ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមសមាជិករដ្ឋសភា​អាមេរិក ធ្វើ​ច្បាប់​ម្តងទៀត ដើម្បី​បន្ថែម​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​
16, May 2018 , 3:19 pm        
រូបភាព
លោក Ed Royce សមាជិករដ្ឋសភាអាមេរិក ជួបលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
លោក Ed Royce សមាជិករដ្ឋសភាអាមេរិក ជួបលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ រូបពីទំព័រហ្វេសបុករបស់លោក សម រង្ស៊ី
​ភ្នំពេញ​៖ រដ្ឋាភិបាលកម្ពុជា អាច​នឹងរង​ទណ្ឌកម្ម​បន្ថែមទៀត​ពី​សំណាក់សហរដ្ឋអា​មេ​រិ​ក ប្រសិនបើ​សេចក្តីស្នើច្បាប់ ដែល​កើតចេញពី​ក្រុមសមាជិករដ្ឋសភា​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ ត្រូវបាន​អនុម័ត​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ឆ្លើយតប​ថា ត្រឹមសមាជិករដ្ឋសភា​អាមេរិក​តែ​ពីរ​-​បីនាក់ មិន​អាចមាន​ទម្ងន់​មក​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។



​សមាជិករដ្ឋសភា​អាមេរិកមួយក្រុម ដែល​សុទ្ធតែជា​អ្នកមាន​ឥទ្ធិពល បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី​ម្តងទៀត ដើម្បី​ធ្វើ​សេចក្តីស្នើច្បាប់មួយ​ស្តីពី «​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​»​។ អ្នក​ទាំងនោះ រួមមាន លោក Alan Lowenthal លោក Ted Yoho លោក Ed Royce លោក Eliot Engel លោក Brad Sherman និង​លោក Steve Chabot​។ ក្នុងចំណោមសមាជិករដ្ឋសភា​ខាងលើ មាន​អ្នកខ្លះ ធ្លាប់​ចេញមក​លូក​មាត់​លូ​កក​ពី​បញ្ហា​កម្ពុជា​រួចមកហើយ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល​។​

 ​សមាជិករដ្ឋសភាអាមេរិក​ទាំងនោះ បាន​តាក់តែង​យ៉ាង​ដូច្នេះ​ថា​៖«​សេចក្តីស្នើច្បាប់​ថ្មី​នេះ នឹង​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី​កម្ពុជា ដែល​ផ្ញើ​នៅ​សហរដ្ឋអាមេរិក និង​ដាក់​កម្រិត​លើ​ប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ទាំងអស់​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក ហើយ​ហាមឃាត់​មន្ត្រី យោធា រួមទាំង​កងកម្លាំង​សន្តិសុខ​របស់​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ប្រជាធិបតេយ្យ មិន​ឲ្យ​ចូល​ទឹកដីសហរដ្ឋ​អាមេរិក​»​។ 

​មូលហេតុ​ចម្បង ដែល​ជំរុញ​ឲ្យ​សមាជិករដ្ឋសភា នាំគ្នា​ធ្វើ​ច្បាប់​នេះ​ឡើង គឺ​ដោយសារតែ​ពួកគេ មិន​ពេញចិត្ត​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។ ពួកគេ បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​សម្តេច ហ៊ុន សែន ថា​បាន​លុបបំបាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ សម្រាប់​អាណត្តិ​ថ្មី​នេះ ដ្បិត​គណបក្សប្រឆាំង​ធំជាងគេ ត្រូវបាន​ផាត់​ចេញ​។ 

​សមាជិករដ្ឋសភាអាមេរិក​ខាងលើ មិន​សប្បាយចិត្ត​សោះឡើយ​ចំពោះ​ការគំរាមកំហែង ការចាប់​អ្នកនយោបាយ​ខាង​ប្រឆាំង​ដាក់ពន្ធនាគារ និង​ហាមឃាត់​ទាំងស្រុង​មិន​ឲ្យ​គណបក្សប្រឆាំង​ធំជាងគេ មាន​វត្តមាន​លើ​ឆាកនយោបាយ​នៅ​កម្ពុជា​។ ពួកគេ ក៏បាន​រិះគន់​របប​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​ផងដែរ​ថា រឹតត្បិត​សិទ្ធិ​របស់​សារព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល​។

​សមាជិករដ្ឋសភាអាមេរិក​ទាំងនោះ អះអាងថា សេចក្តីស្នើច្បាប់​របស់​ពួកគេ គឺមាន​បំណង​លើកកម្ពស់​ការបោះឆ្នោត​ដោយ​យុត្តិធម៌ សេរីភាព​ផ្នែក​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ពួកគេ បញ្ជាក់​ចុងក្រោយ​ថា សេចក្តីស្នើច្បាប់​ខាងលើ នឹង​ចូល​ជា​ធរមាន និង​មាន​សុពលភាព​ក្នុងការ​ដាក់ទណ្ឌកម្ម​ម​កលើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​១៨០​ថ្ងៃក្រោយ បន្ទាប់ពី​មានការ​ចុះហត្ថលេខា​យល់​ព្រម​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បកស្រាយ​ថា សេចក្តីស្នើច្បាប់​របស់សមាជិករដ្ឋសភា​អាមេរិក មិនមាន​ប្រសិទ្ធភាព និង​មិនមាន​ទម្ងន់​ក្នុងការ​ដាក់ទណ្ឌកម្ម​ម​កលើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ លោក ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​ថា ការវាយតម្លៃ​របស់សមាជិករដ្ឋសភា​អាមេរិក មាន​ច​រឹត​នយោបាយ​។ 

