កីឡាជាតិ
ជាតិ
សរ សី ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​រាប់ពាន់នាក់​ខកចិត្ត ក្រោយ​រូបគេ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ Senduk
15, May 2018 , 9:53 am        
រូបភាព
កីឡាករ សរ សី លើកដៃវាយកីឡាករ Victorio Senduk ដែលដួលនៅលើសង្វៀន
កីឡាករ សរ សី លើកដៃវាយកីឡាករ Victorio Senduk ដែលដួលនៅលើសង្វៀន
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ចម្រុះ សរ សី បានបង្ហាញ​ភាពខ្លាំង​លើ​ឆាក​អន្តរជាតិ​តាមរយៈ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Victorio Senduk ដោយ​ពិន្ទុ នា​ការប្រកួត​ដាក់​ទ្រុង​នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​យប់​ថ្ងៃទី​១២ ឧសភា​។ នេះ​ជា​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​លើកដំបូង​សម្រាប់ ស សី ហើយ​វា​ក៏​ជាការ​បរាជ័យ​លើកដំបូង​សម្រាប់​កីឡាករ​ម្ចាស់ផ្ទះ​ផងដែរ​។​



​កីឡាករ​គុន​ចម្រុះ​កម្ពុជា សរ សី បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​រាប់ពាន់នាក់​រង​ការខកចិត្ត​ជាខ្លាំង បន្ទាប់ពី​រូបគេ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ Victorio Senduk ដែលជា​វីរបុរស​ក្នុង​ចិត្ត​របស់​ពួកគេ​ដោយ​ពិន្ទុ​។ ជ័យជម្នះ​របស់ សរ សី នៅលើ​ឆាក​អន្តរជាតិ​លើកដំបូង​នេះ បានធ្វើ​ឲ្យ​កីឡាករ​ម្ចាស់ផ្ទះ​វ័យ​៣៦​ឆ្នាំ​រូបនេះ​ស្គាល់​បរាជ័យ​ជា​លើកដំបូង សម្រាប់​៤​ប្រកួត​របស់ខ្លួន​។

​នេះ​ជាការ​បង្ហាញខ្លួន​លើស​ង្វៀន​ដាក់​ទ្រុង​លើក​ទី​៣​របស់ សរ សី តែ​វា​ជា​លើក​ទី​២​សម្រាប់​ឆាក​អន្តរជាតិ​។ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​លើ​ឆាក​អន្តរជាតិ​កាលពី​ចុងខែ​កុម្ភៈ កន្លងទៅ សិស្ស​គុន​ក្លិប Cambodia Top Team រូបនេះ បាន​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា Phoe Thaw​។​

​នា​ការប្រកួត​នៅ​សង្វៀន​ដាក់​ទ្រុង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ក្នុង​ទីក្រុង​ហ្សា​កាតា កាលពី​យប់​ថ្ងៃទី​១២ ឧសភា នៅ​ទឹក​ទី​១​កីឡាករ Senduk បាន​ប្រើ​កណ្តាប់ដៃ​វាយ​សង្គ្រប់​យ៉ាងខ្លាំង​មក សរ សី ដែល​បាន​ត្រឹម​ដកថយ និង​វាយ​ពី​ចម្ងាយ​។ នៅ​ដើម​ទឹក​ទី​២​ម្ចាស់ផ្ទះ​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់គេ​ខកចិត្ត​នោះទេ ពោលគឺ Senduk បាន​បន្ត​គ្របដណ្តប់​លើ សរ សី ដូច​ទឹក​ទី​១​។

​តែ​ចុង​ទឹក​ទី​២ សរ សី បាន​ប្រើ​កណ្តាប់ដៃ​វាយ​ទៅ​ផ្ទៃមុខ និង​ទាត់​រហូត​ធ្វើ​ឲ្យ​គូប្រកួត​ដួល​។ សរ សី បាន​ឡើង​ជិះ​ពីលើ Senduk ហើយ​បាន​ប្រើ​កែង និង​កណ្តាប់ដៃ​ជាច្រើន​មកលើ​ផ្ទៃមុខ Senduk ដែល​ព្យាយាម​លើកដៃ​រង​។ នៅក្នុង​ទឹក​ទី​៣ Senduk បាន​ព្យាយាម​ដើរចូល​ដូចដើម ហើយ​បាន​ប្រើ​កណ្តាប់​វាយ​ផ្ទៃមុខ សរ សី ដែល​ព្យាយាម​ដកថយ​។ ទោះបី​យ៉ាងនេះ​ក្តី សរ សី បាន​ប្រើ​កណ្តាប់ដៃ និង​ទាត់​ឲ្យ​កីឡាករ​ម្ចាស់ផ្ទះ​ដួល​នៅ​ពាក់កណ្តាល​ទឹក​ទី​៣ តែ​ធ្វើ​អ្វី​មិនបាន​។

​នៅ​ចុង​ទឹក​ទី​៣​ឱកាស​មាស​នេះ​បាន​កើតឡើង​ម្តងទៀត​សម្រាប់ សរ សី តែ​ម្តងនេះ សរ សី បាន​ឡើងទៅ​ជិះ​ពីលើ Senduk ហើយ​បាន​ប្រើដ​ណ្តា​ប់ និង​កែង​ពុះ​លើ​មុខ Senduk ដែល​កំពុង​ព្យាយាម​បិទ​ជាមួយ​ការ​ថមថយ​កម្លាំង​។ សរ សី បាន​គ្រប់គ្រង​ស្ថានការណ៍​បែបនេះ​រហូត​ចប់​ទឹក​ទី​៣​។ ជា​លទ្ធផល​អាជ្ញាកណ្តាល​បាន​កាត់ក្តី​ឲ្យ សរ សី ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ដោយ​ពិន្ទុ​៕  


     


Tag:
 MMA
  ONE Championship
  Victorio Senduk
  ស សី
© រក្សាសិទ្ធិដោយ thmeythmey.com