កីឡាជាតិ
ជាតិ
រដ្ឋ​ត្រូវ​ចំណាយ​ថវិកាជាង ៦៩៨លាន​រៀល​សម្រាប់​ម្ចាស់​មេដាយ​អាស៊ី​តេ​ក្វាន់​ដូ ITF
15, May 2018 , 3:32 pm        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ត្រៀម​ថវិកា​ជាង៦៩៨លាន​រៀល​ ដើម្បី​ចំណាយ​លើ​មេដាយមាស​, ប្រាក់​, សំរឹទ្ធ របស់​កីឡា​តេ​ក្វាន់​ដូ ITF ដែល​ដណ្តើមបាន​ពី​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៩​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ប្រតិភូ​កីឡា​កម្ពុជា​បាន​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៥ ឧសភា​នេះ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ខាង​ស្ថានទូត​កូរ៉េខាងជើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​



​យោងតាម​អនុ​ក្រឹ​ត​ដែល​ប្រកាស​ដោយ​អន្តរក្រសួង​កាល​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៥ មេដាយមាស​អាស៊ី​កម្រិត​មិត្តភាព​អន្តរជាតិ​ទទួលបាន​១៦​លាន​រៀល ប្រាក់​១៣​លាន​រៀល និង​សំរឹទ្ធ​១១​លាន​រៀល គ្រូបង្វឹកទទួលបានស្មើម្ចាស់មេដាយមាស និងគ្រួជំនួយបាន៧០ភាគនៃមេដាយមាស​។ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ចំណាយ​ថវិកា ៦៩៨,៦​លាន​រៀល សម្រាប់​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF ដែល​ដណ្តើមបាន​មេដាយមាស​១៨ ប្រាក់​១៣ និង​សំរឹទ្ធ​១៦​គ្រឿង ពី​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។​



​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងអស់​កីឡាករ​យុវជន​ថ្នាល សុភ័ក្ត្រ ច័ន្ទ​ឧ​ត្ត​ម ទទួលបាន​ថវិកា​លើកទឹកចិត្ត​ច្រើនជាងគេ​រហូតដល់​៧២​លាន​រៀល ក្រោយ​រូបគេ​ឈ្នះ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ ជួយ​ឲ្យ ច័ន្ទ​ឧ​ត្ត​ម ទទួលបាន​ពាន​កីឡាករ​យុវជន​ឆ្នើម​នៅ​តំបន់​អាស៊ី​ចន្លោះ​ពី​អាយុ​១០​ឆ្នាំ​ដល់​១៣​ឆ្នាំ​។

​លទ្ធផល​ជារួម​ក្នុងចំណោម​២០​ប្រទេស​ចូលរួម ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​ទទួលបាន​ពាន​ចំណាត់ថ្នាក់​លេខ​២​លើ​ផ្នែក​យុវជន​ថ្នាល និង​ពាន​លេខ​៣​ផ្នែក​យុវជន​ពេញវ័យ​។ ក្រៅពី​ពាន​ទាំងពីរ​នេះ អត្ត​ព​លិ​ក​កម្ពុជា​ក៏បាន​ឈ្នះ​ពាន​ឯកជន​ជាច្រើន​ទៀតផង​ដែរ​។​
 
​ប្រតិភូ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​នាំ​មេដាយ និង​ពាន​ទាំងនេះ​មកដល់​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៥ ឧសភា​។ សម្រាប់​ដំណើរ​វិត្ត​មកកាន់​មាតុ​ភូ​នេះ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ សម្រាប់​កិច្ច​ស្វាគមន៍​នេះដែរ ក៏មាន​វត្តមាន​មន្ត្រី​ស្ថានទូត​កូរ៉េខាងជើង ដែលជា​ម្ចាស់​ក្បាច់គុន​នេះ​ផងដែរ​។



​ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​២២ ឧសភា នា​វិមាន​សន្តិភាព​៕       








Tag:
 តេ​ក្វាន់​ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com