ជាតិ
សារមន្ទីរវាយនភណ្ឌបើកឱ្យទស្សនាដោយឥតគិតថ្លៃអបអរទិវាសារមន្ទីរអន្ដរជាតិ
× សៀមរាប៖ ដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ឧសភា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៉ី នឹងបើកឱ្យសាធារណជនទាំងអស់ចូលទស្សនាដោយគិតឥតថ្លៃ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៨ ឧសភា ចាប់ពីម៉ោង៨ព្រឹកតទៅ ដែលពិធីនេះដែរត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសារមន្ទីរអន្ដរជាតិ និងក្រុមប្រឹក្សាសារមន្ទីរជាតិ។
យោងតាមខ្លឹមសារព័ត៌មានដែលផ្សាយក្នុងទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា សាធារណជនទាំងអស់ អាចចូលរួមទស្សនាការដាក់បង្ហាញនូវផលិតផលប្រពៃណីដ៏សម្បូរបែបនៅក្នុងសារមន្ទីរវាយនភណ្ឌអាស៊ីដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ខាងត្បូងរង្វង់មូលអប្សរា ក្នុងភូមិសាស្ត្រភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
គួររឭកថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌាជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គរួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ៕
© រក្សាសិទ្ធិដោយ thmeythmey.com