ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
តើ​ត្រូវ​បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ដូចម្តេច ដើម្បី​ចៀសវាង​គ្រោះថ្នាក់​?
14, May 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ នៅពេល​បើកបរ​យានជំនិះ អ្នកបើកបរ​ត្រូវតែមាន​ស្មារតី​ប្រុងប្រយ័ត្ន ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។ ដូចគ្នា​ដែរ ការបើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង អ្នកបើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​បន្ថយ​ល្បឿ​ង​នៅពេល​ជិត​ដល់​ផ្លូវ​រថភ្លើង ដើម្បី​ចៀសវាង​គ្រោះថ្នាក់។ នេះ​បើតាម​មាត្រា​២៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​



​មាត្រា​ដដែល ​​ក៏បញ្ជាក់មិន​ឲ្យ​អ្នកបើកបរ បើក​យានជំនិះ​របស់ខ្លួន ​កាត់​ផ្លូវ​រថភ្លើង​ឡើយ បើ​ដឹងថា​យានជំនិះ​មាន​បញ្ហា​បច្ចេកទេស ឬ​ស្ថានភាព​ចរាចរណ៍​មិន​អនុគ្រោះ​។ ហើយបើ​នៅ​កន្លែង​ផ្លូវថ្នល់​កាត់​រថភ្លើង មាន​ដាក់​របារ ឬ​របាំង អ្នកបើកបរ​មិនត្រូវ​បើកបរ​ចូលទៅ​ទីនោះ​ឡើយ នៅពេលដែល​របាំង​នោះ​បិទ កំពុង​បិទ ឬ​កំពុងបើក​។

អត្ថបទទាក់ទង


​ចំណែក​នៅ​កន្លែង​ផ្លូវថ្នល់​កាត់​ផ្លូវ​រថភ្លើង ដែល​ពុំមាន​របារ ឬ​របាំង ឬ​ផ្លាកសញ្ញា ឬ​ភ្លើង​សញ្ញា​អ្វី​ទាំងអស់ អ្នកបើកបរ​អាច​បើកបរ​កាត់​ទីនោះ​បាន លុះត្រា​ជឿជាក់ថា ពុំមាន​រថភ្លើង​ណាមួយ​មកដល់​។ នេះ​បើតាម​មាត្រា​២៣ នៃ​ច្បាប់​ចរាចរណ៍​ដដែល​។ មាត្រា​ដដែល​នេះ ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា បើសិន​ជាមាន​ឆ្មាំ​នៅត្រង់​ផ្លូវ​រថភ្លើង​ឆ្លងកាត់ អ្នកបើកបរ​ត្រូវ​ស្តាប់​បញ្ជា​ឆ្មាំ ហើយ​មិនត្រូវ​បង្ក​ឲ្យ​មាន​ឧបសគ្គ​ដល់​ការបិទ​បើក​របារ ឬ​របាំង​ឡើយ​។​

​កាលណា​មាន​រថភ្លើង​មក​ជិត​ដល់ អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប​ត្រូវ​ឈប់​ជាបន្ទាន់ ដើម្បី​ទុក​ផ្លូវ​ឲ្យ​រថភ្លើង​ធ្វើ​ចរាចរណ៍​ទៅមុន​។ ឯ​គង្វាល់​សត្វ​ទាំងអស់ ត្រូវ​រក​វិធី​ទប់ស្កាត់​ហ្វូង​សត្វពាហនៈ កុំ​ឲ្យ​ឆ្លងកាត់​ផ្លូវរ​រថភ្លើង​ជាង​ដាច់ខាត​។ ក្នុងករណី​ដែល​យានជំនិះ​គាំងដំណើរ ឬ​ហ្វូង​សត្វ​ធ្វើដំណើរ​ចូលមក​ជ្រុល​លើផ្លូវ​រថភ្លើង អ្នកបើកបរ ឬ​គង្វាល​សត្វ ត្រូវ​រិះរក​មធ្យោបាយ​យ៉ាងណា កុំ​ឲ្យ​មាន​កើត​ឧបសគ្គ ដល់​រថភ្លើង ឬ​ត្រូវ​ផ្តល់ដំណឹង​ដល់​ភ្នាក់ងារ​ទទួលខុសត្រូវ​ផ្លូវ​រថភ្លើង​ដែល​នៅ​ជិះ​បំផុត​នូវ​គ្រោះថ្នាក់ ដែល​នឹង​អាច​កើតឡើង​បាន​នោះ បើសិនជា​ខ្លួន​មិនអាច​បញ្ចៀស ឧបសគ្គ​លើផ្លូវ​រថភ្លើង​បាន​។​

​អ្នកបើកបរ​គ្រប់រូប ត្រូវ​ឈប់​យ៉ាងតិច ២​ម៉ែត្រ ពីរ​បាំង ហើយ​បើ​គ្មាន​របាំង​ត្រូវ​ឈប់​យ៉ាងហោច​៥​ម៉ែត្រ ពី​ផ្លូវ​រថភ្លើង​កាលណា​រថភ្លើង​បន្លឺ​សញ្ញា​ជិត​មកដល់​។ នេះ​បើ​យោងតាម​មាត្រា​២៣ នៃ​ច្បាប់​ចរាចរណ៍​ដដែល​៕


Tag:
 ចរាចរណ៍​
 ​យានយន្ត​
 ​រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com