អន្តរជាតិ
ពូ​ទីន សម្ពោធ​ស្ពាន​ភ្ជាប់​រុស្ស៊ី​ទៅ​ឧបទ្វីប​គ្រី​មៀ តែ​អ៊ុយ​ក្រែ​ន​ថា ស្ពាន​រំលោភច្បាប់​អន្តរជាតិ​
16, May 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ពាន​ដែល​សង់​ឆ្លង​សមុទ្រ​ខ្មៅ​ភ្ជាប់​ទៅ​ឧបទ្វីប​គ្រី​មៀ (Crimea) ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ ១៥ ខែ​សភា ក្រោម​វត្តមាន​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ ពូ​ទីន​។  ភ្លាមៗ​នោះ អ៊ុយ​ក្រែ​ន​បានចេញ​ទិតៀន​សំណង់​ស្ពាន​រុស្ស៊ី​នេះ ដោយ​អះអាងថា​វា​បំពាន​លើ​ច្បាប់​អន្តរជាតិ​ព្រោះ​រុស្ស៊ី​ក្រសោប​យក​ទឹកដី​នេះ​ពី​ខ្លួន​ដោយ​ខុសច្បាប់​។



​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បើក​ឡានធំ​មួយ​ឆ្លងកាត់​ស្ពាន​ថ្មី​មួយ​ដែល​ភ្ជាប់​ភាគខាងត្បូង​រុស្ស៊ី​ទៅកាន់​តំបន់​គ្រី​មៀ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ផ្សាភ្ជាប់​សាច់ឈាម​នេះ​ជា​ផ្លូវការ បន្ទាប់ពី​សាងសង់​អស់​ពេល​ជាង ពីរ​ឆ្នាំ​មក​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Tass លោក ពូ​ទីន បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​បណ្តា​វិស្វករ និង​កម្មករ​ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​នោះ​ចំពោះ​ការប្រឹងប្រែង​កន្លងមក​ក្នុងការ​សាងសង់​ស្ពាន​ដ៏​វែង​ដែលជា​ក្តី​សុបិន​របស់លោក ពូ​ទីន កន្លងមក​នោះ​។

​ការសាងសង់​ស្ពាន​នេះ​ចំណាយ​អស់​ថវិកា​សរុប ៣,៦០ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វា​ជា​ស្ពាន​ដែល​វែង​ជាងគេ​នៅក្នុង​តំបន់​អឺរ៉ុប​ដោយវាមានប្រវែងប្រហែល ១៩ គីឡូម៉ែត្រឯណោះ។ វិមាន​ក្រេ​ម​ឡាំង​បានបញ្ជាក់​ផងដែរ​ថា ឡាន​អាច​បើក​ឆ្លងកាត់​ស្ពាន​នេះ​បាន​ចាប់​ពីថ្ងៃ​ពុធ​ទី ១៦ ខែឧសភា ហើយ​ការសាងសង់​ផ្លូវ​រថភ្លើង​នឹងត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៩ ខាងមុខ​។

​ដូច្នេះ​ការសាងសង់​ស្ពាន​នេះ​នឹង​ក្លាយជា​ប្រយោជន៍​សំខាន់​សម្រាប់​រុស្ស៊ី​ផង និង​ប្រជាជន​ដែល​រស់​នៅលើ​ឧបទ្វីប​គ្រី​មៀ ផងដែរ ព្រោះ​វា​ជំរុញ​ឲ្យ​ការផ្សាភ្ជាប់​កើនឡើង​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​។ វា​ក៏​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ផងដែរ ដើម្បី​បំពេញចិត្ត​ប្រជាជន​គ្រី​មៀ និង​ការពារ​កុំ​ឲ្យ​លោកខាងលិច​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នេះ​ទៀត ព្រោះ​កន្លងមក​គេ​ថ្កោលទោស​រុស្ស៊ី​ថា​រំលោភច្បាប់​អន្តរជាតិ​និង​ទាត់ចោល​លទ្ធផល​ប្រជាមតិ​ផង​។​

​រុស្ស៊ី​ក្រសោប​យក​គ្រី​មៀ និង​ដាក់​ទឹកដី​នេះ​ចូលក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ក្រោយ​ជួយ​គាំទ្រ​ចលនា​ប្រជាមតិ​នៅ​តំបន់​គ្រី​មៀ​នៅ​ខែ មីនាឆ្នាំ ២០១៤​។ ក្រោយ​ព្រឹត្តិការណ៍​នេះ​កើតឡើង រុស្ស៊ី​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​លោកខាងលិច និង​ត្រូវ​ទណ្ឌកម្មសេដ្ឋកិច្ច​ច្រើន​ជំហាន​ផងដែរ​។

​ដោយឡែក ភ្លាមៗ​ក្រោយ​លោក ពូ​ទីន សម្ពោធ​ស្ពាន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បាន​ថ្កោលទោស​រុស្ស៊ី និង​ចាត់ទុកថា ស្ពាន​ដែល​ត្រូវបាន​សាងសង់ឡើង​មកនេះ​រំលោភច្បាប់​អន្តរជាតិ​ទាំងស្រុង​។ លោក Poroshenko បាន​ថ្លែង​ដូច្នេះ​៖«​សំណង់​ស្ពាន​ខុសច្បាប់​នេះ​ជា​ភស្តុតាង​មួយ​ដែល​បង្ហាញថា រុស្ស៊ី​មិន​គោរព​ច្បាប់​អន្តរជាតិ​។ វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ដែរ ព្រោះ​ការសម្ពោធ​ស្ពាន​នេះ​ធ្វើឡើង​ចាំ​ខួប​នៃ​ការបណ្តេញ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម Tatar ដោយ​របប​ដឹកនាំ​លោក ស្តា​លីន ផង​»​។​

អត្ថបទទាក់ទង



 

Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ស្ពាន​
  គ្រី​មៀ​
 ​អ៊ុយ​ក្រែ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com