ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​៖ ដក​បក្សប្រឆាំង គឺ​ស្មើនឹង​ដកសិទ្ធិ​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ចេញពី​ការបោះឆ្នោត​
18, May 2018 , 11:52 am        
រូបភាព
រូបថតដោយ ថាន រស្មី
រូបថតដោយ ថាន រស្មី
​ភ្នំពេញ​៖ អាមេរិក ចាត់ទុក​ការ​ផាត់​បក្សប្រឆាំង​ចេញពី​ការបោះឆ្នោត ថា​ស្មើនឹង​បិទ​ឱកាស​មិន​ឲ្យ​ប្រជា​ល​រដ្ឋ​ខ្មែរ​រាប់លាន់​នាក់ ជ្រើសរើស​តំណាង​ដែល​ពួកគេ​ពេញចិត្ត​។ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ដាស់តឿន​អាមេរិក កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។



​សហរដ្ឋអាមេរិក នៅតែ​មិនអាច​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា ជាពិសេសការបន្តឃុំលោក កឹម សុខា ​ការបិទ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ងើបឡើង​វិញ និង​ការដក​សិទ្ធិ​ថ្នាក់​នាំ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ខណៈ​ការបោះឆ្នោត កាន់តែ​ជិត​ឈាន​មកដល់​។ ដើម្បី​កែប្រែ​ស្ថានការណ៍​ឲ្យ​ល្អប្រសើរ​ដូចដើម ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក ក៏បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ ចេញពី​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ សំដៅ​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា​។
 
​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​ដោយ​លោកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានបង្ហាញ​ការសោកស្តាយ ដែល​រដ្ឋាភិបាល​កម្ពុជា នៅតែ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ  រស់​ឡើងវិញ​។ សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​សេចក្តីសម្រេច [​របស់​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បិទ​គណបក្សប្រឆាំង​] គឺជា​ការរារាំង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ មិន​ឲ្យ​ប្រើ​សិទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​បោះឆ្នោត​ជ្រើសរើស​បេក្ខជន ដែល​ពួកគេ​ពេញចិត្ត​។ [​ទង្វើ​បែបនេះ​របស់​រដ្ឋាភិបាល​កម្ពុជា​] នឹង​នាំ​ឲ្យ​មាន​ចម្ងល់​ពី​ភាពត្រឹមត្រូវ​នៃ​ដំណើរការ​បោះឆ្នោត​ជាមិនខាន​»​។

​បន្ទាប់មក សហរដ្ឋអាមេរិក ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកផ្លូវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ តាមរយៈ​សេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក ក៏​ឆ្លៀត​ទាមទារម្តងទៀត ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់​ផងដែរ​។

«​យើង​មិនអាច​ផ្តល់ឱកាស​ឲ្យ​គណបក្សប្រឆាំង​បានទេ​។ អ្នកណា​ល្មើ​សនឹង​ច្បាប់ គឺ​អ្នកនោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទៅកាន់​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។ លោក នៅតែ​និយាយថា ការបោះឆ្នោត​នាពេល​មុខ នឹង​មិនមាន​គណបក្ស​ប្រឆាំង​ឡើយ​។

​លោក សុខ ឥសាន មិនអាចទទួលយកបានជាដាច់ខាត ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ការរំលាយគណបក្សប្រឆាំង គឺប្រៀបបាននឹងការដកសិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។ លោក បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក មើល​សភាពការណ៍​នៅ​កម្ពុជា​ឲ្យ​ច្បាស់លាស់ មុននឹង​បញ្ចេញមតិ​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ចំណាត់ការ​លើ​គណបក្ស​ប្រឆាំង គឺជា​ការ​អនុវត្តតាម​ច្បាប់​នៅ​កម្ពុជា ដូច្នេះ​សហរដ្ឋអាមេរិក​ មិនត្រូវ​លូកដៃ​ចូល​នោះទេ​។ លោក ចាត់ទុក ការ​ឈឺឆ្អាល​របស់​សហ​រដ្ឋ​អាមេរិក ថា​ជាការ​រំលោភ​លើ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​បោះ​បោះឆ្នោត (​គ​.​ជ​.​ប​.) បិទបញ្ចប់ការ​ទទួល​ពាក្យ​របស់​គណបក្សនយោបាយ ដែល​បាន​យកទៅដាក់ ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ មាន​គណបក្ស​ដល់​ទៅ​២០​ឯណោះ ដោយ​រាប់ទាំង​គណបក្សកាន់អំណាច​ផង បាន​យក​ពាក្យទៅ​ដា​ក់នៅ​គ​.​ជ​.​ប​. តែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ។

​កន្លងមក សហរដ្ឋអាមេរិក បាន​លូក​មាត់​លូ​កក​មិនតិច​ដង​ទេ ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​។ សហរដ្ឋអាមេរិក បានសម្រេច​ឈប់​គាំទ្រ​គ​.​ជ​.​ប​. និង​បាន​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយចំនួន បន្ទាប់ពី​សំណើ​របស់ខ្លួន ដែល​សុំ​ឲ្យ​ដោះ​លែ​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ឆាកនយោបាយ​វិញ មិន​ទទួលបាន​ជោគជ័យ​។

​ក្រៅពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ក៏បាន​ដាក់​សម្ពាធ និង​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ដែរ​។ ឯ​ប្រទេស​មួយចំនួនទៀត មិនបាន​ធ្វើ​សកម្មភាព​ជាក់ស្តែង​ក្នុងការ​ដាក់ទណ្ឌកម្ម​ឬ​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ ដោយ​គ្រាន់តែ​ថ្កោលទោស​ប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ ក៏មាន​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ជប៉ុន ចិន និង​ឥណ្ឌា​ជាដើម នៅតែ​បន្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា និងដំណើរការ​បោះឆ្នោត​ដដែល​៕

អត្ថបទទាក់ទង
 


Tag:
 ​បោះឆ្នោត​
  អាមេរិក​
  កម្ពុជា​
  សុខ ឥសាន​
© រក្សាសិទ្ធិដោយ thmeythmey.com