អន្តរជាតិ
អាន់​វ៉ា និង​មហា​ធៀ ត្រូវ​គ្នា​វិញ ដោយសារ​ភរិយា​
18, May 2018 , 8:59 am        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចាប់ដៃលោក មហាធៀ មហាម៉ាត់ (រូបភាព Reuters)
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចាប់ដៃលោក មហាធៀ មហាម៉ាត់ (រូបភាព Reuters)
​ទំនាក់ទំនង​រវាង​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​របស់​ម៉ាឡេស៊ី គឺ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម និង​លោក មហា​ធៀ មហាម៉ាត់ បាន​ប្រែ​ពី​គូប្រជែង​ទៅជា​សម្ព័ន្ធមិត្ត​រឹងមាំ​រហូត​យកឈ្នះ​ក្នុងការ​បោះឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ពីស​ត្រូវ​ទៅជា​មិត្ត លោក អាន់​វ៉ា ដែល​ទើប​រួច​ទោស បានផ្ដល់​គុណសម្បត្តិ​ទៅ​ឲ្យ​ភរិយា​របស់លោក និង​ភរិយា​លោក​មហា​ធៀ ដែល​ជួយ​ឲ្យ​លោក​ត្រូវរ៉ូវ​ជាមួយ​លោក មហា​ធៀ វិញ​។ មិន​ត្រឹម​កប់​ទុក​គំនុំ​ចាស់ លោក អាន់​វ៉ា ក៏​គាំទ្រ​លោក មហា​ធៀ ដឹកនាំ​ម៉ាឡេស៊ី​ដែរ​។​



​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយ​របស់​ម៉ាឡេស៊ី ធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ។ ប្រជាប្រិយភាព​របស់​លោកប​ង្ក​ជាការ​ព្រួយបារម្ភ​សម្រាប់​លោក មហា​ធៀ ដែល​បន្ទាប់មក​បានបញ្ចប់​តំណែង​ឧបនាយករដ្ឋមន្ត្រី​រប​ស់លោក អាន់​វ៉ា ហើយ​លោក អាន់​វ៉ា ក៏​ជាប់​ទោសទណ្ឌ​តែម្ដង​។ ក្រោយ​ផុត​ទោស​រួច លោក អាន់​វ៉ា ក៏​បង្កើត​បក្សប្រឆាំង ដែល​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ឆាកនយោបាយ​ម៉ាឡេស៊ី​។​

​យ៉ាងណាមិញ លោក អាន់​វ៉ា និង​លោក មហា​ធៀ ក៏​បែរជា​ត្រូវ​គ្នា​វិញ នៅមុន​ការបោះឆ្នោត​ខែឧសភា ឆ្នាំ​២០១៨ នេះ​។ មុន​ការបោះឆ្នោត​នេះ លោក មហា​ធៀ បាន​ចាក​ចេញពី​បក្ស​សម្ព័ន្ធភាព​កាន់អំណាច BN ដោយសារ​មិនត្រូវ​គ្នា​ជាមួយ​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ លោក មហា​ធៀ ក៏បាន​បង្កើត​បក្ស​ថ្មី រួច​ចូល​រួមជាមួយ​សម្ព័ន្ធភាព​ប្រឆាំង PH ដែលមាន​បក្ស​លោក អាន់​វ៉ា ជា​ម្ចាស់​សម្ព័ន្ធ​។ អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ ក៏ត្រូវ​បានជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​តែម្ដង​។​

​សម្ព័ន្ធភាព​បក្សប្រឆាំង​បានទទួល​ជ័យជម្នះ​លើ​សម្ព័ន្ធភាព​កាន់អំណាច BN ហើយក៏​លោក មហា​ធៀ ក៏​ក្លាយជា​នាយករដ្ឋមន្ត្រី ហើយ​លោក​ក៏​ជួយ​ឲ្យ​លោក អាន់​វ៉ា ទទួលបាន​ការលើកលែង​ទោស​ពី​មហាក្សត្រ​ម៉ាឡេស៊ី​ផង​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Malay Mail នៅ​ថ្ងៃទី​១៦ ខែឧសភា លោក អាន់​វ៉ា និយាយថា លោក​ត្រូវ​គ្នា​ជាមួយ​លោក មហា​ធៀ វិញ ក៏មាន​ចំណែក​របស់​ភរិយា​របស់លោក គឺ​លោកស្រី Wan Azizah Wan Ismail និង​លោកស្រី Siti Hasmah Ali ភរិយា​លោក មហា​ធៀ ។ 

​តាមរយៈ​កិច្ច​សម្ភាស​ដដែល លោក អាន់​វ៉ា បាន​សារភាពថា ពីដំបូង លោក​ជួប​ការលំបាក​ក្នុងការ​លុប​កប់​អតីតកាល និង​ធ្វើការ​ជាមួយ​លោក មហា​ធៀ វិញ​។ ប៉ុន្តែ​លោក​ត្រូវ​បង្ខំចិត្ត​ធ្វើ​រឿងនេះ បន្ទាប់ពី​ឃើញ​ភរិយា​របស់លោក និង​ភរិយា​លោក មហា​ធៀ ត្រូវ​គ្នា ហើយ​ចេះ​យល់​ពី​អតីតកាល​របស់ខ្លួន​។ លោក​បញ្ជាក់ថា​៖ «​បុរស​អាច​មិន​ចង់​បំភ្លេច​រឿង​ចាស់​ឡើយ តែ​វា​ជា​រឿង​ងាយស្រួល​សម្រាប់​នារី​ភេទ ព្រោះ​វា​គ្មាន​រនាំង​បិទបាំង​មិត្តភាព ហើយ​ពួកគេ​ពិតជា​គួរ​ឲ្យ​ស្រឡាញ់​មែន​»​។​

​អតីត​ឧបនាយករដ្ឋមន្ត្រី​រូបនេះ​ក៏​ប្រកាស​ជំហរ​គាំទ្រ​លោក មហា​ធៀ ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ដឹកនាំ​ម៉ាឡេស៊ី ខណៈ​ប្រពន្ធ​ខ្លួន​ធ្វើជា​ឧបនាយករដ្ឋមន្ត្រី​។ ម្យ៉ាង​លោក អាន់​វ៉ា ចង់​ចំណាយពេល​ជាមួយ​គ្រួសារ​សិន ហើយ​ម្យ៉ាង​លោក មហា​ធៀ នឹង​អង្គុយ​កៅអី​នេះ​ពីរ​ឆ្នាំ​សិន មុននឹង​ផ្ទេរតំណែង​នេះ​ទៅ​ឲ្យ​លោក អាន់​វ៉ា តាម​ក្រោយ​។ ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បាន លោក អាន់​វ៉ា ត្រូវមាន​ឈ្មោះ​ជា​សមាជិកសភា ឬ​ព្រឹទ្ធសភា​សិន​ដែរ​៕


Tag:
 ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com