ជាតិ
បោះឆ្នោត
គ​.​ជ​.​ប នឹង​ទទួលស្គាល់​គណបក្ស​៤​ទៀត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​
17, May 2018 , 4:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ចុងក្រោយ​លើ​គណបក្សនយោបាយ​ចំនួន​៤​បន្ថែមទៀត ដែល​បានដាក់​ក្នុង​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​។ ការសម្រេច​ចុងក្រោយ​របស់​គណបក្ស​ទាំង​៤​នេះ នឹង​ប្រកាសឡើង​ផ្លូវការ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ។​



​គណបក្សនយោបាយ​ចំនួន​៤ ដែល​គ​.​ជ​.​ប នឹង​ទទួលស្គាល់​ជា​ផ្លូវការ ក្នុង​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត រួមមាន​គណបក្ស​ខ្មែរ​តែមួយ ដាក់​បេក្ខជន​ឈរឈ្មោះ​១៦​មណ្ឌល​, គណបក្ស​ប្រជា​ធិ​កប​តេ​យ្យ​មូលដ្ឋាន (២៥​មណ្ឌល​), គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (២៥ មណ្ឌល​) និង​គណបក្ស​ពន្លឺ​ថ្មី (១៣​មណ្ឌល​) ។ គ​.​ជ​.​ប នឹង​ចេញ​សេចក្តីប្រកាស នៅ​ថ្ងៃទី​១៨ ឧសភា ។ នេះ​បើតាម​លោក ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប​។​



​កន្លងមក​គ​.​ជ​.​ប បានទទួល​ស្គាល់​គណបក្ស​នយោបាយ​ដែល​ឈរឈ្មោះ​បោះឆ្នោត ចំនួន​៥​ហើយ សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នាពេលខាងមុខ​។ គណបក្ស​៥​នោះ​រួមមាន គណបក្ស​យុវជន​កម្ពុជា​,​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​សញ្ជាតិ​កម្ពុជា​, ខ្មែរ​រួបរួម​ជាតិ​,​ហ្វ៊ុនស៊ិនប៉ិច​។

​ក្រៅពី​គណបក្សនយោបាយ​ទាំងនេះ ក៏​នៅមាន​គណបក្សនយោបាយ​ចំនួន​១១ ផ្សេងទៀត ដែល​កំពុង​ស្ថិតនៅ​ការពិចារណា​របស់ គ​.​ជ​.​ប នៅឡើយ​។ គ​.​ជ​.​ប នឹង​សម្រេច​ចុងក្រោយ ក្នុងការ​ផ្ដល់​សិទ្ធ​ចូលរួម​ប្រកួត សម្រាប់​គណបក្ស​ទាំង​១១​នោះ នៅ​ថ្ងៃទី​២១ ខែឧសភា ។​



​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​គណបក្ស​ខាងលើ​ជា​បន្តបន្ទាប់​នោះ បានន័យថា ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចូលរួម​ច្រើនជាង​ការបោះឆ្នោត​អាណត្តិ​ទី​៥ ដែល​មានតែ​គណបក្ស​៨​ប៉ុណ្ណោះ​។

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕






Tag:
 គណបក្សនយោបាយ​
 ​បោះឆ្នោត​
 ​គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com