អន្តរជាតិ
លី សៀនឡុង ៖ បក្សប្រឆាំងធ្វើឲ្យសង្វៀននយោបាយសិង្ហបុរីកាន់តែមានការប្រកួតប្រជែង រូបភាព AFP
× មកទល់ពេលនេះ បក្សសកម្មភាពប្រជាជន (PAP) របស់នាយករដ្ឋមន្ត្រី លី សៀនឡុង បានដឹកនាំសិង្ហបុរីអស់រយៈពេល៥៨ឆ្នាំមកហើយ។ ៥៨ឆ្នាំមកនេះ បក្សកាន់អំណាច PAP ឈ្នះរាល់ការបោះឆ្នោតសភាគ្រប់លើក ដោយសំឡេងគាំទ្រលើសលប់លើបក្សប្រឆាំង។ ទោះជាយ៉ាងណានេះ លោក លី នៅតែចាត់ទុកបក្សប្រឆាំងជាដៃគូសំខាន់ក្នុងការធ្វើឲ្យនយោបាយសិង្ហបុរីមានការប្រកួតប្រជែង និងជាការជំរុញចិត្តឲ្យរដ្ឋាភិបាលរបស់លោកប្រឺងធ្វើការងារដើម្បីទាក់ចិត្តប្រជាជន។
ថ្លែងក្នុងកិច្ចប្រជុំសភានៅថ្ងៃទី១៦ ខែឧសភា នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានលើកឡើងពីតួនាទីសំខាន់របស់គណបក្សប្រឆាំងសិង្ហបុរី។ លោក លី ជានាយករដ្ឋមន្ត្រីនៃគណបក្សសកម្មភាពប្រជាជន (PAP) ដែលដឹកនាំប្រទេសតាំងពីឆ្នាំ១៩៥៩ មក និងតែងឈ្នះរាល់ការបោះឆ្នោតទូទៅគ្រប់អាណត្តិ។ មិនទាន់មានបក្សប្រឆាំងណាអាចផ្ដួលបក្សកាន់អំណាច PAP បានឡើយ តែលោក លី ជឿថា បក្សប្រឆាំងនៅតែមានតួនាទីក្នុងនយោបាយសិង្ហបុរី។
ជាកូនប្រុសលោក លី ក្វាន់យូ បិតាស្ថាបនិកសិង្ហបុរី លោក លី អះអាងថា បក្ស PAP មិនមានអំណាចតែឯងឡើយ ហើយក៏គ្មានសិទ្ធិដឹកនាំសិង្ហបុរីរៀងរហូតដែរ។ បើតាមទូរទស្សន៍ Channel NewsAsia ប្រមុខរដ្ឋាភិបាលសិង្ហបុរីប្រាប់សមាជិកសភាថា ដរាបណាបក្ស PAP ធ្វើការងាររបស់ខ្លួន ប្រជាជននឹងនៅតែគាំទ្រ ហើយបន្តដឹកនាំប្រទេសទៀត តែបើរដ្ឋាភិបាលពុករលួយ និងគ្មានសមត្ថភាព បក្សប្រឆាំងនឹងខ្លាំងក្លាមិនខាន។
«ដូច្នេះហើយទើបប្រព័ន្ធនយោបាយរបស់យើងផ្ដល់ការលើកទឹកចិត្តគ្រប់យ៉ាងឲ្យរដ្ឋាភិបាល PAP ធ្វើការងាររបស់ខ្លួន និងឲ្យបក្សប្រឆាំងបំពេញការងារពួកគេដែរ។» នេះជាការបញ្ជាក់របស់លោក លី ដែលជានាយករដ្ឋមន្ត្រីទីបីរបស់សិង្ហបុរី មុននឹងបន្តថា បក្ស PAP មានការតាំងចិត្តក្នុងការធ្វើការងាររបស់ខ្លួន និងចាត់ទុកការបោះឆ្នោតទាំងអស់ជាការប្រកួតប្រជែងពិតប្រាកដ ហើយការជជែកដេញដោលក្នុងសភាជារឿងសំខាន់ផង។
បើតាមសម្ដីលោក លី មូលហេតុខាងលើនេះជាដើមហេតុនាំឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញប្រទេសដើម្បីធានាថា សមាជិកសភាបក្សប្រឆាំងទាំងជាប់ឆ្នោត និងមិនជាប់ឆ្នោតយ៉ាងហោចណាស់១២នាក់មានមុខក្នុងសភា ទោះជាលទ្ធផលបោះឆ្នោតបែបណាក្ដី។ បន្ថែមលើនេះ លោក លី អះអាងថា បក្សនយោបាយណាអាចដឹកនាំរដ្ឋាភិបាលបានយូរប៉ុន្មាន អាស្រ័យលើសមត្ថភាពបក្សនោះដែលអាចដឹកនាំប្រទេសទៅរកភាពចម្រើនបានឬអត់ និងបម្រើប្រជាជនបានឬទេ។
សព្វថ្ងៃនេះ បក្សប្រឆាំងធំជាងគេរបស់សិង្ហបុរី គឺបក្សកម្មករ (WP) ដែលមានសមាជិកសភាទាំងអស់ចំនួន៩រូប គឺ៦រូបជាសមាជិកជាប់ឆ្នោត និង៣រូបជាសមាជិកមិនជាប់ឆ្នោត (ទទួលបានការតែងតាំងព្រោះបក្ស WP ជាបក្សទទួលសំឡេងលំដាប់ទីពីរ) ខណៈបក្សកាន់អំណាច PAP ឈ្នះអាសនៈចំនួន៨៣។ ក្រៅពីបក្ស WP គេក៏ឃើញមានបក្សផ្សេងទៀតដែរ តែមិនអាចទទួលបានសំឡេគាំទ្រដើម្បីទទួលអាសនៈសភាឡើយ៕
Tag:
សិង្ហបុរី
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com