កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ជឿថា តេ​ក្វាន់​ដូ ITF នឹង​ឈ្នះ​មេដាយ​ច្រើន ប្រសិន​មានមុខ​នៅ​ស៊ី​ហ្គេម​
19, May 2018 , 8:59 am        
រូបភាព
ដោយ:
 ​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បានបង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា បើ​មាន​វត្តមាន​កីឡា​តេ​ក្វាន់​ដូ ITF ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ទង់ជាតិ​កម្ពុជា​អាច​ត្រូវបាន​បង្ហូត​ឡើង​ញឹកញាប់​។ ការអះអាង​បែបនេះ ក្រោយ​ក្រុម​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៩​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​១៣ ឧសភា ឆ្នាំ​២០១៨​។​



«​បើ​មាន​តេ​ក្វាន់​ដូ ITF ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខ្ញុំ​ជឿថា នឹង​មានការ​បង្ហូតទង់​ជាតិ​ញឹកញាប់ »​។ នេះ​ជាការ​អះអាង​របស់លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ក្នុង​ពិធី​ដែល​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ និង​ម្ចាស់​ជ័យលាភី​ជើងឯក​អាស៊ី​ពី​ម៉ុង​ហ្គោ​លី​។​
​កត្តា​ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​មាន​ជំនឿ​យ៉ាង​មុតមាំ​បែបនេះ ព្រោះ​តេ​ក្វាន់​ដូ ITF ធ្លាប់​រៀបចំ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លក្ខណៈ​មិត្តភាព​ម្តង​រួចមកហើយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ ដោយ​កាលនោះ អត្ត​ព​លិ​ក​កម្ពុជា​គ្រង​មេដាយមាស​ស្ទើរ​គ្រប់​វិញ្ញាសា​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រធាន​សហព័ន្ធ​រូបនេះ កាន់​តែមាន​ជំនឿ​ចិត្ត​នោះ គឺ​កាលពី​ថ្មីៗ ក្រុម​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​សាង​ភាព​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៨ ពី​ជើងឯក​អាស៊ី​នៅ​ម៉ុង​ហ្គោ​លី​។​


 
​តែ​យ៉ាងណា ថ្នាក់ដឹកនាំ​កីឡា​ទាំងពីរ​កម្ពុជា​រួមមាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មិនទាន់​សម្រេច​ដាក់​ប្រភេទ​កីឡា​មិន​អូឡាំពិក​មួយ​នេះ​ក្នុង​ប្រកួត​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​នៅឡើយ​ទេ​។ យ៉ាងណាមិញ លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អាស៊ាន​បាន​អះ​អា​ថា មាន​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​រួមមាន​ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ សិង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម​រួមទាំង​កម្ពុជា នឹង​ស្នើ​ដាក់​កីឡា​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នាពេល​ដ៏​ខ្លី​ខាងមុខ​។​
​ក្រៅពី​កាន់​តួនាទី​ជា​ប្រធាន​សហព័ន្ធ​នៅ​កម្ពុជា និង​អាស៊ាន កាលពីពេល​ថ្មីៗ លោក កែវ រ៉េមី ត្រូវបាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អាស៊ី​ជ្រើសតាំង​ជាស​មា​ជិត​ប្រតិបត្តិ​ថែមទៀត​ផង​៕ 
 
      
    

Tag:
 កែវ រ៉េមី​
  តេ​ក្វាន់​ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com