លី សៀន​ឡុង ៖ បក្សប្រឆាំង​ធ្វើ​ឲ្យ​សង្វៀន​នយោបាយ​សិង្ហ​បុរី​កាន់តែ​មានការ​ប្រកួតប្រជែង​

អន្តរជាតិ
លី សៀន​ឡុង ៖ បក្សប្រឆាំង​ធ្វើ​ឲ្យ​សង្វៀន​នយោបាយ​សិង្ហ​បុរី​កាន់តែ​មានការ​ប្រកួតប្រជែង​
16, May 2018 , 5:37 pm         5240
រូបភាព
រូបភាព AFP
រូបភាព AFP
​មកទល់ពេលនេះ បក្ស​សកម្មភាព​ប្រជាជន (PAP) របស់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង បាន​ដឹកនាំ​សិង្ហ​បុរី​អស់​រយៈពេល​៥៨​ឆ្នាំ​មកហើយ​។ ៥៨​ឆ្នាំ​មកនេះ បក្ស​កាន់អំណាច PAP ឈ្នះ​រាល់​ការបោះឆ្នោត​សភា​គ្រប់​លើក ដោយ​សំឡេងគាំទ្រ​លើសលប់​លើ​បក្សប្រឆាំង​។ ទោះជា​យ៉ាងណា​នេះ លោក លី នៅតែ​ចាត់ទុក​បក្សប្រឆាំង​ជា​ដៃគូ​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​នយោបាយ​សិង្ហ​បុរី​មានការ​ប្រកួតប្រជែង និង​ជាការ​ជំរុញ​ចិត្ត​ឲ្យ​រដ្ឋាភិបាល​របស់លោក​ប្រឺ​ង​ធ្វើ​ការងារ​ដើម្បី​ទាក់ចិត្ត​ប្រជាជន​។​


​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១៦ ខែឧសភា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បានលើកឡើង​ពី​តួនាទី​សំខាន់​របស់​គណបក្សប្រឆាំង​សិង្ហ​បុរី​។ លោក លី ជា​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​សកម្មភាព​ប្រជាជន (PAP) ដែល​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​១៩៥៩ មក និង​តែង​ឈ្នះ​រាល់​ការបោះឆ្នោត​ទូទៅ​គ្រប់​អាណត្តិ​។ មិនទាន់មាន​បក្សប្រឆាំង​ណា​អាច​ផ្ដួល​បក្ស​កាន់អំណាច PAP បានឡើយ តែ​លោក លី ជឿថា បក្សប្រឆាំង​នៅតែមាន​តួនាទី​ក្នុង​នយោបាយ​សិង្ហ​បុរី​។​

​ជា​កូនប្រុស​លោក លី ក្វាន់​យូ បិតា​ស្ថាបនិក​សិង្ហ​បុរី លោក លី អះអាងថា បក្ស PAP មិនមាន​អំណាច​តែឯង​ឡើយ ហើយក៏​គ្មាន​សិទ្ធិ​ដឹកនាំ​សិង្ហ​បុរី​រៀងរហូត​ដែរ​។ បើតាម​ទូរទស្សន៍ Channel NewsAsia ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​ប្រាប់​សមាជិកសភា​ថា ដរាបណា​បក្ស PAP ធ្វើ​ការងារ​របស់ខ្លួន ប្រជាជន​នឹង​នៅតែ​គាំទ្រ ហើយ​បន្ត​ដឹកនាំ​ប្រទេស​ទៀត តែបើ​រដ្ឋាភិបាល​ពុករលួយ និង​គ្មាន​សមត្ថភាព បក្ស​ប្រឆាំងនឹង​ខ្លាំងក្លា​មិន​ខាន​។​

«​ដូច្នេះហើយ​ទើប​ប្រព័ន្ធ​នយោបាយ​របស់​យើង​ផ្ដល់​ការលើកទឹកចិត្ត​គ្រប់យ៉ាង​ឲ្យ​រដ្ឋាភិបាល PAP ធ្វើ​ការងារ​របស់ខ្លួន និង​ឲ្យ​បក្សប្រឆាំង​បំពេញការងារ​ពួកគេ​ដែរ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក លី ដែលជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់​សិង្ហ​បុរី មុននឹង​បន្តថា បក្ស PAP មានការ​តាំងចិត្ត​ក្នុង​ការធ្វើការងារ​រប​ស់​ខ្លួន និង​ចាត់ទុក​ការបោះឆ្នោត​ទាំងអស់​ជាការ​ប្រកួតប្រជែង​ពិតប្រាកដ ហើយ​ការជជែក​ដេញដោល​ក្នុង​សភា​ជា​រឿង​សំខាន់​ផង​។​

​បើតាម​សម្ដី​លោក លី មូលហេតុ​ខាងលើនេះ​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ប្រទេស​ដើម្បី​ធានាថា សមាជិកសភា​បក្សប្រឆាំង​ទាំង​ជាប់ឆ្នោត និង​មិន​ជាប់ឆ្នោត​យ៉ាងហោចណាស់​១២​នាក់​មានមុខ​ក្នុង​សភា ទោះជា​លទ្ធផល​បោះឆ្នោត​បែបណា​ក្ដី​។ បន្ថែម​លើ​នេះ លោក លី អះអាងថា បក្សនយោបាយ​ណា​អាចដឹកនាំ​រដ្ឋាភិបាល​បានយូរ​ប៉ុន្មាន អាស្រ័យ​លើ​សមត្ថភាព​បក្ស​នោះ​ដែល​អាចដឹកនាំ​ប្រទេស​ទៅរក​ភាព​ចម្រើន​បាន​ឬ​អត់ និង​បម្រើប្រជាជន​បាន​ឬទេ​។​

​សព្វថ្ងៃនេះ បក្សប្រឆាំង​ធំជាងគេ​របស់​សិង្ហ​បុរី គឺ​បក្ស​កម្មករ (WP) ដែលមាន​សមាជិកសភា​ទាំងអស់​ចំនួន​៩​រូប គឺ​៦​រូប​ជា​សមាជិក​ជាប់ឆ្នោត និង​៣​រូប​ជា​សមាជិក​មិន​ជាប់ឆ្នោត (​ទទួលបាន​ការតែងតាំង​ព្រោះ​បក្ស WP ជា​បក្ស​ទទួល​សំឡេង​លំដាប់​ទី​ពីរ​) ខណៈ​បក្ស​កាន់អំណាច PAP ឈ្នះ​អាសនៈ​ចំនួន​៨៣​។ ក្រៅពី​បក្ស WP គេ​ក៏​ឃើញ​មាន​បក្ស​ផ្សេងទៀត​ដែរ តែ​មិនអាច​ទទួលបាន​សំ​ឡេ​គាំទ្រ​ដើម្បី​ទទួល​អាសនៈ​សភា​ឡើយ​៕

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next