ជាតិ
បោះឆ្នោត
ហ៊្វុនស៊ិនប៉ិច​៖ សម្តេចក្រុមព្រះ​ឈរ​នៅ​កំពង់ចាម រីឯ​អ្នកម្នាង​ឈរ​នៅ​ព្រៃវែង
17, May 2018 , 1:10 pm        
រូបភាព
រូបពីគណនីហ្វេសបុកឈ្មោះ ព័ត៌មានសម្តេចក្រុមព្រះ
រូបពីគណនីហ្វេសបុកឈ្មោះ ព័ត៌មានសម្តេចក្រុមព្រះ
ដោយ: រួបរួម
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​សម្រាប់​ការ​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បច្ចុប្បន្ន​មាន​តំណាងរាស្ត្រ​៤១​រូប ក្នុង​រដ្ឋសភា បន្ទាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​បេក្ខជន​ឈរ​នៅ​គ្រប់​រាជធានី​-​ខេត្ត​។​


 
 
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​ទីមួយ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ចាម ខណៈ​​អ្នក​ម្នាង អ៊ុក ផល្លា មានឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​លើកដំបូង ដោយ​ឈរ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខ​រៀង​ទីមួយ នៅ​មណ្ឌល​ខេត្តព្រៃវែង​។​
 
​យោងតាម​បញ្ជី​ឈ្មោះ​ដែល​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អ្នកតំណាងរាស្ត្រ​ទាំងអស់​របស់​ហ៊្វុនស៊ិនប៉ិច ដែល​ទទួលបាន​កៅអី​របស់​សង្គ្រោះ​ជាតិ ក្រោយ​ការរំលាយ បាន​ឈរឈ្មោះ​ប្រកួតប្រជែង​នៅតាម​បណ្តា​ខេត្ត​ធំៗ​។​
​លោក យូ ហុកគ្រី អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​រាជានិយម​មួយ​នេះ ទៅ​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ដែល​ទើបតែ​បង្កើត​ថ្មី ជាមួយ លោក យ៉ង់ សារឹម និង​លោក ហុង ប៊ុន​ហ៊ាង ជាដើម​៕
 
​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត​របស់ ហ៊្វុនស៊ិនប៉ិច រួមមាន លោក ញ៉េប ប៊ុនជិន ឈរ​នៅ​ខេត្តបាត់ដំបង លោក ប៉ោ ប៊ុន​ស្រ៊ឺ នៅ​កំពង់ធំ លោក ច័ន្ទ ន​រ៉ា លោកស្រី កង បូរាណ នៅ​កណ្តាល លោក ផាន់ សិទ្ធី លោក ចាប ញ៉ាលីវុធ លោក ថាវ គីម​ឡុង លោក រស់ សា​ផន នៅ​ភ្នំពេញ​។​
 
​លោក ឆឹង ចំរើន ឈរ​នៅ​តាកែវ លោក យឹម សា​វី លោក សោម ណា​រិន្ទ ទៅ​ឈរឈ្មោះ​នៅ​សៀមរាប លោក សាយ ហាក់ លោក យោគ ស៊ីថុន ទៅ​ស្វាយរៀង ខណៈ​ខេត្ត​ព្រះសីហនុ​ដែល​ឡើងដល់​បី​កៅអី ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ដែលជា​តំណាងរាស្ត្រ​បច្ចុប្បន្ន​ទាំងបី​នាក់ ក្នុងនោះ​មាន លោក សៅ រ៉ានី លោក ហេង ចាន់ថា និង​លោក ទេព វាសនា​៕

Tag:
 ​បោះឆ្នោត​
  ហ្វ៊ុនស៊ិនប៉ិច​
© រក្សាសិទ្ធិដោយ thmeythmey.com