កត្តា​ទាំងនេះ​អាច​នាំ​ឲ្យ​ប្រឈម​នឹង​ការ​រលាក​សួត​កាន់តែខ្លាំង​

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
កត្តា​ទាំងនេះ​អាច​នាំ​ឲ្យ​ប្រឈម​នឹង​ការ​រលាក​សួត​កាន់តែខ្លាំង​
15, May 2018 , 6:59 pm         2010
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សួត​គឺជា​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​នៅក្នុង​សាច់​សួត​។ វា​ប៉ះពាល់​ទៅលើ​ថង​សួត​តូចៗ​ក្នុង​សួត​ដែល​ហៅថា Alveoli និង​ធ្វើ​ឲ្យ​កន្លែង​នេះ​ពោរពេញ​ទៅដោយ​ទឹក ឬ​ខ្ទុះ​ផងដែរ​។ ដោយសារតែ Alveoli ជា​កន្លែង​ប​ណ្តុ​រ​អុកស៊ីសែន និង​ឧស្ម័ន​កាបូ​និ​ចរ​វាង​សួត និង​ចរន្តឈាម ដូច្នេះ​ជំងឺ​រលាក​សួត​អាច​នឹងធ្វើ​ឲ្យ​កន្លែង​នេះ​ទៅជា​ពិបាក​ធ្វើការ និង​ពិបាក​ដកដង្ហើម​បាន​។ អាកា​រៈញឹក​ញាប់​នៃ​ជំងឺ​រលាក​សួត​មានដូចជា ក្អក ឈឺទ្រូង អស់កម្លាំង ក្តៅខ្លួន បែកញើស គ្រុនញាក់ ចង្អោ ក្អួត និង​វង្វេងវង្វាន់​។



​ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​រលាក​សួត​បាន ទោះបី​ខ្លះ​មិន​បង្ក​ឡើ​ដោយ​វីរុស ឬ​បាក់តេរី​ក៏ដោយ​៖

​ជក់បារី​
​ការជក់បារី​ធ្វើ​ឲ្យ​ជាតិពុល​រាប់ពាន់​ប្រភេទ​ចូលទៅក្នុង​ខ្លួន​តាមរយៈ​សួត ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សួត​ខូចខាត​ដំបូង​គេ​ដែរ ថ្វីបើ​សរីរាង្គ​ផ្សេងៗ​ជាច្រើន​អាច​រង​ការប៉ះពាល់​ដែរ​។ វា​ក៏​ជា​ហេតុផល​ច្បាស់លាស់​មួយ​ដែល​និយាយថា ឲ្យ​តែ​អ្នក​ជក់បារី​ដឹង​តែ​រលាក​សួត​ជាងគេ​ហើយ​។ គ្រូពេទ្យ​និយាយថា ស្ទើ​តែ ១០​ភាគរយ​នៃ​មនុស្ស​ទាំងអស់​ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​ការ​រលាក​សួត​ទាក់ទង​នឹង​ការជក់បារី អាច​ក្លាយទៅជា​មហារីក​សួត​នៅ​រយៈពេល ១២​ខែក្រោយ​។

​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាចជួយ​ឲ្យ​សុខភាព​កាន់តែ​ល្អ​ជាង​មុន​បាន​។ ប៉ុន្តែ​ការដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​វិញ វា​អាច​នឹង​បង្កើតជា​រឿង​ផ្ទុយគ្នា​វិញ​។ មាន​បញ្ហា​សុខភាព​ច្រើនណាស់​ដែល​អ្នក​អាចបង្កើត​ដល់​ខ្លួនឯងបាន​បើសិនជា​អ្នកសម្រេចចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ហើយ​ក្នុងនោះ​ក៏​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​រលាក​សួត​បានដែរ​។ រឿងនេះ​ត្រូវបាន​គេ​ដឹងថា វា​នឹង​ទៅ​បន្ថយ​ចំនួន​កោសិកា​គ្រាប់​ឈាមស​ក្នុង​រាងកាយ ដែលជា​ហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ កាលណា​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ហើយ រាងកាយ​នឹង​មិនសូវមាន​អ្នកការពារ​ពី​ការឈ្លានពាន​របស់​បាក់តេរី និង​វីរុស​ដែល​ចូលទៅក្នុង​ថង់​ទងសួត​ឡើយ ដូច្នេះ​វា​ងាយ​នឹង​រលាក​ទៅជា​ជំងឺ​រលាក​សួត​ណាស់​។

​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​មិនមែន​គ្រាន់តែ​បង្កឡើង​ដោយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​នោះទេ តែ ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​ជីវជាតិ​គ្រប់គ្រាន់​ក៏​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​បានដែរ​។ ការ​មិនបាន​ហាត់ប្រាណ​គ្រប់គ្រាន់​អាចជា​ចំណុច​មួយ​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មិនសូវ​ខ្លាំង​ដែរ​ខណៈពេលដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​ក៏​ជា​មូលហេតុ​មួយ​ដូចគ្នា​ដែរ​។ ដូច្នេះ​ការ​រលាក​សួត​ងាយ​នឹង​កើត​ឡើងលើ​មនុស្ស​ប្រភេទ​នេះ​ណាស់​។

​កំពុង​តែមាន​ជំងឺ​ផ្តាសាយ​
​យោងទៅតាម​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា អ្នក​ប្រហែលជា​ប្រ​ឈាម​នឹង​ជំងឺ​រលាក​សួត​បើសិនជា​អ្នកមាន​ជំងឺ​ផ្តាសាយ​។ នេះ​ដោយសារតែ​វីរុស​ស្រដៀង​គ្នា​នឹង​បង្ក​ជំងឺ​ផ្តាសាយ​អាចជា​ដើមហេតុ​នាំ​ឲ្យ​រលាក​សួត​ដែរ​។ ប៉ុន្តែ​ដោយសារតែ​ជំងឺ​ផ្តាសាយ វា​មិន​ប្រាកដថា​អ្នកដឹង​តែមាន​ជំងឺ​រលាក​សួត​បន្ត​ឡើយ​។ រឿងនេះ​កម្រ​នឹង​កើតឡើង​ណាស់ ប៉ុន្តែ​មិនមែន​មានន័យថា​វា​នឹងមិន​កើតឡើង​សោះ​នោះទេ​។ ជំងឺ​រលាក​សួត​ដោយសារតែ​ការបង្ក​រោគ​ដោយ​វីរុស​នៅ​ផ្លូវដង្ហើម​ខាងលើ​គឺជា​រឿង​មួយ​កើតឡើង​ញឹកញាប់​លើ​កុមារ មនុស្ស​ចាស់ និង​ស្ត្រី​មាន​ផ្ទៃពោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next