អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​នៅ​ថ្ងៃ​ធ្វើការ​ដំបូង​លោក មហា​ធៀ បញ្ជា​ឲ្យ​អគ្គព្រះរាជអាជ្ញា​ចុះចេញពី​តំណែង​
15, May 2018 , 2:01 pm        
រូបភាព
ដោយ: ថ្មីៗ
 បុគ្គល​ចម្រូងចម្រាស​ម្នាក់ទៀត​គឺ អគ្គ​រដ្ឋ​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ថ្មី​បញ្ជា​ឲ្យ​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ខែឧសភា​។ ប្រធាន​ស្ថាប័ន​អយ្យការ​រូបនេះ​ត្រូវ​ប្រឈម​នឹង​បណ្តឹង​ច្រើន​ដែរ​ជុំវិញ​ការជួយ​ធានាថា អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ស្អាតស្អំ​មិន​ពាក់ព័ន្ធ​ពុករលួយ​។

  
​នៅ​ថ្ងៃ​ធ្វើការ​ដំបូង នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បានសម្រេច​បញ្ជា​ឲ្យ​អគ្គព្រះរាជអាជ្ញា​ម៉ាឡេស៊ី​លោក Mohamad Apandi Ali  ចាក​ចេញពី​តំណែង​របស់ខ្លួន ខណៈដែល​មន្ត្រី​រូបនេះ​រៀបចំ​បើ​ការស៊ើបអង្កេត​ឡើងវិញ​នូវ​សំណុំរឿង​ពុករលួយ​ក្នុង​គម្រោង​រដ្ឋ 1MDB​។​
 
​លោក មហា​ធៀ  បាន​បញ្ជាក់ថា បណ្តឹង​ជាច្រើន​ត្រូវបាន​រៀបចំ​ហើយ​ដើម្បី​ប្រឆាំង​ប្រធាន​ស្ថាប័ន​អយ្យការ​ខាងលើនេះ ជុំវិញ​ការពាក់ព័ន្ធ​នឹង​ការព្យាយាម​បញ្ចប់​សំណុំរឿង​ដោយ​ជួយ​លាង​សម្អាត​រឿងអាស្រូវ​ពុករលួយ​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​កន្លងមក​។ 

 
]​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ស្រង់សម្តីលោក មហា​ធៀ ​ដូច្នេះ​៖«​យើង​ត្រូវ​ធានាថា ការស៊ើបអង្កេត​ពាក់ព័ន្ធ​ករណី​ពុករលួយ​នេះ​ជា​រឿង​អាទិភាព​។ យើង​ចាំបាច់​ត្រូវ​ធានាបាន​ថា ស្ថា​ប័​អយ្យ​ការធ្វើការងារ​រប​ស់​ខ្លួន​ដោយ​ផ្អែក​សំខាន់​លើ​ច្បាប់​»​។​
 
​តាមពិតទៅ លោក មហា​ធៀ បានបញ្ជាក់​ក្រោយ​ជាប់ឆ្នោត​ថា ប្រធាន​ស្ថាប័ន និង​អាជ្ញាធរ​រដ្ឋមន្ត្រី​ចំនួន​ត្រូវ​អស់តំណែង​ដោយសារ​ការជួយ​ការពារ​រឿងក្តី​ពុករលួយ​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប​។ គេ​មើលឃើញថា កាលពី​ឆ្នាំ ២០១៦ លោក  Mohamed Apandi បាន​ប្រើប្រាស់​អំណាច​ខ្លួន​ជា​អគ្គព្រះរាជអាជ្ញា​ដើម្បី បញ្ជាក់​ជា​ផ្លូវការ​ថា​លោក ណា​ជីប មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​ឡើយ ។ 
 
​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​បាន​អះអាងថា មន្ត្រី​ក្នុង​មូ​និ​ធិ​នេះ​បាន​កិបកេង​លុយ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងចំណោម​នោះ​មាននៅ​ក្នុង​គ​ណី​ធនាគារ​របស់លោក ណា​ជីប ផង​។ ក្នុង​ឆ្នាំ ២០១៣ លុយ​៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក ប៉ុន្តែ​លោក​បាន​បដិសេធថា វា​ជា​លុយ​អំណោយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​។    

ខណៈដែល​អគ្គព្រះរាជអាជ្ញា​ត្រូវ​បង្ខំ​ឲ្យ​ចុះចេញ​តំណែង ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​លោក Dzulkifli Ahmad សម្រេច​លាលែង​ពី​តំណែង​ម្សិលមិញ​ដូចគ្នា​ដែរ​។ លោក មហា​ធៀ បាន​ចោទថា ប្រធាន​អង្គភាព​នេះ​មិន​ឯករាជ្យ​ដោយ​មិន​ចេញ​ចំណាត់ការ​ប្រឆាំង​អំពើពុករលួយ​ដែល​កើតឡើង​កន្លងមក​ឡើយ​។   
 
​កាលពី​ចុង​សប្តាហ៍​កន្លងមក​ទៅ លោក ណា​ជីប និង​ភរិយា ក៏ត្រូវ​នាយកដ្ឋាន​អន្តោប្រវេសន៍​ដាក់ចុះ​ឲ្យ​ស្ថិតក្រោម​បម្រាម​ចាកចេញ​ពី​ប្រទេស​ផងដែរ ដោយ​វិធានការ​នេះ​ផ្តួចផ្តើម​ដោយ​លោក មហា​ធៀ ផ្ទាល់​។ បើតាម​ការបញ្ជា​ក់រប​ស់លោក មហា​ធៀ ផង​ដែរនោះ​មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ផ្សេងទៀត​ក៏​នឹង​ស្ថិតក្រោម​បញ្ជីខ្មៅ​ដូច​លោក ណា​ជីប ដែរ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​បាន​ជាក់លាក់​នោះឡើយ​៕
 
 
អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com