ជាតិ
នយោបាយជាតិ
លោក គង់ មុនីកា ប្រាប់ពលរដ្ឋថា គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសក្ដានុពលប្រកួតជាមួយCPP រូបពីហ្វេសប៊ុកលោក គង់ មុនិកា
× ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាជម្រើសថ្មី និងមានសក្ដានុពល ក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ នេះជាការឡើងរបស់លោក គង់ មុនីកា ដែលកំពុងត្រៀមខ្លួនប្រកួតបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ខាងមុខ។
ខណៈដែលពលរដ្ឋកំពុងរងគ្រោះ ដោយសារទស្សនរបស់អ្នកនយោបាយផ្សេងគ្នា ដែលម្ខាងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត និងម្ខាងទៀត ហាមមិនឲ្យទៅបោះឆ្នោតនោះ វាបានក្លាយទៅជារូបភាពអាក្រក់មួយ សម្រាប់ដំណើរការបោះឆ្នោតនៅអាណត្តិទី៦នេះ ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា យល់ឃើញថា បញ្ហាចម្រូងចម្រាសនេះ វាពិតជាបង្កការលំបាកផ្លូវចិត្តដល់ពលរដ្ឋ និងគណបក្សនយោបាយតូចៗ ដោយសារតែការអំពាវនាវរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ ក្នុងន័យនេះលោក គង់ មុនីកា បានស្នើឲ្យលោក សម រង្ស៊ី ផ្លាស់ប្ដូរសារនយោបាយ ដែលហាមពលរដ្ឋទៅបោះឆ្នោតនោះវិញ ដើម្បីទុកឱកាសដល់អ្នកនយោបាយជំនាន់ក្រោយ អាចមានលទ្ធភាពចូលរួមប្រកួតនាពេលខាងមុខ។
លោក គង់ មុនីកា ដែលទើបយកពាក្យទៅដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនោះ បានអំពាវនាវឲ្យពលរដ្ឋពិចារណាឡើងវិញ ក្នុងការបំពេញសិទ្ធបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ លោក គង់ មុនីកា បានលើកទឹកចិត្តឲ្យពលរដ្ឋពិចារណាលើ គណបក្សឆន្ទៈខ្មែរ ដែលជាជម្រើសថ្មី ខណៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏មានសក្ដានុពល ក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
ឆ្លើយសំនួរអ្នកកាសែត នៅទីស្នាក់ការ គ.ជ.ប កាលពីថ្ងៃទី១៤ ឧសភា លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ ដែលស្និទ្ធជាមួយលោក សម រង្ស៊ី បាននិយាយដូច្នេះថា៖«ការពិតទៅអតីតគណបក្សដែលលេចធ្លោរកន្លងមក គឺមានតែអតីតគណបក្សសង្គ្រោះជាតិទេ ដែលអាចមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ ក៏ប៉ុន្តែដោយសារការបោះឆ្នោតខាងមុខនេះអវត្តមានគណបក្សសង្គ្រោះជាតិ យើងខ្ញុំពិតជាមានការសោកស្ដាយជាខ្លាំង។ ក៏ប៉ុន្តែយើងចង់ឲ្យមានការចាប់ផ្ដើមមួយជាថ្មី ហើយយើងសង្ឃឹមថា គណបក្សជាច្រើនដែលចូលរួមការបោះឆ្នោតនេះ នឹងប្រកួតប្រជែងគ្នាដោយសារស្មើភាព ហើយក្នុងនោះយើងសង្កេតឃើញគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសក្ដានុពលផងដែរ…។ ហើយការបង្កើតគណបក្សឆន្ទៈខ្មែរនេះឡើង ដើម្បីផ្ដល់ជាជម្រើសដល់ប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតឲ្យមានជម្រើស បន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយមក…ហើយគណបក្សឆន្ទៈខ្មែរនឹងធ្វើសកម្មភាពនៅមូលដ្ឋាន និងតាមខេត្តផ្សេងៗទៀត ដើម្បីធ្វើការពន្យល់ដល់សកម្មជនពីបំណងយើង»។
មកដល់ពេលនេះ គណបក្សនយោបាយចំនួន៤ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការហើយ គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។ ចំណែកគណបក្សជាង១០ទៀត កំពុងស្ថិតនៅក្នុងដៃរបស់ គ.ជ.ប ដើម្បីត្រួតពិនិត្យលើពាក្យស្នើសុំនេះ។
ប៉ុន្តែដំណើរការបោះឆ្នោតនៅពេលខាងមុខនេះ ត្រូវបានគេវាយតម្លៃថា ពលរដ្ឋដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ទំនងជាពហិការបោះឆ្នោតច្រើន ដែលវាអាចជារូបភាពអាក្រក់មួយ សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ។
តែទោះជាចំនួនពលរដ្ឋ ទៅបោះឆ្នោតក្រោម៥០ភាគរយក្តី ក៏ចាត់ទុកជាសំឡេងបានការ ក្នុងការជ្រើសតំណាងរាស្ត្រ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ។ នេះជាការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្លើយតបទៅនឹងមជ្ឈដ្ឋានទូទៅ ដែលប្រកាសមិនទទួលលទ្ធផលបោះឆ្នោតនៅកម្ពុជា៕
Tag:
គង់ មុនីកា
គណបក្សឆន្ទៈខ្មែរ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
CPP
គណបក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com