អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ព​ន្លឿ​ន​ការកែប្រែ​ច្បាប់​ប្រឆាំង​ភេរវកម្ម ក្រោយ​រង​ការវាយប្រហារ​ផ្ទួនៗ​
16, May 2018 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា កំពុងតែ​ដុតដៃដុតជើង​ក្នុងការ​ពិនិត្យមើល​លទ្ធភាព​ផ្នែក​ច្បាប់​ឡើងវិញ ដើម្បី ផ្តល់​សិទ្ធិអំណាច​ឲ្យ​កាន់តែច្រើន​មក​ឲ្យ​កងកម្លាំង​ក្នុង​ធ្វើ​សកម្មភាព​ទប់ស្កាត់​មុនពេល​ភេរវកម្ម​កើតឡើង ។ ចំណាត់ការ​នេះ ធ្វើឡើង​ក្រោយពី​ចលនា​របស់​ក្រុម​ភេរវកម្ម បានចាប់ផ្តើម​ងើបឡើង​ជាថ្មី​នៅក្នុង​រដ្ឋ​ដែលមាន​ប្រជាជន​ឥស្លាម​ច្រើនជាងគេ​លើ​ពិភពលោក ។



​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ​១៤ ឧសភា បាន​អះអាងថា លោក បានធ្វើ​សំណើ​ទៅកាន់​សភា និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​សម្រេច​លើ​ការពិនិត្យ និង​កែប្រែ​ច្បាប់​ប្រឆាំងនឹង​អំពើ​ភេរ​វកកម្ម​ឲ្យ​បាន​ឆាប់ ។ លោក​ប្រធានាធិបតី បានចាត់ទុក​សំណើ​កែប្រែ​នេះ ជា​វិធានការ​ផ្នែក​ច្បាប់​មួយ​ដ៏​សំខាន់​ណាស់​សម្រាប់​កងកម្លាំង ដើម្បី​ការពារ និង​ចាត់វិធានការ ។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Globe ជាមួយនឹង​ការទទូច​ឲ្យ​ព​ន្លឿ​ន​នីតិវិធី​កែប្រែ​ច្បាប់​មួយ​នេះ  លោក​ប្រធានាធិបតី ចូ​កូ​វី ក៏បាន​ព្រមាន​ផងដែរ​ថា ប្រសិន​សភា​ឬ​ក្រសួង​ពាក់ព័ន្ធ មិនអាច​សម្រេចការ​ងា​រ​នេះ​បាន​ត្រឹម​ខែមិថុនា​ខាងមុខនេះ​ទេ លោក​នឹង​ចេញ​បទបញ្ជា​មួយ​ដើម្បី​ជំនួស​ច្បាប់​នេះហើយ ។

​បើតាម​ច្បាប់​ប្រឆាំង​ភេរវកម្ម​របស់​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​អាចធ្វើ​សកម្មភាព និង​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម​បានឡើយ​។ អាជ្ញាធរ​អាចធ្វើ​បាន​លុះត្រាតែ​បទល្មើស បានកើត​ឡើង​ហើយ​។ ដោយសារតែ​មើលឃើញ​ពី​ចំណុចខ្សោយ​នេះហើយ រដ្ឋាភិបាល​លោក ចូ​កូ​វី នៅ​ឆ្នាំ​២០១៦ បានស្នើ​ឲ្យ​សភា​ឥណ្ឌូណេស៊ី​ពិនិត្យឡើងវិញ ។

​គួរ​ជម្រាប​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មកនេះ មាន​ចលនា​ភេរវកម្ម បានចាប់ផ្តើម​ផុស​ឡើងជា​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​រាប់បញ្ចូល​ទាំង​ការវាយប្រហារ​តាមរយៈ​គ្រាប់​បែ​បក​អត្តឃាត​នៅ​មន្ទីរឃុំឃាំង​អ្នកទោស​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​សាសនា​គ្រឹ​ស្ត​ក្នុង​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា និង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ស្ថានីយ៍​ប៉ូលិស​ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​៕


Tag:
 ឥណ្ឌូណេស៊ី​
  ភេរវកម្ម
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com