​មេ​ប៉ុស្តិ៍​ដែល​សុំ​សម្តេច​ឡើង​ស័ក្តិ​តាម​ហ្វេ​ស​ប៊ុ​ក មិន​ត្រូវបាន​បញ្ឈរជើង​ឡើយ​
ជាតិ
​មេ​ប៉ុស្តិ៍​ដែល​សុំ​សម្តេច​ឡើង​ស័ក្តិ​តាម​ហ្វេ​ស​ប៊ុ​ក មិន​ត្រូវបាន​បញ្ឈរជើង​ឡើយ​
16, May 2018 , 4:17 pm        
រូបភាព
អធិការនគរបាលស្រុកក្រឡាញ់  លោក ជី បេងជន (ឆ្វេង) និងមេប៉ុស្ដិ៍តាអាន លោក ថ្លាង សេងគា
អធិការនគរបាលស្រុកក្រឡាញ់ លោក ជី បេងជន (ឆ្វេង) និងមេប៉ុស្ដិ៍តាអាន លោក ថ្លាង សេងគា
​សៀមរាប​៖ អធិការនគរបាល​ស្រុក​ក្រឡាញ់ ខេត្ដ​សៀមរាប លោក ជី បេង​ជន បាន​បដិសេធ​លើ​ករណី​ដក​បញ្ឈរជើង​មេ​ប៉ុស្ដិ៍​តា​អាន លោក ថ្លាង សេង​គា ក្រោយ​លោក​បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សុំ​តំឡើង​ឋានន្តរស័ក្ដិ​។ តាម​លោក​អធិការ​ស្រុក​ក្រឡាញ់ លោក ថ្លាង សេង​គា បានធ្វើការ​សុំទោស​ទៅ​ថ្នាក់លើ​ផងដែរ ចំពោះ​កំហុសឆ្គង​របស់លោក ដែល​ធ្វើឱ្យ​មហាជន​មានការ​រិះគន់​ទៅ​ថ្នាក់លើ​រឿង​តំឡើង​ស័ក្ដិ​នេះ​។​



​លោក ជី បេង​ជន អធិការ​ស្រុក​ក្រឡាញ់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​១៦ ឧសភា​នេះ​ថា ឈ្មោះ ថ្លាង សេង​គា ដែលជា​មេ​ប៉ុស្ដិ៍​តា​អាន  ត្រូវបាន​ថ្នាក់លើ​តំឡើង​ស័ក្ដិ​ជា​បន្តបន្ទាប់ មិន​ដូច​ការលើកឡើង​របស់​លោក​ដែល​បាន​សរសេរ​សារ​ទៅកាន់​សម្តេច ហ៊ុន សែន​ឡើយ​។ លោក​បន្ថែមថា លោក ថ្លាង សេង​គា បាន​តំឡើង​ស័ក្ដិ​ជា​បន្តបន្ទាប់​ចាប់ពី​ចូល​បម្រើការ​ក្នុង​អង្គភាព​ពី​ឆ្នាំ​១៩៩០​មក ហើយ​កាលពី​ខែ មីនា ឆ្នាំ​២០១៨​កន្លងទៅ សេចក្តី​សម្រេចបាន​តំឡើង​លោក ថ្លាង សេង​គា ជា​អនុសេនីយ៍ត្រី (​ស័ក្ដិ​មួយ​)​ផងដែរ​។​

«​រឿង លោក ​ថ្លាង សេង​គា សរសេរ​ខ​មិន​ទៅ​សម្តេច​នោះ ថា​ខ្មាស​មន្ត្រី​ព្រោះ​ស័ក្ដិតូច បើ​ថ្លាង សេង​គា មិន​សុខចិត្ត​ឱ្យគេ​ធ្វើ​ចុះ ឱ្យ​ឡើង​ស័ក្ដិ​៣ តើ​ឋានៈ​មន្ដ្រី​ស័ក្ដិ​៣ និង​មេ​ប៉ុស្ដិ៍​ស័ក្ដិ​១ តើ​គេ​យក​មួយណា​...»​។ នេះ​ជាការ​លើកឡើង​របស់លោក ជី បេង​ជន ដោយ​លោក​បន្ថែមទៀតថា​៖« តាមពិតទៅ ថ្លាង សេង​គា​នេះ បើ​ពិនិត្យមើល​គឺ​បាន​តំឡើង​ស័ក្ដិ​ទៅតាម​ក្រិ​ត្យ​ក្រម​ត្រឹមត្រូវ​ហើយ មានតែ​ឡើង​លើស​ផង​...»​។​

​បើ​យោងតាម​ប្រវត្តិ​ការងារ​របស់​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ថ្លាង សេង​គា ជា​ពលបាលត្រី​នៅ​ឆ្នាំ​២០០៦ ពលបាលត្រី នៅ​ឆ្នាំ​២០០៩ ពលបាលឯក នៅ​ឆ្នាំ​២០១២ មាន​តួនាទី​ជា​នាយរង​ប៉ុស្ដិ៍​តា​អាន និង​ក្លាយជា​នាយប៉ុស្ដិ៍​នៅ​ឆ្នាំ​២០១៤​។  ជា​ព្រិន្ទបាលទោ នៅ​ឆ្នាំ​២០១៤ ជា​ព្រិន្ទបាលឯក​នៅ​ឆ្នាំ​២០១៥ និង​ជា​អនុសេនីយ៍ត្រី នៅ​ខែមីនា ឆ្នាំ​២០១៨​។

​យ៉ាងណាក៏ដោយ តាម​ការ​បញ្ជាក់រប​ស់លោក ជី បេង​ជន រឿងរ៉ាវ​ខាងលើ​ត្រូវបាន​បញ្ចប់ ក្នុងពិធីបិទសវនកម្មផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ​នៅថ្ងៃទី១៦  ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប ហើយ​លោក ថ្លាង សេង​គា បាន​សុំទោស​ចំពោះ​កំហុសឆ្គង​ខ្លួន ដែលនាំឱ្យ​មានរឿង​វែងឆ្ងាយ​បែបនេះ​។​

​គួររម្លឹកថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ថ្លាង សេង​គា ដែល​គេ​ស្គាល់​ថា​ជា​មេ​ប៉ុស្ដិ៍​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​សរសេរ​សារ​ក្នុង​ខ​មិន​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដោយ​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​លោក​មាន​តួនាទី​ជា​មេ​ប៉ុស្ដិ៍​បាន​ត្រឹម​ពាក់​ស័ក្ដិ​១ ចំណែក​មន្ត្រី​ថ្នាក់ក្រោម​លោក​បាន​ពាក់​ស័ក្ដិ​៣ ដោយ​សុំ​អន្តរាគមន៍​ពីស​ម្តេច​ឱ្យជួយ​ដោះស្រាយ (​តំឡើង​ស័ក្ដិ​) លើ​បញ្ហា​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com