អន្តរជាតិ
ពូ​ទីន ជំរុញ​ឲ្យ​ឧស្សាហកម្ម​យោធា​រដ្ឋ​ផលិត​ខែល​ការពារ​អាកាស​ស៊េរី​ថ្មី S-500 ឲ្យ​ច្រើន
16, May 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​ប្រាប់​បណ្តា​តំណាង​ក្រុមហ៊ុន និង​សហគ្រាស​ផលិត​អាវុធ​របស់​រដ្ឋ​ឲ្យ​ព្យាយាម​អភិវឌ្ឍ​គុណភាព​សព្វាវុធ​រុស្ស៊ី ជាពិសេស​ផលិត​ខែល​ការពារ​មី​ស៊ី​ល​ទំនើប​ចុងក្រោយ S-500 ឲ្យ​បាន​ច្រើន​ផង​។



​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​តំណាង​ក្រុមហ៊ុន​សហគ្រាស​យោធា​រដ្ឋ​នៅ​ថ្ងៃ ១៥ ខែឧសភា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​បង្កើន​គុណភាព​សព្វាវុធ និង​អាវុធ​យុទ្ធសាស្ត្រ រួមទាំង​ការផលិត​អាវុធ​ទំនើប​បន្ថែម​ដើម្បី​ការពារ​ដែនអាកាស​ផងដែរ​។

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​ស្រង់​សម្តី​លោក ពូ​ទីន ដូច្នេះ​៖« កិច្ចការ​សំខាន់​មួយ​ក្នុងចំណោម​កិច្ចការ​ផ្សេងទៀត​គឺ ការបន្ត​អភិវឌ្ឍ និង​កសាង​សមត្ថភាព និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​កា​ពារ​អាកាស​។ ក្នុងនោះ​មានការ​បន្ត​ទំនើបកម្ម​ប្រព័ន្ធ Pantsir និង​បញ្ចប់​ការអភិវឌ្ឍ និង​ត្រៀម​ផលិត​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-500 ដែលមាន​លទ្ធភាព​ខ្ពស់​បាញ់​គោលដៅ​រយៈកម្ពស់​ខ្ពស់​បាន​។

​ក្នុងជំនួប​ដែលមាន​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​លោក Sergei Shoigu ផង​នោះ លោក ពូ​ទីន បាន​បន្ថែមថា កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​គឺជា​គន្លឹះ​នៃ​វិស័យ​ការពារជាតិ និង​សន្តិសុខ​។ វា​ជា​រឿង​ចាំបាច់​ដែល​បន្តធ្វើ​ទំនើបកម្ម​អាវុធ​យុទ្ធសាស្ត្រ​ដូចជា​អាវុធ​នុយក្លេអ៊ែរ និង​បំពាក់​ឡើងវិញ​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​នៅតាម​កង​វារៈ​សេនា​ធំ​ចំនួន ១៤ ទូទាំងប្រទេស​នៅមុន​ចុងខែ​ធ្នូ​ផងដែរ​។​

​ក្រៅពីនេះ ប្រធានាធិបតី​រុស្ស៊ី​ខាងលើ​បានលើកឡើង​ពី​គម្រោង​ផលិត និង​អភិវឌ្ឍ​សម្ភារៈ​សម្រាប់​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។ រុស្ស៊ី​នឹង​ចាប់ផ្តើម​ធ្វើ​ទំនើបកម្ម​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95 និង Tu-60  ហើយ​ការសាងសង់​បន្ថែម​នាវា​មុជទឹក​យុទ្ធសាស្ត្រ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​ប្រាំ​គ្រឿង​ទៀត​នឹងត្រូវ​ចាប់ផ្តើម​តាម​កាលបរិច្ឆេទ​កំណត់​។​

​សូមបញ្ជាក់​បន្តិច​ថា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកនយោបាយ​សហព័ន្ធ​នៅ​ថ្ងៃទី​១ ខែមីនា បាន​ទម្លាយ​ពី​ការអភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​ទំនើប​ជាច្រើន​មុខ​ដែលមាន​ទាំង​មី​ស៊ី​ល​អន្តរទ្វីប ដ្រូ​ន​ក្នុង​ទឹក និង​អាវុធ​ឡាស៊ែរ ហើយ​ដែល​អាច​ទម្លុះ​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​។ តាម​លោក ពូ​ទីន ឥទ្ធិពល​សព្វាវុធ​ថ្មីៗ​ទាំងនេះ​នឹង​បង្ខំ​អាមេរិក​បោះបង់​នយោបាយ​ឡោមព័ទ្ធ​រុស្ស៊ី និង​ទទួលស្គាល់​រុស្ស៊ី​ជា​ដៃគូ​ស្មើភាព​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  អាវុធ​
  ខែល​ការពារ​អាកាស
© រក្សាសិទ្ធិដោយ thmeythmey.com