ជាតិ
បោះឆ្នោត
អង្គ​ការជំនាញ​មួយចំនួន ប្រកាស​មិន​ចូ​ល​រួម​សង្កេតការណ៍ ក្នុង​ការិយាល័យ​បោះឆ្នោត
17, May 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និច​ហ្វិ​ច​) សម្រេច​មិន​ដាក់​បញ្ជី​ឈ្មោះ​អ្នកសង្កេតការ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​សង្កេត​ការបោះឆ្នោត​សម្រាប់​នីតិកាល​ទី​៦​នេះឡើយ​។ នេះ​ជាការ​អះអាង​របស់លោក សំ គ​ន្ធា​មី នាយ​ប្រតិបត្តិ​របស់​និ​ច​ហ្វិ​ច​។



​លោក សំ គ​ន្ធា​មី សន្និដ្ឋានថា នៅ​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​រាប់​សន្លឹកឆ្នោត​សម្រាប់​នីតិកាល​ថ្មី​នេះ នឹង​ប្រព្រឹត្ត​ទៅដោយ​រលូត​។ នេះ​ជា​មូលហេតុ​ដែល​លោក យល់ថា អង្គការ​របស់លោក មិនចាំបាច់​ចូលរួម​សង្កេតការណ៍ នៅក្នុង​ការិយាល័យ​បោះឆ្នោត​។ 

​យ៉ាងណាក៏ដោយ លោក សំ គ​ន្ធា​មី អះអាងថា ទោះ​មិន​ចូលរួម​សង្កេតការណ៍​ក្នុង​ការិយាល័យ​ពិតមែន ប៉ុន្តែ​អង្គការ​របស់លោក នឹងចូលរួម​សង្កេតការណ៍​នៅក្រៅ​ការិយាល័យ​បោះឆ្នោត​។ អ្នកជំនាញ​ខាង​ការបោះឆ្នោត​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចូលរួម​សង្កេតការណ៍​ក្រៅផ្លូវការ គឺ​យើង ដាក់​អ្នកសង្កេតការណ៍​នៅក្រៅ​ការិយាល័យ​បោះឆ្នោត​។ តែ​យើង អត់​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​ទេ​»​។

​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុម​ហ្វ្រេ​ល​) ក៏​ចូលរួម​សង្កេត​ការបោះឆ្នោត នៅក្រៅ​ការិយាល័យ​ដូច​និ​ច​ហ្វិ​ច​ដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក សំ គ​ន្ធា​មី​។ យ៉ាង​ក៏ដោយ លោក មិន​បរិយាយ​ច្រើន​នោះទេ​ទាក់ទង​នឹង​ខុម​ហ្វ្រេ​ល ដោយ​លោក​គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា​«​ខុម​ហ្វ្រេ​ល ក៏មាន​គំនិត​ស្រដៀង​គ្នា​អ៊ីចឹង​ដែរ​»​។
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​របស់​ខុម​ហ្វ្រេ​ល​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។

​សូមបញ្ជាក់ថា ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​គណបក្ស​ដល់​ទៅ​២០​ឯណោះ ដែល​បានដាក់​ពាក្យ​ទៅកាន់​គ​.​ជ​.​ប​. ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕


Tag:
 បោះឆ្នោត​
  អ្នកសង្កេតការ​
  សំ គ​ន្ធា​មី​
  និ​ច​ហ្វិ​ច​
  ខុម​ហ្វ្រេ​ល
© រក្សាសិទ្ធិដោយ thmeythmey.com