អន្តរជាតិ
កូរ៉េខាងជើង ព្រមាន​លុបចោល​ជំនួប​ជាមួយ ត្រាំ ក្រោយ​លុបចោល​ជំនួប​ជាមួយ​កូរ៉េខាងត្បូង​
16, May 2018 , 9:53 am        
រូបភាព
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៦ ខែឧសភា បានបង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​សមយុទ្ធ​យោធា​ផ្លូវអាកាស​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​។ ដោយ​ចាត់ទុក​សមយុទ្ធ​ជា​សកម្មភាព​បង្ករឿង កូរ៉េខាងជើង​បានសម្រេច​ចិត្តបាន​លុបចោល​ជំនួប​ចរចា​ជាមួយ​កូរ៉េខាងត្បូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៦ នេះ​ភ្លាមៗ​ផង​។ មិន​ត្រឹម​លុបចោល​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​ដោយ​ឥត​ព្រៀងទុក​ឡើយ កូរ៉េខាងជើង​ក៏​ព្រមាន​លុបចោល​ជំនួប​ជាមួយ​ប្រ​ធា​នាធ​បិ​តី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅទៀត​។



​ស្ថានភាព​ជុំវិញ​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​ល្អូក​ល្អឺ​ន​កក់ក្ដៅ បែរ​ទៅជា​ចុះ​ត្រជាក់​ទៅវិញ ហើយ​ជំនួប​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅឯ​សិង្ហ​បុរី​ក៏​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ទៅទៀត​។ នៅ​ថ្ងៃទី​១៦ ខែឧសភា ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ផ្សាយ​ថា កូរ៉េខាងជើង​បានសម្រេច​ចិត្ត​ផ្អាក​ជំនួប​ជាមួយ​កូរ៉េខាងត្បូង​នៅ​តំបន់​គ្មាន​កងទ័ព ដែល​កូរ៉េខាងជើង​ខ្លួនឯង​ជា​អ្នកស្នើ​ទៅកាន់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​១៥ ខែឧសភា​។​

​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​សប្បាយចិត្ត​នោះ គឺ​គ្មានអ្វី​ក្រៅពី​សមយុទ្ធ​ដែនអាកាស Max Thunder រវាង​យោធា​កូរ៉េខាងត្បូង និង​អាមេរិក​ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​អះអាងថា សមយុទ្ធ​នេះ​ជាការ​បង្កហេតុ​ដ៏​ឈ្លើយ ឃោរឃៅ ជាការ​ធ្វើ​ត្រាប់​ដើម្បី​ឈ្លានពាន និង​ធ្វើឡើង​ចំ​ពេលដែល​ទំនាក់ទំនង​អន្តរ​កូរ៉េ​ល្អប្រសើរ​។ កូរ៉េខាងជើង​ក៏​រំឭក​ដែរ​ថា ការបង្ហាញ​ឆន្ទៈ និង​ការ​ផ្ដល់ឱកាស គឺមាន​កំណត់​។​

​ក្រៅពី​មិន​ពេញចិត្ត​សមយុទ្ធ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ស្រង់​សម្តី​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង Kim Kye-gwan មិន​ពេញចិត្ត​ចំពោះ​ការទាមទារ​ឲ្យ​ខ្លួន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​ដែរ​។​

​កូរ៉េខាងជើង​ទំនងជា​ចង់​ប្រាប់​អាមេរិក និង​កូរ៉េខាងត្បូង​ថា ខ្លួន​បានបង្ហាញ​ឆន្ទៈ​ល្អជា​ច្រើនលើក និង​ជួបចរចា​ជា​បន្តបន្ទាប់ តែ​ភាគី​ផ្សេង​បែរជា​មិន​ចាប់យក​ឱកាសល្អ​នេះ​ទៅវិញ​។ ក្រុង​ព្យុងយ៉ាង​បានសម្រេច​ចិត្ត​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល ព្រមទាំង​បានប្រកាស​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ជា​សាធារណៈ​ផង​។ នេះ​ជា​សម្បទាន​ធំៗ​របស់​កូរ៉េខាងជើង ប៉ុន្តែ​អាមេរិក​នៅ​មិនទាន់​ឃើញ​មាន​ការធ្វើសម្បទាន​ណាមួយ​ឡើយ​។ 

​តាមពិតទៅ សមយុទ្ធ Max Thunder ចាប់ផ្ដើម​តាំងពី​សប្ដាហ៍​មុន​មកម្ល៉េះ ដោយមាន​វត្តមាន​យន្តហោះ​ចូលរួម​ប្រមាណ​១០០​គ្រឿង​រួមមាន​បំបាំងកាយ F-22 និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 ផង ។ ជាមួយនឹង​ការមិន​ពេញចិត្ត​ចំពោះ​សមយុទ្ធ​យោធា​នេះ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ព្រមាន​ទៅ​អាមេរិក​ថា​៖ «​អាមេរិក​ត្រូវតែ​គិត​ឲ្យ​បាន​ពីរដង​លើ​អនាគត​នៃ​ជំនួប​មេដឹកនាំ​កូរ៉េខាងជើង និង​អាមេរិក​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​កូរ៉េខាងត្បូង​បានបង្ហាញ​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រកាស​របស់​កូរ៉េខាងជើង​។ ក្រសួង​ការបង្រួបបង្រួម​កូរ៉េ​របស់​កូរ៉េខាងត្បូង​និយាយថា ការយក​សមយុទ្ធ​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើជា​លេស​មិន​សមស្រប​ស្មារតី​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​ឡើយ តែ​កូរ៉េខាងត្បូង​នឹង​នៅតែ​ប្ដេជ្ញាចិត្ត​អនុវត្តតាម​ការឯកភាព​របស់​មេដឹកនាំ​។ ឯ​អាមេរិក​ប្រាប់​កូរ៉េខាងជើង​វិញ​ថា លោក គីម ជុង​អ៊ុន​ធ្លាប់​បង្ហាញ​ជំហរ​ទ​ទួ​យក​សមយុទ្ធ​យោធា​អាមេរិក និង​កូរ៉េខាងត្បូង​ដែរ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com