អន្តរជាតិ
អាមេរិក​បន្ទោស​ក្រុម​ហា​ម៉ាស់​លើ​ការប៉ះទង្គិច​រវាង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​និង​ទាហាន​អ៊ីស្រាអែល​
15, May 2018 , 10:18 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​សេត​វិមាន នៅ​ថ្ងៃទី​១៤ ខែឧសភា បាន​ទម្លាក់កំហុស​លើ​ក្រុម​ហា​ម៉ាស់​ជុំវិញ​ការប៉ះទង្គិច​ដ៏​បង្ហូរឈាម​រវាង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល និង​បាតុករ​ប៉ា​ឡេ​ស្ទី​ន​។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិចណាស់​៥៥​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​ពីរពាន់​នាក់​បាន​របួស​ក្នុងការ​បង្ក្រាប​របស់​ទា​ហាន​អ៊ីស្រាអែល​នៅ​ព្រំដែន​តំបន់​ហ្កា​ស្សា​ដែល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណា​តាន់​យ៉ា​ហ៊ូ ចាត់ទុកជា​ការការពា​រ​ខ្លួន​។ ប្រទេស​ជាច្រើន​បាន​ថ្កោលទោស​ទង្វើ​នេះ និង​ស្នើ​ឲ្យ​អ៊ីស្រាអែល​រក្សា​មាន​អត់ធ្មត់​ខ្ពស់​។​



​ថ្ងៃទី​១៤ ខែឧសភា ជា​ថ្ងៃ​រីករាយ​របស់​រដ្ឋ​អ៊ីស្រាអែល​ដែលមាន​អាយុ​គម្រប់​៧០​ឆ្នាំ តែ​វា​ក៏​ជា​ថ្ងៃ​ឈឺចាប់​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​ទឹកដី​របស់ខ្លួន​កាលពី​ឆ្នាំ​១៩៤៨ ។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​រាប់ពាន់​បានចេញ​មុខ​តវ៉ា​នៅ​ថ្ងៃ​បាត់បង់​ទឹកដី ក៏ដូចជា​ប្រឆាំង​ការផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សាល​ឡិ​ម​ផង ប៉ុន្តែ​បែរជា​ត្រូវ​រង​ការបាញ់រះ​គ្រាប់​ពិត​ពី​សំណាក់​ទាហាន​អ៊ីស្រាអែល​ទៅវិញ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​របាយការណ៍​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន ការប៉ះទង្គិច​នៅ​តំបន់​ហ្កា​ស្សា​ស្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​យ៉ាងហោចណាស់​៥៥​នាក់ និង​ជាង​ពីរពាន់​នាក់​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង​ទាហាន​ប៉ា​ឡេ​ស្ទី​ន​ដែល​ការពារ​ព្រំដែន​របស់ខ្លួន​ន​។ ទាហាន​អ៊ីស្រាអែល​និយាយថា ខ្លួន​តម្រង់​គោលដៅ​តែ​លើ​បាតុករ​ដែល​ធ្វើ​សកម្មភាព​ភេរវកម្ម​ប៉ុណ្ណោះ មិនមែន​ក្រុមបាតុករ​ទូទៅ​ឡើយ​។​

​ប្រទេស​ជាច្រើន​បាន​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល តែ​មិនមែន​អាមេរិក​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៤ ខែឧសភា អ្នកនាំពាក្យ​រង​សេត​វិមាន Raj Shah បាន​បន្ទោស​ក្រុម​ហា​ម៉ាស់​ចំពោះ​ការប៉ះទង្គិច​ដ៏​បង្ហូរឈាម​ក្នុង​រយៈពេល​ប៉ុន្មាន​មកនេះ​។ លោក Raj Shah បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​ហា​ម៉ាស់​ដែល​អ្នកត្រួតត្រា​តំបន់​ហ្កា​ស្សា ត្រូវ​ទទួលខុសត្រូវ​ដោយផ្ទាល់​លើ​ការស្លាប់​មនុស្ស​ដ៏​ច្រើន​នេះ និង​ចាត់ទុក​ទង្វើ​របស់​ទាហាន​អ៊ីស្រាអែល ជាការ​ការពារ​ខ្លួន​។​

​មិន​ត្រឹមតែ​មិន​អើពើ​ការបង្ក្រាប​នៅ​តំបន់​ព្រំដែន​ហ្កា​ស្សា​ឡើយ អាមេរិក​ក៏​រារាំង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថែមទៀត​។ ក្នុង​កិច្ចប្រជុំ​បន្ទាន់​នៅឯ​ញូវយ៉ក កូ​វ៉ែត​ដាក់​ស្នើ​សេចក្ដីព្រាង​ដំណោះស្រាយ​មួយ​ដែល​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការប៉ះទង្គិច​រវាង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​ទាហាន​អ៊ីស្រាអែល​។ ក្រុមប្រឹក្សាសន្តិសុខ​ក៏​បង្ហាញ​ក្ដី​សោកសង្រេង​ចំពោះ​ការបាត់​បង់ជីវិត​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ដែល​បាន​អនុវត្ត​សិទ្ធិ​របស់ខ្លួន​។​

​ប្រទេស​ជាច្រើន​បាននាំគ្នា​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​សកម្មភាព​របស់​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​លើ​បាតុករ​ប៉ា​ឡេ​ស្ទី​ន​។ សម្ព័ន្ធ​អារ៉ាប់​បានស្នើ​ឲ្យ​ពិភពលោក​ប្រឆាំង​ទង្វើ​អ៊ីស្រាអែល ខណៈ​អង្គការសហប្រជាជាតិ​ទទូច​ឲ្យ​បញ្ឈប់​ការបាញ់​គ្រាប់​ពិត​ដាក់​បាតុករ​។ អ៊ីរ៉ង់ និង​លី​បង់ ដែល​មិនត្រូវ​គ្នា​ជាមួយ​អ៊ីស្រាអែល​ក៏បាន​រិះគន់​អ៊ីស្រាអែល​ធ្ងន់ៗ និង​និយាយ​វាយប្រហារ​អាមេរិក​ផង​។ សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់​បានស្នើ​ឲ្យ​អ៊ីស្រាអែល​គោរព​គោលការណ៍​ឆ្លើយតប​ឲ្យ​បាន​សមស្រប​ទង្វើ​របស់​បាតុករ​៕

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន
© រក្សាសិទ្ធិដោយ thmeythmey.com