ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ហៅ​ការអូសទាញ​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ថា​ជាការ​បំផ្លាញ​ប្រជាធិបតេយ្យ​
16, May 2018 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ក្រុម​ដែល​ព្យា​យាយ​អំពាវនាវ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទៅ​បោះឆ្នោត ថា​ជា​ក្រុម​អគតិ ដែល​មានបំណង​បំផ្លាញ​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។



​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្សកាន់អំណាច បានសរសេរថា​៖«​គ្មាន​មេដឹកនាំ​ណាមួយ ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​បោះឆ្នោត​ទេ មានតែ​ជន​អគតិ​ដែលមាន​បំណង​បំផ្លិចបំផ្លាញ​ល​ទ្ឋិ​ប្រជាធិបតេយ្យ និង​ឆន្ទៈ​ប្រជាពលរដ្ឋ ទើប​ពួកគេ​អាចធ្វើ​ដូច្នេះ​»​។​

​សម្តេច ហ៊ុន សែន ឆ្លៀត​លើកឡើង​ពី​ចំនួន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខ្លះ ដែល​ទៅ​បោះឆ្នោត មក​ប្រៀបធៀប​នឹង​កម្ពុជា​។ ប្រធាន​គណបក្សកាន់អំណាច អះអាងថា នៅ​សហគមន៍​អឺរ៉ុប ចំនួន​ប្រជាពលរដ្ឋ ដែល​ទៅ​បោះឆ្នោត គឺ​ក្នុង​រង្វង់​៣០​ភាគរយ ក៏​អាច​ទទួលយកបាន រីឯ​សហរដ្ឋអាមេរិក តែ​ក្នុង​រង្វង់​៤០​ភាគរយ​ប៉ុណ្ណោះ​។

​ប្រមុខ​រដ្ឋាភិបាល បែរមក​និយាយ​ពី​កម្ពុជា​ថា នៅ​កម្ពុជា គឺមាន​ពលរដ្ឋ​ដល់​ទៅ​ជាង​៦៩​ភាគរយ ដែល​ទៅ​បោះឆ្នោត​។  បន្ទាប់មក នាយករដ្ឋមន្ត្រី​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចូលរួម​បោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​សម្តេច ហ៊ុន សែន ធ្លាប់​ប្រកាសថា​កន្លងមក​ថា ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ខុស​នឹង​ច្បាប់​នៅ​កម្ពុជា​។

​លោក សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ លោក សម រង្ស៊ី ហៅ​ការបោះឆ្នោត ដែល​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​មិនអាច​យកជាការបាន​នោះទេ​៕


Tag:
 បោះឆ្នោត​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com