អន្តរជាតិ
ពូទីន ជំរុញឲ្យឧស្សាហកម្មយោធារដ្ឋផលិតខែលការពារអាកាសស៊េរីថ្មី S-500 ឲ្យច្រើន
× ប្រមុខរដ្ឋរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន បានប្រាប់បណ្តាតំណាងក្រុមហ៊ុន និងសហគ្រាសផលិតអាវុធរបស់រដ្ឋឲ្យព្យាយាមអភិវឌ្ឍគុណភាពសព្វាវុធរុស្ស៊ី ជាពិសេសផលិតខែលការពារមីស៊ីលទំនើបចុងក្រោយ S-500 ឲ្យបានច្រើនផង។
ក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់ និងតំណាងក្រុមហ៊ុនសហគ្រាសយោធារដ្ឋនៅថ្ងៃ ១៥ ខែឧសភា លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើនគុណភាពសព្វាវុធ និងអាវុធយុទ្ធសាស្ត្រ រួមទាំងការផលិតអាវុធទំនើបបន្ថែមដើម្បីការពារដែនអាកាសផងដែរ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្តីលោក ពូទីន ដូច្នេះ៖« កិច្ចការសំខាន់មួយក្នុងចំណោមកិច្ចការផ្សេងទៀតគឺ ការបន្តអភិវឌ្ឍ និងកសាងសមត្ថភាព និងបច្ចេកវិទ្យាក្នុងវិស័យកាពារអាកាស។ ក្នុងនោះមានការបន្តទំនើបកម្មប្រព័ន្ធ Pantsir និងបញ្ចប់ការអភិវឌ្ឍ និងត្រៀមផលិតប្រព័ន្ធការពារមីស៊ីល S-500 ដែលមានលទ្ធភាពខ្ពស់បាញ់គោលដៅរយៈកម្ពស់ខ្ពស់បាន។
ក្នុងជំនួបដែលមានវត្តមានរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ផងនោះ លោក ពូទីន បានបន្ថែមថា កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រគឺជាគន្លឹះនៃវិស័យការពារជាតិ និងសន្តិសុខ។ វាជារឿងចាំបាច់ដែលបន្តធ្វើទំនើបកម្មអាវុធយុទ្ធសាស្ត្រដូចជាអាវុធនុយក្លេអ៊ែរ និងបំពាក់ឡើងវិញនូវមីស៊ីលបាលីស្ទិកនៅតាមកងវារៈសេនាធំចំនួន ១៤ ទូទាំងប្រទេសនៅមុនចុងខែធ្នូផងដែរ។
ក្រៅពីនេះ ប្រធានាធិបតីរុស្ស៊ីខាងលើបានលើកឡើងពីគម្រោងផលិត និងអភិវឌ្ឍសម្ភារៈសម្រាប់ដឹកជញ្ជូនអាវុធនុយក្លេអ៊ែរផងដែរ។ រុស្ស៊ីនឹងចាប់ផ្តើមធ្វើទំនើបកម្មយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 និង Tu-60 ហើយការសាងសង់បន្ថែមនាវាមុជទឹកយុទ្ធសាស្ត្រដើរដោយថាមពលនុយក្លេអ៊ែរចំនួនប្រាំគ្រឿងទៀតនឹងត្រូវចាប់ផ្តើមតាមកាលបរិច្ឆេទកំណត់។
សូមបញ្ជាក់បន្តិចថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ពេលថ្លែងសុន្ទរកថាទៅកាន់អ្នកនយោបាយសហព័ន្ធនៅថ្ងៃទី១ ខែមីនា បានទម្លាយពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបជាច្រើនមុខដែលមានទាំងមីស៊ីលអន្តរទ្វីប ដ្រូនក្នុងទឹក និងអាវុធឡាស៊ែរ ហើយដែលអាចទម្លុះប្រព័ន្ធការពាររបស់អាមេរិក។ តាមលោក ពូទីន ឥទ្ធិពលសព្វាវុធថ្មីៗទាំងនេះនឹងបង្ខំអាមេរិកបោះបង់នយោបាយឡោមព័ទ្ធរុស្ស៊ី និងទទួលស្គាល់រុស្ស៊ីជាដៃគូស្មើភាព៕
Tag:
វ្ល៉ាឌីមៀ ពូទីន
អាវុធ
ខែលការពារអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com