FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប្រធានាធិបតី​ប៉េ​រូ​ចេញមុខ​តវ៉ា ក្រោយ​កីឡាករ​ខ្លួន​រង​ការពិន័យ​១៤​ខែ​
18, May 2018 , 4:12 pm        
រូបភាព
លោក Martin Vizcarra ប្រធានាធិបតីប៉េរូ
លោក Martin Vizcarra ប្រធានាធិបតីប៉េរូ
​ប្រធានាធិបតី​ប៉េ​រូ​លោក Martin Vizcarra បាន​ចេញមុខ​ដោយផ្ទាល់​ដើម្បី​គាំទ្រ​ដល់​ការតវ៉ា​ឲ្យ​លុបចោល​ការហាមឃាត់​ឲ្យ​ប្រធាន​ក្រុម​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នៅ​រុស្ស៊ី​។ កីឡាករ Paolo Guerrero ត្រូវបាន​រកឃើញថា​បាន​ប្រើប្រាស​សារធាតុ​ហាមឃាត់​ដោយ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS)​។​



​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ដូច្នេះ​ថា Guerrero ត្រូវបាន​ហាមឃាត់​ក្នុង​សកម្មភាព​កីឡាបាល់ទាត់​រយៈពេល ១៤ ខែ កាលពី​ថ្ងៃទី​១៤ ខែឧសភា​ពី​ស្ថាប័ន CAS ក្រោយ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុក​សារធាតុ​កូកាអ៊ីន ដែល​នឹងធ្វើ​ឲ្យ​រូបគេ​ខកខាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​ក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ខែក្រោយ​នេះ​។​



​ប្រមុខរដ្ឋ​នៃ​ប្រទេស​ប៉េ​រូ​បានប្រកាស​កាលពី​ថ្ងៃទី​១៦ ខែឧសភា ថា​ខ្សែប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ នឹងដាក់​ពាក្យ​បណ្តឹងឧទ្ធរណ៍​ទៅកាន់​តុលាការ​សហព័ន្ធ​នៅ​ប្រទេស​ស្វី​ស​ដើម្បី​ប្រឆាំងនឹង​ការហាមឃាត់​នេះ​។​

​លោក Vizcarra បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ថា​កីឡាករ និង​មេធាវី​របស់លោក «​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​សហព័ន្ធ​ស្វី​ស​ដោយ​បញ្ជាក់ថា​សេចក្តីសម្រេច​របស់ CAS មិនបាន​គោរព​ការធានា​នៃ​ដំណើរការ​ត្រឹមត្រូវ​និង​ទាមទារ​ឲ្យ​មានការ​លុបចោល​វិញ​»​។​

​លោក​ប្រធានាធិបតី​រូបនេះ​បន្ថែមថា ស្ថានទូត​ប៉េ​រូ​ប្រចាំ​នៅ​​ស្វី​ស​ក៏​នឹង​គាំទ្រ​ដល់​គំនិត​ការពារ Guerrero នេះដែរ រហូតដល់​តុលាការ​សហព័ន្ធ​ស្វី​ស​បញ្ចប់​ការព្យួរ​នេះ​វិញ​។​
Guerrero ដែល​កំពុង​ប្រកប​អាជីព​ឲ្យ​ក្រុម Flamengo នៃ​ក្របខណ្ឌ​កំពូល​ប្រេ​ស៊ី​ល ស្ថិតក្នុង​បញ្ជី​សមាសភាព​កីឡាករ ២៥​នាក់​របស់​គ្រូបង្វឹក​ប៉េ​រូ​លោក Ricardo Gareca ទៅកាន់ World Cup លើក​ទី​២២​។​

​ក្រុម​ជម្រើសជាតិ​ប៉េ​រូ ស្ថិតក្នុង​ពូ​ល C ដែល​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​បារាំង អូស្ត្រាលី និង​ដា​ណឺ​ម៉ាក​។ ការប្រកួត​ដំបូង​របស់​ពួកគេ​នឹងត្រូវ​ជួប​ដា​ណឺ​ម៉ាក​នៅ​ថ្ងៃទី​១៦ ខែមិថុនា វេលា​ម៉ោង ១១​យប់ (​ម៉ោង​នៅ​កម្ពុជា​)៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Martin Vizcarra
  ប៉េ​រូ​
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com