ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​រដ្ឋធានី​រប​ស់​ចិន ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​សារមន្ទីរ​
18, May 2018 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​រសៀល​ថ្ងៃទី​១៨ ឧសភា បានរៀបចំ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​រដ្ឋធានី​រប​ស់​ចិន ដើម្បី​ធ្វើការ​រួមគ្នា​លើ​វិស័យ​សារមន្ទីរ​។ គោលបំណង​នៃ​អនុស្សរណៈ​នេះ​ក៏មាន​បំណង​ដើម្បី​ផ្លាស់ប្ដូរ​ការតាំង​ពិ​ព័រ​ណ៌ ការស្រាវជ្រាវ និង​បណ្ដុះបណ្តាល​បុ​គ្ក​លិកសារ​មន្ទីរ​ផងដែរ​។​



​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ត្រូវបាន​ធ្វើឡើង​ដោយ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម​បណ្ឌិត ស៊ុំ ម៉ាប់ និង​ប្រធាន​សារមន្ទីរ​រដ្ឋធានី លោក HAN Zhanming​។ ខ្លឹមសារ​ពិស្ដារ​ពី​បំណង​នៃ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ស្ថាប័ន​ទាំងពីរ រួមមាន បង្កើត​ការផ្លាស់ប្ដូរ​ការសិក្សា​ស្រាវជ្រាវ​ផ្តោតលើ​សមុច្ច័យ​របស់​សារមន្ទីរ​ទាំងពីរ បង្កើត​ការផ្លាស់ប្ដូរ​ស្ដ​ពី​ការតាំងពិព័រណ៍ និង​សហការ​អភិរក្ស​រួមគ្នា​រវាង​ភាគី​ទាំងពីរ បង្កើត​ការផ្លាស់ប្ដូរ​បុគ្គលិក​សា​រម​ន្ទីរ និង​អ្នកជំនាញ និង​អញ្ជើញ​បុគ្គលិក​សារមន្ទីរ​ចូលរួម​ក្នុង​សន្និសីទ និង​សកម្មភាព​ផ្សេងៗ​ទៀត​។​

​អនុស្សរណៈ​នេះដែរ ធ្វើឡើង​ស្របពេល​ដែល​ពិភពលោក​កំពុង​អបអរ​ទិវា​សារមន្ទីរ​អន្ដរជាតិ ១៨ ឧសភា ដែល​ក្នុងនោះ​កម្ពុជា​ក៏​ប្រារព្ធ​ទិវា​នេះ​។ ទិវា​សារមន្ទីរ​អន្តរជាតិ​នៅ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​សារមន្ទីរ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ វិធីសាស្ត្រ​ថ្មី សាធារណជន​ថ្មី (Hyperconnected Museums New approaches, new publics)»​។​

​នេះ​ជា​លើក​ទី​២​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ភាគី​ចិន ទាក់ទង​នឹង​វិស័យ​សារមន្ទីរ​។​

​គួរ​បញ្ជាក់ថា សារមន្ទីរ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ចំនួន​៤ រួមមាន សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ សារមន្ទីរ​វាយ​ន​ភណ្ឌ​អាស៊ី សារមន្ទីរ​សព្វ​ទស្ស​អង្គរ និង​សារមន្ទីរ​កុលាលភាជន៍​ភូមិ​តានី​៕


© រក្សាសិទ្ធិដោយ thmeythmey.com