កីឡាអន្តរជាតិ
អន្តរជាតិ
Messi ទទួលស្គាល់ថា បើ Neymar ទៅ Real មែន​នោះ Barcelona នឹង​លំបាក​
16, May 2018 , 7:19 pm        
រូបភាព
Messi និង​ Neymar កាលនៅរួមក្លិប Barcelona
Messi និង​ Neymar កាលនៅរួមក្លិប Barcelona
​វា​នឹង​ជាការ​ខកចិត្ត​ដ៏​ធំ​មួយ​សម្រាប់​ក្រុម Barcelona ប្រសិនបើ Neymar ពិតជា​ផ្លាស់​ចេញពី​ក្លិប Paris Saint Germain ទៅកាន់ Real Madrid មែន​នោះ​។ នេះ​ជាការ​លើកឡើង​របស់ Lionel Messi​។​



​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ដូច្នេះ​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដែល​ធ្លាប់​ឈ្នះ​ពាន Champions League និង La Liga ពីរលើក​ជាមួយ Neymar កាល​រួមរស់​ជាមួយគ្នា​នៅ Barcelona បាន​ប្រាប់​ទៅកាន់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ PSG នេះ អំពី​ពាក្យ​ចចាមអារ៉ាម​ដែល​ទាក់ទង​នឹង​ការវិលត្រឡប់​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​វិញ​។​

​ម្ចាស់​ពាន Ballon d'or ៥​សម័យ បាន​ប្រាប់​ទូរទស្សន៍​កីឡា TyC Sports របស់​អា​ហ្ស​ង់​ទីន​ដូច្នេះ​ថា​៖«​វា​ពិតជា​គួរ​ឲ្យ​ភ័យខ្លាច​ណាស់​ព្រោះ​អ្វី​ទាំងអស់​របស់ Neymar មានន័យ​សម្រាប់ Barcelona​។ ប្រសិនជា​គាត់​បញ្ចប់​ការផ្ទេ​ទៅកាន់ Real Madrid មែន នោះ​គឺជា​ការខកចិត្ត​ដ៏​ធំ​មួយ​សម្រាប់​យើង ហើយ​កម្រិត​នៃ​ការលេង​របស់​គូប្រជែង​យើង នឹងមាន​ភាពខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​»​។​

​យ៉ាងណាក៏ដោយ នៅពេល​សួរថា តើ​ធ្លាប់បាន​ប្រាប់​ទៅ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ីថា​កុំ​ឲ្យ​គិតពី​ការផ្ទេ​ទៅ​ទឹកដី Santiago Bernabéu ដែរឬទេ​? Messi ឆ្លើយ​ទាំង​ញញឹម​ថា​៖«Neymar ដឹង​ពីអ្វី​ដែល​ខ្ញុំ​គិត ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​រួចហើយ​!»​។​



​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ បាន​ចាក​ចេញពី​ទឹកដី Nou Cam កាលពី​ខែសីហា​ឆ្នាំមុន​ជាមួយនឹង​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​យក្ស​បារាំង​។ សម្រាប់​រដូវ​កាល​ដំបូង អតីត​សមាជិក​ក្រុម Sao Paulo បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ ដោយ​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​លី​ក​កំពូល​បារាំង Ligue 1 ទៀតផង បើទោះជា​អវត្តមាន​ពី​ការរង​បួស​ជើង​រយៈពេល​ជាង​៣​ខែ​ក៏ដោយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ​មួយចំនួន​ក៏បាន​លើកឡើងថា Neymar អាច​នឹង​ចាក​ចេញពី​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុងប៉ារីស ទៅកាន់​ក្រុម​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ ដែល​បាន​ចរ​រាច​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ ពាក្យ​ចចាមអារ៉ាម​នេះ ក៏បាន​ជំរុញ​ឲ្យ​ប្រធាន​ក្លិប PSG ប្រកាស​នៅ​ដើម​សប្តាហ៍​នេះ​ថា Neymar «២០០០ ភាគរយ​» នឹង​នៅ​ទឹកដី Parc des Princes រដូវ​កាល​ក្រោយ​បន្តទៀត​៕


Tag:
 បាល់ទាត់​
  Neymar
  Lionel Messi
  Barcelona
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com