ជាតិ
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ដករដ្ឋលេខាធិការ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចេញពីសមាជិករដ្ឋាភិបាល រូបពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
× សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃសុក្រទី១១ខែឧសភា។ សេចក្តីព្រាងច្បាប់នេះ ចែងកំណត់សមាសភាពសមាជិករដ្ឋាភិបាលនៃនីតិកាលរដ្ឋសភាទី៦ទៅ មានទំហំតូចជាងមុន ដោយសារតែចំនួនរដ្ឋលេខាធិការដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមក្រសួងនីមួយៗ នឹងលែងជាសមាជិករដ្ឋាភិបាលទៀតហើយ។ ប៉ុន្តែ ការតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិកានៅទីស្តីការគណៈរដ្ឋមន្ត្រី និងនៅតាមក្រសួង ស្ថាប័ននានា ត្រូវធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ បន្ទាប់មានពីមានសំណើរបស់នាយករដ្ឋមន្ត្រីថ្វាយព្រះមហាក្សត្រ។
សេចក្តីព្រាងច្បាប់ដែលមាន៥៩មាត្រា ត្រូវបានប្រកាសថា«ជាការប្រញាប់»នៅក្នុងខ្លឹមសារនៃច្បាប់នេះតែម្តង។ មាត្រា៥៦ ក៏ចែងច្បាស់ដែរថា ច្បាប់នេះត្រូវយកទៅអនុវត្តចាប់ពីនីតិកាលទី៦នៃរដ្ឋសភាតទៅ។ មន្ត្រីជាន់ខ្ពស់មួយរូបនៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់សារព័ត៌មានថ្មីៗថា សេចក្តីព្រាងច្បាប់នេះ អាចនឹងត្រូវដាក់ជូនរដ្ឋសភាអនុម័តឲ្យបានមុនការបោះឆ្នោតនីតិកាលទី៦។
យោងតាមសេចក្តីព្រាងច្បាប់ដែលសារព័ត៌មានថ្មីៗទទួលបានក្រោយការអនុម័តរបស់គណៈរដ្ឋមន្ត្រី ចាប់ពីអាណត្តិទី៦ «សមាសភាពនៃរាជរដ្ឋាភិបាលមាន៖ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី»។ មាត្រា៥៣នៃសេចក្តីព្រាងច្បាប់នេះ ក៏ចែងដែរថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ដែរ។
ការតាក់តែង និងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១១៨ កាលពីខែកុម្ភៈកន្លងទៅ ដោយដកតំណែងរដ្ឋលេខាធិការពីសមាជិករដ្ឋាភិបាល។
«ច្បាប់នេះមានគោលបំណងធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។ នេះជាខ្លឹមសារនៃមាត្រា១ ដែលបន្តដោយមាត្រា២ដែលសរសេរថា៖«ច្បាប់នេះមានគោលកំណត់អំពីសមាសភាព សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រីដែលជារដ្ឋាភិបាល»។
និយាយអំពីដំណើរការរបស់ក្រសួងវិញ។ ថ្វីដ្បិតតែមាត្រា៤៣នៃសេចក្តីព្រាងច្បាប់នេះចែងថា ក្រសួងនីមួយៗមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមួយចំនួនតាមការចាំបាច់ មាត្រា៤៤នៃសេចក្តីព្រាងច្បាប់នេះចែងថា «ក្រសួងនីមួយៗ មានរដ្ឋលេខាធិការប្រចាំការមួយរូប ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី តាមសំណើររបស់រដ្ឋមន្ត្រីនៃក្រសួងសាមី ដើម្បីជួយការងារទូទៅប្រចាំថ្ងៃរបស់ក្រសួង»។
ក្នុងករណីដែលរដ្ឋមន្ត្រីអវត្តមាន ឬមានភារកិច្ចមិនអាចដឹកនាំ គ្រប់គ្រងក្រសួងបានជាបណ្តោះអាសន្ននោះ មាត្រា៤២ចែងឲ្យរដ្ឋលេខាធិកាប្រចាំការនោះ ត្រូវទទួលដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួងក្នុងឋានៈជារដ្ឋមន្ត្រីស្តីទី រហូតដល់មានវត្តមានរដ្ឋមន្ត្រីនៃក្រសួងសាមី។ មាត្រាដដែលចែងបន្តថា ក្នុងករណីដែលរដ្ឋលេខាធិកាប្រចាំ មិនអាចបំពេញតួនាទីជារដ្ឋមន្ត្រីស្តីទីបាន រដ្ឋមន្ត្រីអាចចាត់តាំងរដ្ឋលេខាធិការផ្សេងទៀតជារដ្ឋមន្ត្រីស្តីទី។ ទោះយ៉ាងណាក៏ដោយ បើយោងតាមខ្លឹមសារនៃមាត្រា៤២ដដែល រដ្ឋមន្ត្រីស្តីទី មិនមែនជាសមាជិករដ្ឋាភិបាល ហើយត្រូវអនុវត្តសិទ្ធិអំណាចតាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រី។
ហើយ «ក្នុងករណីដែលមានកិច្ចការចាំបាច់តាមរដ្ឋធម្មនុញ្ញ និងច្បាប់តម្រូវ ឲ្យរដ្ឋមន្ត្រីជាអ្នកបំពេញតួនាទីនោះ នាយករដ្ឋមន្ត្រីចាត់តាំងសមាជិករាជរដ្ឋាភិបាលណាម្នាក់ ដើម្បីបំពេញកិច្ចការនោះជំនួសឲ្យរដ្ឋមន្ត្រីដែលអវត្តមាន»។
គួររំលឹកថា រហូតដល់ពេលនេះ ការរៀបចំគណៈរដ្ឋមន្ត្រីត្រូវបានធ្វើឡើងដោយអនុវត្តច្បាប់ដែលមានអាយុ២៤ឆ្នាំមកហើយ។ ពោលគឺច្បាប់ដែលត្រូវបានប្រកាសដោយព្រះរាជក្រមចុះថ្ងៃទី២០ខែកក្កដាឆ្នាំ១៩៩៤ ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី១នៃរដ្ឋសភា។
កាលពីពេលកន្លងមក ក្រោយពីមានការព្រលយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំគណៈរដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ទៅ មានការអធិប្បាយថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងផ្តល់អំណាចកាន់តែច្រើនដល់នាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ក៏បានធ្លាប់អត្ថាធិប្បាយឆ្លើយតបវិញថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្រួមសមាសភាពរដ្ឋាភិបាល និងប្រសិទ្ធភាពការងារតែប៉ុណ្ណោះ៕
Tag:
រដ្ឋាភិបាល
គណៈរដ្ឋមន្ត្រី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com