អន្តរជាតិ
ពូទីន សម្ពោធស្ពានភ្ជាប់រុស្ស៊ីទៅឧបទ្វីបគ្រីមៀ តែអ៊ុយក្រែនថា ស្ពានរំលោភច្បាប់អន្តរជាតិ
× ស្ពានដែលសង់ឆ្លងសមុទ្រខ្មៅភ្ជាប់ទៅឧបទ្វីបគ្រីមៀ (Crimea) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃ ១៥ ខែសភា ក្រោមវត្តមានប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន។ ភ្លាមៗនោះ អ៊ុយក្រែនបានចេញទិតៀនសំណង់ស្ពានរុស្ស៊ីនេះ ដោយអះអាងថាវាបំពានលើច្បាប់អន្តរជាតិព្រោះរុស្ស៊ីក្រសោបយកទឹកដីនេះពីខ្លួនដោយខុសច្បាប់។
លោក វ្ល៉ាឌីមៀ ពូទីន បានបើកឡានធំមួយឆ្លងកាត់ស្ពានថ្មីមួយដែលភ្ជាប់ភាគខាងត្បូងរុស្ស៊ីទៅកាន់តំបន់គ្រីមៀ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានផ្សាភ្ជាប់សាច់ឈាមនេះជាផ្លូវការ បន្ទាប់ពីសាងសង់អស់ពេលជាង ពីរឆ្នាំមកនោះ។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass លោក ពូទីន បានឆ្លៀតឱកាសថ្លែងអំណរគុណដល់បណ្តាវិស្វករ និងកម្មករដែលមានវត្តមានក្នុងកម្មវិធីនោះចំពោះការប្រឹងប្រែងកន្លងមកក្នុងការសាងសង់ស្ពានដ៏វែងដែលជាក្តីសុបិនរបស់លោក ពូទីន កន្លងមកនោះ។
ការសាងសង់ស្ពាននេះចំណាយអស់ថវិកាសរុប ៣,៦០ ពាន់លានដុល្លារអាមេរិក ហើយវាជាស្ពានដែលវែងជាងគេនៅក្នុងតំបន់អឺរ៉ុបដោយវាមានប្រវែងប្រហែល ១៩ គីឡូម៉ែត្រឯណោះ។ វិមានក្រេមឡាំងបានបញ្ជាក់ផងដែរថា ឡានអាចបើកឆ្លងកាត់ស្ពាននេះបានចាប់ពីថ្ងៃពុធទី ១៦ ខែឧសភា ហើយការសាងសង់ផ្លូវរថភ្លើងនឹងត្រូវបញ្ចប់ជាផ្លូវការនៅចុងឆ្នាំ ២០១៩ ខាងមុខ។
ដូច្នេះការសាងសង់ស្ពាននេះនឹងក្លាយជាប្រយោជន៍សំខាន់សម្រាប់រុស្ស៊ីផង និងប្រជាជនដែលរស់នៅលើឧបទ្វីបគ្រីមៀ ផងដែរ ព្រោះវាជំរុញឲ្យការផ្សាភ្ជាប់កើនឡើងរវាងប្រជាជន និងប្រជាជន ជាពិសេសជំរុញសកម្មភាពពាណិជ្ជកម្ម។ វាក៏ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រេមឡាំងផងដែរ ដើម្បីបំពេញចិត្តប្រជាជនគ្រីមៀ និងការពារកុំឲ្យលោកខាងលិចជ្រៀតជ្រែកក្នុងបញ្ហានេះទៀត ព្រោះកន្លងមកគេថ្កោលទោសរុស្ស៊ីថារំលោភច្បាប់អន្តរជាតិនិងទាត់ចោលលទ្ធផលប្រជាមតិផង។
រុស្ស៊ីក្រសោបយកគ្រីមៀ និងដាក់ទឹកដីនេះចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនក្រោយជួយគាំទ្រចលនាប្រជាមតិនៅតំបន់គ្រីមៀនៅខែ មីនាឆ្នាំ ២០១៤។ ក្រោយព្រឹត្តិការណ៍នេះកើតឡើង រុស្ស៊ីរងការថ្កោលទោសខ្លាំងពីលោកខាងលិច និងត្រូវទណ្ឌកម្មសេដ្ឋកិច្ចច្រើនជំហានផងដែរ។
ដោយឡែក ភ្លាមៗក្រោយលោក ពូទីន សម្ពោធស្ពាន ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានថ្កោលទោសរុស្ស៊ី និងចាត់ទុកថា ស្ពានដែលត្រូវបានសាងសង់ឡើងមកនេះរំលោភច្បាប់អន្តរជាតិទាំងស្រុង។ លោក Poroshenko បានថ្លែងដូច្នេះ៖«សំណង់ស្ពានខុសច្បាប់នេះជាភស្តុតាងមួយដែលបង្ហាញថា រុស្ស៊ីមិនគោរពច្បាប់អន្តរជាតិ។ វាជារឿងគួរឲ្យសោកស្តាយដែរ ព្រោះការសម្ពោធស្ពាននេះធ្វើឡើងចាំខួបនៃការបណ្តេញជនជាតិភាគតិចម៉ូស្លីម Tatar ដោយរបបដឹកនាំលោក ស្តាលីន ផង»។
Tag:
វ្ល៉ាឌីមៀ ពូទីន
ស្ពាន
គ្រីមៀ
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com