កីឡាជាតិ
ជាតិ
ពាន​សម្ដេច ហ៊ុន សែន​៖ ស្វាយរៀង​និង​វិសាខា​ប្រជែង​គ្នា ខណៈ​ក្រុម​ខ្លាំង​៤​ទៀត មានលទ្ធភាព​ខ្ពស់​ទៅ​វគ្គ​បន្ត​
18, May 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១២ បាន​ចាប់ឆ្នោត​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួចរាល់​ហើយ​។ ក្នុងនោះ​ក្លិប​ណាហ្គា​វើ​ល ភ្នំពេញ​ក្រោ​ន បឹងកេត និង​ក្រសួងការពារជាតិ​(​ទ័ព​) សុទ្ធ​តែមាន​ភាគរយ​ឡើងទៅ​វគ្គ​បន្ត​ខ្ពស់ រីឯ​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​វិសាខា​។ ការប្រកួត​ធ្វើតាម​រូបមន្ត Home a way ដោយ​ក្រុម​នីមួយៗ​ត្រូវ​ប្រកួត​ពីរ​ជើង​រៀងៗ​ខ្លួន ដើម្បី​ស្វែងរក​ក្រុម​មាន​ពិន្ទុ​ខ្ពស់ ឡើងទៅ​ប្រកួត​នៅ​វគ្គ ១/៤​។​



​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៧ ឧសភា បានរៀបចំ​ពិធី​ចាប់ឆ្នោត​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨​។ ក្រោយ​ការចាប់​ឆ្នោត​របស់​តំណាង​ក្លិប​ទាំង​១៦ ក្នុងនោះ​ភ្នំពេញ​ក្រោ​ន​ប៉ះ​អគ្គិសនី​កម្ពុជា​, បឹងកេត​ជួប​វេ​ស្ទើ​ន​ភ្នំពេញ​, ណាហ្គា​វើ​លត​ទល់​ជាមួយ​កំពត​ដែលជា​មួយក្រុម​ឡើង​មកពី​ថ្នាក់​ខេត្ត និង​ក្រសួងការពារជាតិ​ប្រជែង​ជាមួយ​អាស៊ី​អឺរ៉ុប​។ ដោយឡែក ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ក្រុម​ការពារ​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង អាច​ស្ថិតក្នុង​ភាពស្រពេចស្រពិល ព្រោះ​ពួកគេ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ជើងឯក​លី​គ​ទី​២​ឆ្នាំ​២០១៧ វិសាខា​។​

​ចំណែក​ក្រុម​ខ្លាំង​ចំនួន​៤ ដែល​យើង​សន្និដ្ឋានថា អាច​ឡើងទៅ​វគ្គ​បន្ត​នោះ រួមមាន​បឹងកេត ភ្នំពេញ​ក្រោ​ន ក្រសួងការពារជាតិ និង​ណាហ្គា​វើ​ល ព្រោះ​ពួកគេ​ប៉ះ​សុទ្ធតែ​ក្រុម​ដែល​អាច​និយាយបានថា​ខ្សោយ​ជាង​ខ្លួន​។ ប៉ុន្តែ​អ្វីៗ​អាស្រ័យ​លើ​បច្ចេកទេស​ប្រកួត ដូច​ពាក្យ​គេ​ថា​«​បាល់​មូល​»​មើលមិនឃើញ​។​



​ចំណែក​ក្រុម​សាលា​បាល់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ឡើងមក​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ឡើង​មកពី​ថ្នាក់​ខេត្ត​ដូចគ្នា គឺ​ក្រុម​កោះកុង រីឯ​អគ្គស្នងការ​នគរបាល​ជាតិ តទល់​ជាមួយ​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ​តាម​ខេត្ត​គីរីវង់​សុខ​សែន​ជ័យ ខណៈ​សូល​ទី​ឡូ​អង្គរ តតាំង​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា គឺ​អង្គ​រថា​យ​ហ្គឺ​រ​។ 

​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១២ នឹង​ប្រកួត​ជើង​ទី​១​នៅ​ថ្ងៃទី​១១ ឧសភា និង​ជើង​ទី​២​នៅ​ថ្ងៃទី​១៨ ឧសភា​។ ការប្រកួត​ធ្វើតាម​រូបមន្ត Home a way ដោយ​ក្រុម​នីមួយៗ​ត្រូវ​ប្រកួត​ពីរ​ជើង​រៀងៗ​ខ្លួន ដើម្បី​ស្វែងរក​ក្រុម​មាន​ខ្ពស់ ឡើងទៅ​ប្រកួត​នៅ​វគ្គ ១/៤៕ 


Tag:
 បាល់ទាត់​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com