FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារម៉ិកស៊ិក Marquez អាចមានវត្តមាននៅ World Cup លើកទី៥ Marquez កាលលេងឲ្យម៉ិកស៊ីកក្នុងការប្រកួត World Cup នៅប្រេស៊ីល ឆ្នាំ២០១៤
× ខ្សែការពារចាស់វស្សា Rafael Marquez អាចក្លាយជាកីឡាករទី ៤ ក្នុងការបង្ហាញខ្លួននៃការប្រកួតពានរង្វាន់ FIFA World Cup ជាលើកទី ៥ បន្ទាប់ពីរូបគេត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីសមាសភាព ២៨នាក់របស់ក្រុមជម្រើសជាតិម៉ិកស៊ិកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ី ឆ្នាំ២០១៨។
ប្រសិនបើអតីតខ្សែការពារឆ្នើមរបស់ Barcelona រូបនេះអាចលេងជាខ្សែការពារឲ្យម៉ិកស៊ិកក្នុងអំឡុងព្រឹត្តិការណ៍ពិភពលោកចាប់ពីថ្ងៃនៅថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះមែននោះ រូបគេនឹងអាចតាមស្មើកំណត់ត្រារបស់អតីតខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Lothar Matthaeus អ្នកចាំទីអ៊ីតាលី Gianluigi Buffon និងអតីតអ្នកចាំទីម៉ិកស៊ិក Antonio Carbajal ក្នុងនាមជាកីឡាករដែលបានបង្ហាញខ្លួន ៥លើករបស់ពិភពលោក។
សមាសភាព ២៨ នាក់របស់គ្រូបង្វឹកម៉ិកស៊ិកលោក Juan Carlos Osorio បានបង្ហាញរួចហើយក្នុងនោះក៏មាន Marquez ម្នាក់ដែរ បើទោះមានវ័យ៣៩ឆ្នាំទៅហើយក្តី។ កូតារបស់ FIFA តម្រូវឲ្យក្រុមទាំងអស់មានចំនួនកីឡាករត្រឹម២៣នាក់ប៉ុណ្ណោះដើម្បីចូលរួមក្នុង World Cup ដូច្នេះក្រុមមកពីអាមេរិកឡាទីនមួយនេះនឹងជម្រុះ ៥នាក់ចេញទៀត ហើយត្រូវប្រកាសលើកចុងក្រោយឲ្យបានមុនថ្ងៃទី៤ ខែមិថុនា។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការបង្ហាញខ្លួននៅក្នុងការប្រកួត World Cup លើកទី ៥ គឺជាការលាដ៏សមគួរមួយសម្រាប់ Marquez ដែលបានប្រកាសពីផែនការចូលនិវត្តន៍បន្ទាប់ពីយុទ្ធនាការនៅរុស្ស៊ីបញ្ចប់។
Marquez គឺជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដែលល្បីបំផុតរបស់ម៉ិកស៊ិក ដែលប្រកបអាជីពបានរយៈពេលយូរជាងគេ ក្នុងនោះធ្លាប់លេងឲ្យក្រុម Monaco, NY Red Bulls, Hellas Verona និងបច្ចុប្បន្ននៅក្លិប Atlas។
ម៉ិកស៊ិកស្ថិតក្នុងពូល F ត្រូវជួបជាមួយម្ចាស់ការពារតំណែងជើងឯកអាល្លឺម៉ង់ កូរ៉េខាងត្បូង និងស៊ុយអែត។ ការប្រកួតលើកដំបូងរបស់ពួកគេនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមិថុនាដែលត្រូវប៉ះអាល្លឺម៉ង់៕
សមាសភាពទាំង២៨នាក់ របស់ម៉ិកស៊ិកមានដូចជា៖
អ្នកចាំទី៖ Guillermo Ochoa (Standard Liege), Alfredo Talavera (Toluca), Jesus Corona (Cruz Azul).
ខ្សែការពារ៖ Carlos Salcedo (Frankfurt), Nestor Araujo (Santos Laguna), Diego Reyes (Porto), Hector Moreno (Real Sociedad), Hugo Ayala (Tigres), Oswaldo Alanis (Guadalajara), Edson Alvarez (America), Jesus Gallardo (Pumas), Miguel Layun (Sevilla).
ខ្សែបម្រើ៖ Jesus Molina (Monterrey), Rafael Marquez (Atlas), Hector Herrera (Porto), Jonathan dos Santos (LA Galaxy), Andres Guardado (Real Betis), Erick Gutierrez (Pachuca), Marco Fabian (Frankfurt), Giovani Dos Santos (LA Galaxy).
ខ្សែប្រយុទ្ធ៖ Javier Hernandez (West Ham), Raul Jimenez (Benfica), Oribe Peralta (America), Jesus Manuel Corona (Porto), Carlos Vela (Los Angeles FC), Javier Aquino (Tigres), Hirving Lozano (PSV Eindhoven), Jurgen Damm (Tigres).
Tag:
បាល់ទាត់
FIFA World Cup
Rafael Marquez
GroupF
© រក្សាសិទ្ធិដោយ thmeythmey.com