យប់ថ្ងៃពុធទី ១៦ ខែឧសភា កងកម្លាំងប៉ូលិសម៉ាឡេស៊ីបានឆ្មក់ចូលឆែកឆេរផ្ទះរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ យ៉ាងហោចណាស់ចំនួនពីរកន្លែងដើម្បីស្វែងរកភស្តុតាងពាក់ព័ន្ធករណីពុករលួយមូលនិធិរដ្ឋ 1MDB។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាបូបយួរដៃរបស់ភរិយាអតីតមេដឹកនាំម៉ាឡេស៊ីនេះត្រូវបានប៉ូលិសរឹបអូសផងដែរ។
មេធាវីការពារក្តីលោក ណាជីប លោក Harpal Singh Grewal បានទទួលស្គាល់ថា វាមានការចុះឆែកឆេរពិតមែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Straits Times។
វាមិនមានការប្រឈមមុខគ្នារវាងក្រុមគ្រួសារលោក ណាជីប រ៉ាហ្សាក់ជាមួយសមត្ថកិច្ចឡើយ។ ពួកគេក៏បានព្យាយាមសហការជាមួយប៉ូលិសដើម្បីបំពេញការងារស្វែងរកភស្តុតាងឲ្យបានចប់សព្វគ្រប់ដែរ។ មកដល់ពេលនេះមិនមានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួន ហើយក៏មិនមានការបញ្ជាក់ថា វានឹងមានការចាប់ខ្លួននៅពេលខាងមុខដែរ។
ក្រោយប្រតិបត្តិការឆែកឆេរអស់រយៈពេលជាង ១០ម៉ោងនេះពីយប់ថ្ងៃពុធដល់ព្រឹកថ្ងៃព្រហស្បតិ៍ ប៉ូលិសមិនបានរកឃើញឯកសារសំខាន់ៗណាមួយឡើយ។ ផ្ទុយទៅវិញ ប៉ូលិសបានរឹបអូសកាបូបយួរដៃចំនួនពីររបស់ភរិយាលោក ណាជីប គឺលោកស្រី Rosmah Mansor និងសម្ភារប្រើប្រាស់មួយចំនួនទៀតប៉ុណ្ណោះ។
កាបូបដៃរបស់លោកស្រី Rosmah Mansor ជារឿងចម្រូងចម្រាស ហើយភាពឡូយឆាយរបស់លោកស្រីក្នុងនាមជាភរិយានាយករដ្ឋមន្ត្រីនោះបានបង្កើតក្តីក្រហាយខ្លាំងដែរសម្រាប់ប្រជាជនម៉ាឡេស៊ីកន្លងមក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន
Asian Correspondent កាបូបយូរដៃដែលលោកស្រីប្រើប្រាស់ភាគច្រើនគឺម៉ាក Hermes Birkin ហើយកាបូបខ្លះមានតម្លៃថ្លៃដល់ ២០ ម៉ឺនដុល្លារឯណោះ។ ប៉ូលិសម៉ាឡេស៊ីចោទថា ក្រោយចាញ់ឆ្នោត លោកស្រីព្យាយាមយកកាបូបប្រភេទប្រហែល ៥០ ទៅលក់ទុកថែមទៀត។
ក្រៅពីកាបូបតម្លៃថ្លៃកប់ពពក បើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក
New York Times វាក៏មានបណ្តឹងផ្សេងទៀតចោទប្រកាន់ថា លុយមូលនិធិដែលបាត់នោះក៏ត្រូវបានប្រើប្រាស់ដោយក្រុមគ្រួសារលោក ណាជីប ដើម្បីទិញខ្សែកដាំត្បូងពេជ្រមានទំហំ ២២ការ៉ាត់ និងមានតម្លៃ ២៧,៣លានដុល្លារសម្រាប់លោកស្រី Mansor ផងដែរ។
ក្រោយការធ្លាក់បក្សកាន់អំណាចចាញ់ឆ្នោត ហើយលោក ណាជីប បាត់បង់តំណែង ប្អូនប្រុសរបស់លោក បាននាំគ្នាបង្ហាញអារម្មណ៍សប្បាយចិត្តដែលប្រជាជនម៉ាឡេស៊ីអាចផ្លាស់ប្តូរសង្គមនិងបញ្ចប់របបដឹកនាំកេងប្រវ័ញ្ចលុយរដ្ឋបានជោគជ័យ។ លោកក៏បានសាទរលោក មហាធៀ ដែលត្រឡប់មកកាន់អំណាចជាថ្មីដើម្បីបោសសម្អាតអំពើពុករលួយដែរ។
លោក Nazir Razak ដែលបច្ចុប្បន្នជាប្រធានធនាគារ CIMB បានថ្លែងដូច្នេះថា៖« ម៉ាឡេស៊ីត្រូវការកែទម្រង់ប្រទេសឡើងវិញទ្រង់ទ្រាយធំ។ ប៉ុន្តែការព្យាយាមកន្លងដោយចលនាមុនៗបរាជ័យ។ ឥឡូវនេះយើងអាចធ្វើបានហើយ»។
ចំណែកកូនស្រីចុងរបស់លោក ណាជីប លោកស្រី Azrene Ahmad បានថ្កោលទោសឪពុកចុង និងម្តាយរបស់ខ្លួនលោកស្រី Mansor ចំពោះការកិបកេងលុយរដ្ឋដើម្បីភាពហ៊ឺរហារផ្ទាល់ខ្លួននោះ។ លោកស្រីសរសេរបង្ហោះតាមគណនី Instagram ផ្លូវការខ្លួននៅក្រោយថ្ងៃបោះឆ្នោតដូច្នេះថា៖« ថ្ងៃនេះជាថ្ងៃបញ្ចប់នៃរបបផ្តាច់ការដែលយើងគ្រប់គ្នាបួងសួងឲ្យកើតឡើងកន្លងមក។ ខ្ញុំមើលឃើញផ្ទាល់ទង្វើក្បត់ជាតិ និងសកម្មភាពផ្សេងទៀតដែលត្រូវបានអ្នកទាំងពីរបង្កើតឡើងដើម្បីអំណាច និងបំពេញភាពលោភលន់របស់គេ»។
ត្រឡប់មកវិញ ការចុះឆែកឆេរផ្ទះអតីតនាយករដ្ឋមន្ត្រីនេះធ្វើឡើងក្រោមច្បាប់ប្រឆាំងការលាងលុយ ហើយវាក៏ធ្វើឡើងក្រោយពេលដែលសំណុំរឿងពុករលួយកេងប្រវ័ញ្ចមូលនិធិរដ្ឋ 1MDB តាមបញ្ជានាយករដ្ឋមន្ត្រីថ្មី មហាធៀ មហាម៉ាត់ដែរ។
បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB មានគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌អាមេរិកដែលបានស្រាវជ្រាវក្នុងករណីនេះបានអះអាងថា មន្ត្រីក្នុងមូលនិធិនេះបានកិបកេងលុយប្រហែល ៤,៥ ពាន់លានដុល្លារអាមេរិកហើយមួយផ្នែកនៃលុយនោះមាននៅក្នុងគណីធនាគាររបស់លោក ណាជីប រ៉ាហ្សាក់ ផង។ ក្នុងឆ្នាំ ២០១៣ លុយមានទំហំ ៦៨១ លានដុល្លារ នៃមូលនិធិនេះ ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់លោក។ ប៉ុន្តែលោកបានបដិសេធ និងអះអាងថា វាជាលុយអំណោយដែលអារ៉ាប៊ីសាអូឌីតផ្តល់ឲ្យប៉ុណ្ណោះ៕