អន្តរជាតិ
អឺរ៉ុប​ប្រឹង​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ក្រោយ​អាមេរិក​ដើរចេញ​
16, May 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១៥ ខែឧសភា សហភាព​អឺរ៉ុប​បានចាប់ផ្ដើម​ធ្វើការ​លើគ​ម្រោ​ង​សេដ្ឋកិច្ច​ចំនួន​៩​ចំណុច​ដើម្បី​រក្សា​ដង្ហើម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ បន្ទាប់ពី​អាមេរិក​ប្រកាស​ដកខ្លួន​រួចមក​។ អ៊ីរ៉ង់​ក៏បាន​គំរាម​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​ព្យាយាម​រក​ការធានា​ពី​សមាជិក​សេសសល់​នៃ​កិច្ចព្រមព្រៀង​នេះ​ជាមុនសិន​។ ប្រមុខ​ការទូត​អ៊ីរ៉ង់​បាន​ទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល​ដើម្បី​សួរ​បញ្ជាក់​ជំហរ​របស់​អឺរ៉ុប និង​សម្បទាន​ដែល​អឺរ៉ុប​អាច​ផ្ដល់​ឲ្យ​ខ្លួន​បាន​។​



​ក្រោយ​ការដើរ​ចេញ​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ JCPOA មក​នោះ អឺរ៉ុប​បានចេញ​មុខ​រក​ផ្លូវ​ទប់ស្កាត់​អ៊ីរ៉ង់​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នេះ​តាម​អាមេរិក​ដែរ​។ អឺរ៉ុប​ចង់​ឲ្យ​អ៊ីរ៉ង់​បន្ត​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​អ៊ីរ៉ង់​បាន​ព្រមាន​ទុក​រួចហើយ​ថា ខ្លួន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចាប់ផ្ដើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ក្នុង​ទ្រង់ទ្រាយ​ឧស្សាហកម្ម​ឡើងវិញ ដោយ​មិនអាច​ប្រទេស​ណា​មក​ដាក់​កំហិត​លើ​ខ្លួន​បាន​ទៀតឡើយ​។​

​តាមពិត​ទៅនោះ អ៊ីរ៉ង់​ក៏​ចង់​ធ្វើតាម​អាមេរិក និង​ដកថយ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ នេះដែរ ប៉ុន្តែ​ដោយមាន​ការប្ដេជ្ញាចិត្តរ​បស់​ហត្ថលេខី​៥​ប្រទេស​ទៀត អ៊ីរ៉ង់​មិនទាន់​សម្រេច​ភ្លាម​ឡើយ​។ អ៊ីរ៉ង់​ចង់​បានការ​ធានាថា ខ្លួន​នឹង​នៅតែ​ទទួលបាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដដែល ទោះជា​អាមេរិក​ចាកចេញ​ក្ដី​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif បានធ្វើ​ដំណើរ​ទៅ​ជួប​សម​ភាគី​នៃ​ប្រទេស​ទាំង​៥ ដើម្បី​សាកសួរ​ពី​ជំហរ​របស់​ពួកគេ​។​

​លោក Zarif បានធ្វើ​ដំណើរ​ពី​ចិន ទៅ​រុស្ស៊ី រួច​ទៅកាន់​គោលដៅ​ចុងក្រោយ​នៅ​បែលហ្ស៊ិក​។ នៅ​ទីក្រុង​ព្រុ​ច​សែ​ល លោក​បាន​ជួប​ជាមួយ​ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini និង​សម​ភាគី​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែល​សុទ្ធតែ​បាន​ប្ដេជ្ញា​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Mogherini និយាយថា អ្នកជំនាញ​អឺរ៉ុប​បានចាប់ផ្ដើម​ធ្វើការ​ដើម្បី​សម្រេច​ឲ្យ​បាន​ផែនការ​ជាក់ស្ដែង​មួយ​។​

​ផែនការ​សេដ្ឋកិច្ច​របស់​អឺរ៉ុប​សម្រាប់​អ៊ីរ៉ង់​មានដូចជា ការធានា​ឲ្យ​អ៊ីរ៉ង់​អាច​លក់​ប្រេង និង​ឧស្ម័ន​របស់ខ្លួន និង​អាច​ប្រើប្រាស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​បាន ទោះជា​អាមេរិក​ដាក់ទណ្ឌកម្ម​ក្ដី​។ លើសពីនោះ តាមរយៈ​ផែនការ​នេះ អឺរ៉ុប​នឹង​បន្ត​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ក៏ដូចជា​ការពារ​ក្រុមហ៊ុន​ដែល​រកស៊ី​នៅ​អ៊ីរ៉ង់​ផងដែរ​។ អឺរ៉ុប​ក៏​កំពុង​ស្វែងរក​លទ្ធភាព​នៃ​ការបង្កើត​មធ្យោបាយ​ហិរញ្ញវត្ថុ​ពិសេស​សម្រាប់​ពាណិជ្ជកម្ម​ជាមួយ​អឺ​រ៉ង់​ដែរ សំដៅ​ចៀសវាង​ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋបាល​លោក ត្រាំ ។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នៅ​ព្រុ​ច​សែ​ល លោក Zarif ចាត់ទុក​ការចរចា​ជាមួយ​អឺរ៉ុប​ជាការ​ចាប់ផ្ដើម​ល្អ​មួយ ទោះជា​មិនអាច​ដើរ​ដល់​គោលដៅ​ក្ដី​។ ប្រមុខ​ការទូត​អ៊ីរ៉ង់​រូបនេះ​បាន​និយាយ​ព្រមាន​ទុក​មុន​ថា ក្រុង​តេ​ហេ​រ៉ង់​ចង់ឃើញ​ដំណើរការ​នៃ​ការធានា​ទាំងឡាយ​របស់​អឺរ៉ុប​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ មុននឹង​សម្រេចចិត្ត​តាម​ក្រោយ​ទៀត​។ ប៉ុន្តែ​លោកស្រី Mogherini ទទួលស្គាល់ថា មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុងការ​ដោះស្រាយ​ទណ្ឌកម្ម​របស់​អាមេរិក​ដែល​អនុវត្ត​ពេញ​ពិភពលោក​៕  


Tag:
 អឺរ៉ុប​
  អ៊ីរ៉ង់​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com