កីឡាអន្តរជាតិ
អន្តរជាតិ
រូបថត Ozil និង Gundogan ជាមួយ​ប្រធានាធិបតី​តួ​ក​គី រង​ការរិះគន់​យ៉ាងខ្លាំង​
15, May 2018 , 8:59 pm        
រូបភាព
​កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់ Mesut Özil និង Ilkay Gündogan រង​ការរិះគន់​យ៉ាងខ្លាំង​ដោយ​ពួកគេ​បាន​ជួប​លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan នា​អំឡុង​ការឃោសនាបោះឆ្នោត​។ កីឡាករ​ទាំងពីរ​សុទ្ធ​តែមាន​សាច់ឈាម​តួ​ក​គី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ​កីឡា​អាល្លឺម៉ង់ DW​។​



​លោក Erdogan ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​សភា​ឡើងវិញ​នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០១៨ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ចក្រភព​អង់គ្លេស​រយៈពេល ៣ ថ្ងៃ​ដែល​ត្រូវបាន​ទទួល​ដោយ​មហាក្សត្រី Elizabeth II និង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Theresa May នៅ​ថ្ងៃ​អង្គារ​ទី​១៥ ខែឧសភា​។​





Ozil ខ្សែបម្រើ Arsenal និង​ខ្សែបម្រើ Manchester City កីឡាករ Gundogan រួមទាំង​ខ្សែប្រយុទ្ធ Cenk Tosun របស់ Everton បាន​ជួប​ជាមួយ​លោក Recep Tayyip Erdogan នៅឯ​សណ្ឋាគារ Four Seasons នៅ​ក្រុង​ឡុង​ដ៏ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ និង​បាន​ថតរូប​ជាមួយគ្នា​ផង ស្របពេល​ប្រធានាធិបតី​តួ​ក​គី​រូបនេះ​កំពុង​ធ្វើ​យុទ្ធនា​ឃោសនាការ​បោះឆ្នោត​។



​កីឡាករ​ទាំង​៣​រូបនោះ បាន​ថតរូប​ដោយមាន​កាន់​អាវយឺត​ដែលជា​ឯកសណ្ឋាន​ក្លិប​ដែល​ពួកគេ​ប្រកប​អាជីព​រៀងខ្លួន​ជាមួយ​លោក​ធានា​ធិបតី​។ ដោយឡែក Gündogan ដែល​ថតរូប​មានភ្ជាប់​អាវ Man City ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Twitter ដោយ​សរសេរ​សារ​ផ្ទាល់ខ្លួន​ថា​៖« ជាមួយនឹង​ការគោរព​ដ៏​ធំធេង​សម្រាប់​ប្រធានាធិបតី​របស់ខ្ញុំ​»​។​

​ក្រោយ​ថតរូប​ជាមួយ​អ្នកនយោបាយ កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​ទាំងពីរ​រូប​ត្រូវ​រង​ការរិះគន់​ពី​សំណាក់​លោក Reinhard Grindel ប្រធាន​សមាគម​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB)​។

«​ជាការ​ពិតណាស់ DFB គោរព​លក្ខខណ្ឌ​ពិសេស​របស់​កីឡាករ​យើង​ដែល​បាន​ចូលសញ្ជាតិ និង​ជា​ជន​ចំណាកស្រុក​។ ប៉ុន្តែ​បាល់ទាត់ និង DFB មាន​ជំហរ​ផ្ទាល់ខ្លួន ដែល​មិន​ត្រូវបាន​គោរព​ពី​លោក Erdogan ឡើយ​។ វា​មិនល្អ​ទេ​ដែល​កីឡាករ​របស់​យើង​កំពុង​ត្រូវបាន​គេ​ធ្វើ​អាជីវកម្ម​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ពី​សំណាក់​នរណាម្នាក់​។ ហើយ​សកម្មភាព​របស់​កីឡាករ​ទាំងនោះ មិនបាន​ជួយ​ឲ្យ​មានការ​រីកចម្រើន​ដល់ DFB ឡើយ​»៕

Tag:
 បាល់ទាត់​
  Mesut Özil
  Ilkay Gündogan
  Recep Tayyip Erdogan
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com