អន្តរជាតិ
ចរចា​ពាណិជ្ជកម្ម​៖ ចិន​ថយ​មួយ​ជំហាន តែ​លោក ត្រាំ នៅតែ​មិនទាន់​សប្បាយចិត្ត​
18, May 2018 , 3:08 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ នៅសេតវិមាន (រូបភាព South China Morning Post)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃឧបនាយករដ្ឋមន្រ្តីចិន លីវ ហឺ នៅសេតវិមាន (រូបភាព South China Morning Post)
​នៅ​ថ្ងៃទី​១៨ ខែឧសភា មន្ត្រី​អាមេរិក និង​ចិន កំពុង​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម ដែល​សឹង​ផ្ទុះ​ទៅជា​សង្គ្រាម​ពាណិជ្ជកម្ម​ពេញបន្ទុក​ទៅហើយនោះ​។ ខណៈ​ការចរចា​នៅ​ប៉េកាំង​មិនមាន​លទ្ធផល​នោះ ការជជែក​នៅ​វ៉ាស៊ីនតោន​លើក​នេះ​ហាក់​ទទួលបាន​ពន្លឺ​ខ្លះ ដោយ​មន្ត្រី​អាមេរិក​និយាយថា ចិន​បាន​យល់ព្រម​ធ្វើ​សម្បទាន​ខ្លះ​តាម​ការទាមទារ​របស់​ខ្លួន​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ នៅតែ​មិនទាន់​សប្បាយចិត្ត​លើ​អ្វីដែល​លោក​ចាត់ទុកជា​ការរក​ស៊ីចំណេញ​តែ​ម្ខាង​ដដែល​។​



​បន្ទាប់ពី​ចរចា​ពេញ​មួយ​ថ្ងៃទី​១៧ ខែឧសភា​រួចមក មន្ត្រី​អាមេរិក និង​ចិន​នឹង​បន្ត​ចរចា​គ្នា​ថែមទៀត​នៅ​ថ្ងៃទី​១៨ ខែឧសភា ដើម្បី​បញ្ចប់​ការទាស់ទែង​គ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ កន្លងមក ការចរចា​ជាច្រើនលើក​ទាំង​នៅ​ទឹកដី​ចិន និង​នៅ​អាមេរិក​ក្ដី មិនសូវ​បាន​ផល​អ្វី​ឡើយ ដ្បិត​ភាគី​ទាំងសងខាង​ប្រកាន់​ជំហរ​រឹងត្អឹង​ដាក់គ្នា​ទៅវិញទៅមក​ដើម្បី​ការពារ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ យ៉ាងណាមិញ ការចរចា​លើក​នេះ​ហាក់​ទទួលបាន​ផ្លែផ្កា​ខ្លះ​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ទីប្រឹក្សា​ពាណិជ្ជកម្ម​សេត​វិមាន Peter Navarro មិនមាន​ឈ្មោះ​ក្នុងជំនួប​ចរចា​រវាង​ប្រតិភូ​ចិន​ដឹកនាំ​ឧបនាយករដ្ឋមន្ត្រី លីវ ហឺ និង​ប្រតិភូ​អា​មេ​រិ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​រតនាគារ Steven Mnuchin ឡើយ​។ បើតាម​ទី​ភ្នា​ក់​ព័ត៌មាន AFP លោក Navarro មាន​ជំហរ​ដាច់ខាត​ក្នុង​ការចរចា​ជាមួយ​ចិន ជាពិសេស​កាលពី​ការជជែក​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ពីរ​សប្ដាហ៍​មុន ហើយ​លោក​ក៏​មិនត្រូវ​គ្នា​ជាមួយ​លោក Mnuchin ដែលមាន​ជំហរ​ទន់ភ្លន់​ជាង​ទៅទៀត​។​

​សម្រាប់​ការចរចា​ថ្ងៃ​ទីមួយ សេត​វិមាន​និយាយថា មន្ត្រី​អាមេរិក​បាន​ប្រាប់​សម​ភាគី​ចិន​ពី​ជំហរ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់បាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​យុត្តិធម៌​។ ក្នុង​ទស្សនកិច្ច​លើក​នេះ​លោក លីវ ក៏បាន​ជួប​លោក ត្រាំ ដែរ ហើយ​ក៏បាន​ប្រាប់​ប្រធានាធិបតី​អាមេរិក​ថា ប្រទេស​ទាំងពីរ​ត្រូវ​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​តាម​មធ្យោបាយ​ស្មើភាព និង​ផ្ដល់​ប្រយោជន៍​ឲ្យ​ភាគី​ទាំងសងខាង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

