កីឡាអន្តរជាតិ
អន្តរជាតិ
Europa League ផ្តាច់ព្រ័ត្រ៖ Payet ចង់សាងប្រវត្តិសាស្ត្រថ្មីឲ្យ Marseille ដោយ ផ្តួល AT-Madrid
× ប្រធានក្រុម Olympique de Marseille កីឡាករ Dimitri Payet ចង់ឲ្យក្រុមរបស់ខ្លួនចារប្រវត្តិសាស្ត្រថ្មីនៅក្នុងសៀវភៅប្រវត្តិសាស្ត្របាល់ទាត់ដោយការផ្តួលក្រុម Atletico Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ដែលធ្វើឡើងនៅរាត្រីថ្ងៃទី១៦ ខែឧសភា វេលាម៉ោង ១:៤៥នាទី [ម៉ោងនៅកម្ពុជា]។
ក្រុមមកពីអេស្ប៉ា Atletico Madrid នឹងត្រូវប្រកួតគ្នាជាមួយក្រុមមកពីបារាំង Marseille ដើម្បីដណ្តើមពានលំដាប់ទី២អឺរ៉ុប នៅឯកីឡដ្ឋាន Parc Olympique Lyonnais ដែលមានមូលដ្ឋានក្នុងក្រុង Lyon ប្រទេសបារាំង។
មុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមទាំងពីរបានយកឈ្នះគូប្រជែងរៀងៗខ្លួនក្នុងនោះ ក្រុមលោក Simeone បានទម្លាក់ Arsenal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលទាំងពីរជើង ២-១ ខណៈកូនក្រុមរបស់លោក Rudi García បានយកឈ្នះ Salzburg ៣-២។
«យើងជឿជាក់ក្នុងជំនួបជាមួយ Atletico ព្រោះរដូវកាលនេះយើងបានបង្ហាញរួចហើយថា យើងគឺជាក្រុមដ៏ល្អពិតប្រាកដ»។ នេះជាការលើកឡើងរបស់ Payet។
អតីតសមាជិកក្រុម West Ham បន្ថែមថា៖«អ្នកដែលបានឈ្នះពាន Champions League ឆ្នាំ១៩៩៣ នៅតែជាវីរបុរសព្រោះគ្មាននរណាម្នាក់អាចធ្វើវាបានតាំងពីពេលនោះ។ យើងដឹងថាវាលំបាកណាស់ ហើយពិតណាស់យើងមានប្រវត្តិដ៏ល្អរួចមកហើយដើម្បីជាការលើកទឹកចិត្តក្រុម។ ប្រសិនបើយើងឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះទៀត នោះឈ្មោះរបស់យើងនឹងត្រូវបានចារក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លិបសារជាថ្មី និងជារៀងរហូត»។
Marseille ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រពានទី២អឺរ៉ុប (ដែលកាលនោះគេហៅពាន UEFA Cup) ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៥ ដែលពួកគេបានចាញ់ Valencia របស់អេស្ប៉ាញ ។
ដោយឡែក AT-Madrid វិញធ្លាប់លើកពាន Europa League ពីរលើករួចមកហើយក្នុងឆ្នាំ ២០១០ និង ២០១២ ហើយនឹងបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ពីរលើកចាប់ថែមទៀតក្នុងរយៈពេលចុងក្រោយនេះ។
សមាសភាព១១នាក់ដំបូងរបស់ក្រុមទាំងពីរ៖
Marseille៖ Mandanda, Sakai, Rami, Luiz Gustavo, Amavi, Anguissa, Sanson, Thauvin, Payet, Ocampos និង Germain
Atlético៖ Oblak, Vrsaljko, Giménez, Godín, Lucas, Koke, Saúl Ñíguez, Gabi, Correa, Griezmann និង Costa
Tag:
បាល់ទាត់
UEFA Europa League
Marseille
Atletico Madrid
Dimitri Payet
© រក្សាសិទ្ធិដោយ thmeythmey.com