដុល្លារអាមេរិក)។
យោងតាមសារព័ត៌មាន Sputnik នេះរថយន្តលើកដំបូងដែលធ្វើឡើងសម្រាប់ប្រមុខរដ្ឋរុស្ស៊ី បន្ទាប់ពីលោក Mihail Gorbatchev ទទួលបានរថយន្ត Zil-41052 នៅឆ្នាំ១៩៨៥ ហើយលោក Boris Eltsine បានបន្តប្រើប្រាស់រហូតដល់ឆ្នាំ១៩៩៥ ៕
© រក្សាសិទ្ធិដោយ thmeythmey.com