១. ចិន​ថយ​មួយ​ជំហាន​

​ក្នុងការ​ចរចា​នៅ​ថ្ងៃទី​១៧ ខែឧសភា ចិន​បានបង្ហាញ​ជំហរ​អនុវត្តតាម​ការទាមទា​រ​របស់​អាមេរិក​ដែល​ចង់បាន​ការកាត់បន្ថយ​ទំហំ​ឱនភាព​ពាណិជ្ជកម្ម​ដែល​ផ្អៀង​ទៅខាង​អាម​រិ​ក​។ ចិន​បានស្នើ​កាត់បន្ថយ​ទំហំ​ពាណិជ្ជកម្ម​លើស មាន​ចំនួន ២០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​តាមរយៈ​ការផ្ដល់​កញ្ចប់​សម្បទាន​ពាណិជ្ជកម្ម និង​ការបង្កើន​ការទិញ​ទំនិញ​របស់​អាមេរិក​។ កាលពី​ឆ្នាំ​២០១៧ ឱនភាព​ពាណិជ្ជកម្មរ​បស់​អាមេរិក​ក្នុងការ​រកស៊ី​ជាមួយ​ចិន​មាន​ដល់​ទៅ ៣៧៥ ពាន់​លាន​ដុល្លារ​ឯណោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​សម្ដី​មន្ត្រី​ពាក់ព័ន្ធ​ជំនួប​នេះ កញ្ចប់​សម្បទាន​របស់​ចិន​នឹង​បញ្ចូល​ការលុបចោល​ការយកពន្ធ​ដែល​ត្រូវបាន​អនុវត្ត​ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល​៤​ពាន់​លាន​ដុល្លារ​លើ​ផលិតផល​អាមេរិក​ដូចជា​ផ្លែឈើ សាច់ជ្រូក និង​ស្រាក្រហម​ជាដើម​។ បើ​លោក ត្រាំ ទទួលយក​សំណើ​របស់​ចិន ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing នឹង​ក្លាយជា​អ្នកទទួលបាន​ប្រយោជន៍​ច្រើនជាងគេ​បំផុត ព្រោះ​នាំចូល​យន្តហោះ​រាប់សិប​គ្រឿង​ទីផ្សារ​ចិន​។​

​យ៉ាងណាមិញ ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ​២០០​ពាន់​លាន​ដុល្លា​មិនមែនជា​រឿង​ធម្មតា​ឡើយ ព្រោះ​វា​នឹង​នាំ​ដល់​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។ ជាមួយនឹង​ការធ្វើសម្បទាន​របស់​ចិន មន្ត្រី​អាមេរិក​មិនអាច​ផ្ដល់ព័ត៌មាន​ពី​ការទាមទារ​របស់​ចិន​ឡើយ ប៉ុន្តែ​សារព័ត៌មាន​អាមេរិក​ផ្សាយ​ថា ក្រុង​ប៉េកាំង​ទំនង​ចង់​ឲ្យ​វ៉ាស៊ីនតោន​បញ្ឈប់​ការ​គំរាម​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​រកស៊ី​នៅ​អាមេរិក​ដោយ​គ្មាន​ការ​រឹតត្បិត​ជាដើម​។​

២. ត្រាំ នៅតែ​មិនទាន់​ពេញចិត្ត​

​នៅមុន​ជំនួប​ជាមួយ​លោក លីវ ហឺ មន្ត្រី​ជំនិត​ផ្នែក​សេដ្ឋកិច្ច​របស់លោក ស៊ី ជិន​ភីង នៅ​សេត​វិមាន លោក ត្រាំ ក៏បាន​រិះគន់​ចិន​ចំពោះ​ការ​កេងចំណេញ​លើ​អាមេរិក​នាពេល​កន្លងមក ហើយ​លោក​មិនទាន់​ជឿថា ការចរចា​នៅ​វ៉ាស៊ីនតោន​ពេលនេះ​អាច​ទទួលបាន​ជោគជ័យ​ឬ​យ៉ាងណាដែរ​។ លោក ត្រាំ និយាយថា ចិន​ក្លាយជា​ទៅជា​ប្រ​ទស​ទំយើ​ទៅហើយ ព្រោះ​តែងតែ​ទទួលបាន​រាល់​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​បានទាមទារ​ពី​អាមេរិក​។

​ដោយ​រិះគន់​រដ្ឋបាល​អាមេរិក​មុនៗ លោក ត្រាំ អះអាងថា អាមេរិក​ត្រូវបាន​ចិន​ហែក​ជា​ចម្រៀក ហើយ​ចិន​បាន​ស្ថាបនា​ខ្លួនឯង​ដោយ​ប្រើប្រាស់​លុយ​អាមេរិក​។ លោក​ចាត់ទុក​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន គឺជា​ផ្លូវ​ឯកទិស ដែល​ចិន​ជា​អ្នក​ចំណេញ​រហូត​។ ជាមួយនឹង​ការមិន​ពេញ លោក ត្រាំ ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយបាន​ចាត់វិធានការ​ឆ្លើយតប​ជាច្រើន និង​ទាមទារ​ឲ្យ​ចិន​អនុវត្ត​គោលការណ៍​ពាណិជ្ជកម្ម​ឲ្យ​ត្រឹមត្រូវ និង​ស្មើភាព​ផង​។​

​កន្លងទៅ រដ្ឋបាល​លោក ត្រាំ បានប្រកាស​ដាក់​ពន្ធ ២៥​ភាគរយ​លើ​ទំនិញ​របស់​ចិន​ដែលមាន​តម្លៃ​ដល់​ទៅ​១៥០​ពាន់​លាន​ដុល្លារ​។ ជាការ​ឆ្លើយតប ចិន​ក៏បាន​ដាក់​ពន្ធ​ទំហំ​៥០​ពាន់​លាន​ដុល្លារ​លើ​ផលិតផល​អាមេរិក​វិញ​។ នេះ​គ្រាន់តែ​ចំណែក​តូច​នៃ​ការខ្វែងគំនិត​គ្នា​រវាង​មហាអំណាច​ទាំងពីរ និង​ជា​ឥទ្ធិពល​នៃ​វិធាន​ការរួម​របស់​អាមេរិក​ក្នុង​ការប្រមូល​ផលប្រយោជន៍​អាមេរិក​ឡើងវិញ​ប៉ុណ្ណោះ​។ មិន​ត្រឹមតែ​ចិន​ឡើយ សម្ព័ន្ធមិត្ត​អាមេរិក​ផ្សេងទៀត​ក៏​ចៀស​មិន​រួច​ពី​នយោបាយ​របស់លោក ត្រាំ ដែរ​៕


Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  លីវ ហឺ​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com