ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​៖ គ​.​ជ​.​ប ទទួលស្គាល់​ការចុះបញ្ជី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
15, May 2018 , 9:54 pm        
រូបភាព
ហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាគណបក្សទី៥ដែលត្រូវបានចុះបញ្ជី​ដើម្បីចូលរួម​ប្រកួតប្រជែងការបោះឆ្នោត
ហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាគណបក្សទី៥ដែលត្រូវបានចុះបញ្ជី​ដើម្បីចូលរួម​ប្រកួតប្រជែងការបោះឆ្នោត
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១៥ ខែឧសភា បានទទួល​ស្គាល់​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ឈរ​នៅ​២៥​មណ្ឌល​។ នេះ​បើតាម​ការអះអាង​របស់​លោក ឌឹ​ម សុ​វណ្ណា​រុំ ដែលជា​អ្នកនាំពាក្យ​។​



​រយៈពេល​១៥​ថ្ងៃ​នៃ​ការចុះឈ្មោះ​គណបក្សនយោបាយ​ដែល​បិទ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ គណបក្ស​មាន​រហូត​ទៅ​២០​ឯណោះ ដែល​បាន​យកពាក្យ​ទៅ​ដាក់​នៅ​គ​.​ជ​.​ប​. ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​។​

​ហ្វ៊ុន​ស៊ិន​ប៊ិច​ជា​គណបក្ស​ទី​៥​ដែល​ត្រូវបាន​ទទួលស្គាល់ បន្ទាប់ គណបក្ស​យុវជន​កម្ពុជា​ដែល​ឈរ​នៅ​១៧​មណ្ឌល គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈរ​នៅ​២៥​មណ្ឌល គណបក្ស​សញ្ជាតិ​កម្ពុជា​ដែល​ឈរ​នៅ​២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​ឈរ​នៅ​២៥​មណ្ឌល​។​


​គណបក្ស​ដែល​គ​.​ជ​.​ប កំពុង​ពិនិត្យ​ហើយ​ឈានដល់​ការសម្រេច​ចុងក្រោយ​នៅ​ថ្ងៃទី​១៨ ខែឧសភា រួមមាន គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ថ្មី​។ នៅ​ថ្ងៃទី​១៩ ខែឧសភា គ​.​ជ​.​ប នឹង​សម្រេច​ចុងក្រោយ​លើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។

​គណបក្ស​ដែល​បានដាក់​ពាក្យ​នៅ​ថ្ងៃ​ចុងក្រោយ​រួមមាន គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​រស្មី​ខេមរា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​មាតុភូមិ​យើង គណបក្ស​ឆន្ទៈ​ខ្មែរ ខណៈ​គណបក្ស​ខ្មែរ​ក្រោក បានដាក់​ពាក្យ​នៅ​ម៉ោង​៥ និង​៣៥​នាទី​។ នៅ​ថ្ងៃទី​២១ ខែឧសភា គ​.​ជ​.​ប នឹង​សម្រេច​លើ​ការសុំ​ចុះបញ្ជី​គណបក្ស​ទាំងនេះ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​នីតិកាល​ទី​៥ មាន​គណបក្ស​តែ​៨​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​៕


Tag:
 បោះឆ្នោត
  ហ៊្វុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com