ជាតិ
តំណាងរាស្ត្រ​អាមេរិក​ដើមកំណើត​ខ្មែរ រង​ការចោទប្រកាន់ថា បាន​ច្របាច់ក គូប្រជែង​ខ្លួន​
18, May 2018 , 9:59 am        
រូបភាព
លោក មុំ រ៉ាឌី (ឆ្វេង) និងលោក មាស សំ
លោក មុំ រ៉ាឌី (ឆ្វេង) និងលោក មាស សំ
ដោយ: ថ្មីៗ
​លោក មុំ រ៉ា​ឌី តំណាងរាស្ត្រ​អាមេរិក​ដើមកំណើត​ខ្មែរ ប្រចាំ​ក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក រង​ការចោទប្រកាន់ថា បាន​ច្របាច់ក លោក មាស សំ អតីត​ទីប្រឹក្សា​ម្នាក់​របស់ខ្លួន ដែល​ក្រោយមក ក្លាយជា​គូប្រជែង​នយោបាយ​។ នេះ​បើតាម​ការផ្សាយ​របស់ WCVB-TV​។​



​ភាគី​ទាំងពីរ​ដែល​សុទ្ធ​តែមាន​ដើមកំណើត​ខ្មែរ ត្រូវបាន​ហៅ​តទល់​គ្នា​ក្នុង​សវនាការ​មួយ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ័ ទី​១៦ ខែឧសភា​។ លោក មាស សំ ដែលជា​ដើមបណ្តឹង​បាន​អះអាងថា រឿងរ៉ាវ​បានកើត​ឡើង​កាលពី​ថ្ងៃទី​៥ ខែឧសភា នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ក្រុង Lowell ហើយ​លោក​បាន​រាយការណ៍​ទៅ​ប៉ូលិស​នា​៣​ថ្ងៃ​បន្ទាប់​។



«​គាត់​ចាប់ដៃ​ខ្ញុំ ច្របាច់ក​ខ្ញុំ ទាញ​អាវ​ខ្ញុំ​ចុះ និង​ដាល់​ទ្រូង​ខ្ញុំ​»​។ នេះ​បើតាម​ការអះអាង​របស់​លោក មាស សំ ទៅកាន់​លោក​ចៅក្រម David Frank​។ ប៉ុន្តែ​លោក មុំ រ៉ា​ឌី បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​។​

​លោក មាស សំ បាន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន ពីព្រោះ​លោក មុំ រ៉ា​ឌី ចេះ​ក្បាច់គុន ហើយ​ថែម​មាន​កាំភ្លើង​ដែល​ទទួលបាន​លិខិតអនុញ្ញាត​ត្រឹម​ត្រូវ។​

​លោក​ចៅក្រម​បដិសេធ​ចេញ​បញ្ជា​ការពារ (Protective Order) ប៉ុន្តែ​សំណុំរឿង​ព្រហ្មទណ្ឌ​នឹងមិន​បញ្ចប់​ឡើយ​៕



Tag:
 មុំ រ៉ា​ឌី​
  មាស សំ
© រក្សាសិទ្ធិដោយ thmeythmey.com