​បន្ទាប់មក អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​និយាយថា ការព្រមាន​បង្កក​ទ្រព្យសម្បត្តិ និង​ការហាម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក មិនមែនជា​រឿង​គួរ​ឲ្យ​ខ្វាយខ្វល់​នោះទេ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើង​ហើយ​ថា មន្ត្រី​ណា​ភ្លើ​យកលុយ​ទៅ​ទុក​ឲ្យ​គេ​រឹបអូស ក៏​យកទៅ​។ យើង​អត់​មាន​ឈឺក្បាល​វិលមុខ​អី​ទេ​។ តាមពិត មន្ត្រី​របស់​យើង មាន​ប្រាក់បៀវត្ស​ល្មមតែ​គ្រប់គ្រាន់​នឹង​ជីវភាព​ប៉ុណ្ណោះ គ្មាន​លុយ​ឯណា​សល់​រាប់រយ​លាន​ដុល្លារ ដើម្បី​ឲ្យ​គេ​រឹបអូស​ទេ​។  ហើយ [​រឿង​ទៅ​អាមេរិក​] ទោះ​ជួល​ឲ្យ​ទៅ ក៏​មិន​ទៅ​ផង​»​។

​លោក សុខ ឥសាន បន្តថា ទោះជា​រំលាយ​គណបក្សប្រឆាំង​ចោល​ក្តី ក៏​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែមាន​ដដែល​។ លោក យល់ថា ក្រុមសមាជិករដ្ឋសភារដ្ឋ​អារ​មិ​ក មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​មិនល្អ​បែបនេះ ដោយសារតែ​ពួកគេ មិនបានមក​មើលកម្ពុជា​ដោយផ្ទាល់​។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ខាងលើ អះអាង​បែបនេះ​ថា​៖«​អត់​ចាំបាច់​ស្តារឡើងវិញ​ទេ ព្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អត់​ទ្រុឌទ្រោម​ដូច​សមាជិករដ្ឋសភា​អាមេរិក​និយាយ​ឯណា​។ ប្រសិនបើ​ពួកគាត់​បានមក​កម្ពុជា ទើប​ពួកគាត់​ភ្ញាក់ផ្អើល និង​បាន​មើលឃើញ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​។ ពួកគាត់ មិនដែល​ធ្លាប់​ស្គាល់​កម្ពុជា​ផង ហើយ​ពួកគាត់​អង្គុយតែ​លើ​តុ ហើយ​សរសេរ​ច្បាប់​ដាក់ទណ្ឌកម្ម​កម្ពុជា​។ ខ្ញុំ​យល់ថា វា​មិនបាន​ផ្សារភ្ជាប់​ពី​ការពិត​នោះទេ​»​។

ការធ្វើ​ច្បាប់ ដើម្បី​បន្ថែម​ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​នាពេលនេះ គឺ​ស្ថិត​ក្នុងការ​ទេ​សៈទេសៈ​ដែល​កម្ពុជា ជិត​នឹងមាន​ការបោះឆ្នោត​។ លើកលែងតែ​គណបក្សប្រឆាំង គណបក្ស​ចំនួន​២០ ដែល​រាប់ទាំង​គណបក្ស​កាន់​ណា​ច​ផង បានដាក់​ពាក្យ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​កន្លងមក​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក បានស្នើ​ឲ្យ​ចាត់វិធានការ​មកលើរ​ដ្ឋា​ភិ​បាល​កម្ពុជា​រួចហើយ ដើម្បី​ទាមទារ​ឲ្យ​កែប្រែ​ស្ថានការណ៍​នយោបាយ​។ ជា​លទ្ធផល សហ​រដ្ឋអាមេរិក បាន​បញ្ឈប់​ការផ្តល់​ជំនួយ​មក​ឲ្យ គ​.​ជ​.​ប​. និង​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​មក​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​។ ចំណែក​សហភាព​អឺរ៉ុប ក៏បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​ដែរ ក្នុង​ការដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល​កម្ពុជា​។

​ទោះជា​យ៉ាងនេះ​ក្តី វិធានការ​របស់​សហ​គម​ន៍​អន្តរជាតិ ហាក់​មិនទាន់​ជំរុញ​ឲ្យ​មាន​ផល​វិជ្ជមាន​នោះទេ ពោលគឺ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​មិនទាន់​រស់​ឡើងវិញ ហើយ​លោក កឹម សុខា ប្រធានគណបក្សនេះ នៅតែ​បន្ត​ជាប់ពន្ធនាគារ ដដែល​។ រដ្ឋាភិបាល​កម្ពុជា និង​គណបក្សកាន់អំណាច ហាក់​មិន​ភ័យខ្លាច​នឹង​ការដាក់​សម្ពាធ​ពី​សំណាក់​ប្រទេស​ធំៗ​ទាំង​នោះឡើយ​។ ផ្ទុយទៅវិញ រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ទៅវិញ កុំ​ឲ្យ​ពួកគេ លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕

អត្ថបទទាក់ទង




Tag:
 បោះឆ្នោត​
  អាមេរិក​
  កម្ពុជា​
  ទណ្ឌកម្ម​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com