អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ពន្លឿនការកែប្រែច្បាប់ប្រឆាំងភេរវកម្ម ក្រោយរងការវាយប្រហារផ្ទួនៗ
× រដ្ឋាភិបាលក្រុងហ្សាការតា កំពុងតែដុតដៃដុតជើងក្នុងការពិនិត្យមើលលទ្ធភាពផ្នែកច្បាប់ឡើងវិញ ដើម្បី ផ្តល់សិទ្ធិអំណាចឲ្យកាន់តែច្រើនមកឲ្យកងកម្លាំងក្នុងធ្វើសកម្មភាពទប់ស្កាត់មុនពេលភេរវកម្មកើតឡើង ។ ចំណាត់ការនេះ ធ្វើឡើងក្រោយពីចលនារបស់ក្រុមភេរវកម្ម បានចាប់ផ្តើមងើបឡើងជាថ្មីនៅក្នុងរដ្ឋដែលមានប្រជាជនឥស្លាមច្រើនជាងគេលើពិភពលោក ។
លោកប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃ១៤ ឧសភា បានអះអាងថា លោក បានធ្វើសំណើទៅកាន់សភា និងក្រសួងពាក់ព័ន្ធដើម្បីសម្រេចលើការពិនិត្យ និងកែប្រែច្បាប់ប្រឆាំងនឹងអំពើភេរវកកម្មឲ្យបានឆាប់ ។ លោកប្រធានាធិបតី បានចាត់ទុកសំណើកែប្រែនេះ ជាវិធានការផ្នែកច្បាប់មួយដ៏សំខាន់ណាស់សម្រាប់កងកម្លាំង ដើម្បីការពារ និងចាត់វិធានការ ។
តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe ជាមួយនឹងការទទូចឲ្យពន្លឿននីតិវិធីកែប្រែច្បាប់មួយនេះ លោកប្រធានាធិបតី ចូកូវី ក៏បានព្រមានផងដែរថា ប្រសិនសភាឬក្រសួងពាក់ព័ន្ធ មិនអាចសម្រេចការងារនេះបានត្រឹមខែមិថុនាខាងមុខនេះទេ លោកនឹងចេញបទបញ្ជាមួយដើម្បីជំនួសច្បាប់នេះហើយ ។
បើតាមច្បាប់ប្រឆាំងភេរវកម្មរបស់ឥណ្ឌូណេស៊ីបច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចមិនអាចធ្វើសកម្មភាព និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធអំពើភេរវកម្មបានឡើយ។ អាជ្ញាធរអាចធ្វើបានលុះត្រាតែបទល្មើស បានកើតឡើងហើយ។ ដោយសារតែមើលឃើញពីចំណុចខ្សោយនេះហើយ រដ្ឋាភិបាលលោក ចូកូវី នៅឆ្នាំ២០១៦ បានស្នើឲ្យសភាឥណ្ឌូណេស៊ីពិនិត្យឡើងវិញ ។
គួរជម្រាបផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយមកនេះ មានចលនាភេរវកម្ម បានចាប់ផ្តើមផុសឡើងជាថ្មីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលរាប់បញ្ចូលទាំងការវាយប្រហារតាមរយៈគ្រាប់បែបកអត្តឃាតនៅមន្ទីរឃុំឃាំងអ្នកទោសនៅក្នុងរដ្ឋធានីហ្សាការតា ការបំផ្ទុះគ្រាប់បែកនៅវិហារសាសនាគ្រឹស្តក្នុងក្រុងស៊ូរ៉ាបាយ៉ា និងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅស្ថានីយ៍ប៉ូលិសដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់៕
Tag:
ឥណ្ឌូណេស៊ី
ភេរវកម្ម
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com